37 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ក្នុង​ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង​ដែល​ប្រឆាំង​នឹង​សមាសភាព​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ​ប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា មាន​ហេតុផល​ជាច្រើន​ដែល​បង្ហាញ​ថា​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​នេះ ដូចជា​ការ​ព្យាយាម​លួងលោម​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច លោក ស ខេង អ្នកស្រី ម៉ែន សំអន និង​លោក ទៀ បាញ់ ពី​សំណាក់​លោក ហ៊ុន សែន ដោយ​ការ​តែងតាំង​អ្នក​ទាំងនោះ​ជា​អនុប្រធាន​គណបក្ស ជាដើម។

ជាង​នេះ​ទៀត សមាជ​វិសាមញ្ញ​របស់​បក្ស​កាន់​អំណាច​កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២២ បាន​បញ្ចូល​វត្តមាន​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ដែល​មិនមែន​ជា​សមាជិក​អចិន្ត្រៃយ៍ និង​មិនមែន​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​រាប់​រយ​នាក់ ដើម្បី​ជា​ការ​ដាក់​សម្ពាធ និង​ការពារ​ដល់​ការ​ជំទាស់​ពី​សមាជិក​ជាន់ខ្ពស់​នៃ​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​មិន​យល់ព្រម​លើ​របៀបវារៈ​ដែល​លោក ហ៊ុន សែន បាន​កំណត់​នោះ ដូចជា​ការ​គាំទ្រ​ឱ្យ​លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ការ​គាំទ្រ​លើ​ការ​កែប្រែ​មាត្រា​ទាំង​៨ នៃ​រដ្ឋធម្មនុញ្ញ និង​ការ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ជាដើម។

លោក គឹម សុខ អះអាង​ថា ការ​កែប្រែ​មាត្រា​៩៨ នៃ​រដ្ឋធម្មនុញ្ញ ដោយ​ការ​បង្កើន​ចំនួន​តំណាងរាស្ត្រ​ក្នុង​ការ​ដាក់​ញត្តិ​ស្ដីបន្ទោស​រដ្ឋាភិបាល​ពី ៣០​នាក់​ទៅ​ជា ៤២​នាក់​វិញ​នោះ ក៏​ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ដែរ​ថា ខ្លឹមសារ​ថ្មី​នៃ​មាត្រា​នេះ​មាន​ចេតនា​បង្ការ​នូវ​ការ​ជំទាស់​ពី​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​ខ្លួនឯង ជាជាង​បក្ស​ប្រឆាំង ព្រោះ​ថា​សំឡេង​បក្ស​ប្រឆាំង​សព្វថ្ងៃ​នេះ​មិន​អាច​មាន​ចំនួន​គ្រប់ ៣០​នាក់​ដើម្បី​ធ្វើ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នោះ​ទេ គឺ​មាន​តែ​បក្ស​កាន់​អំណាច​ខ្លួនឯង​ប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ពិត​ជា​គ្មាន​ខ្លឹមសារ​ណា​មួយ​បង្ហាញ​ពី​ការ​ការពារ​ផលប្រយោជន៍​ជាតិ​នោះ​ទេ ប៉ុន្តែ​គ្រប់​ចំណុច​នៃ​មាត្រា​ដែល​បាន​កែប្រែ​ទាំងអស់ គឺ​ដើម្បី​តែ​ធានា​នូវ​ការ​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​អាច​នឹង​មាន​ការ​ជំទាស់​ពី​ផ្ទៃក្នុង​នៃ​មន្ត្រី​បក្ស​កាន់​អំណាច​ខ្លួនឯង​ប៉ុណ្ណោះ។ ដូច្នេះ​នៅ​ពេល​នេះ គេ​អាច​និយាយ​បាន​ថា ត្រកូល «ហ៊ុន» បាន​ប្រើ​រដ្ឋធម្មនុញ្ញ​ធ្វើជា​ខែល​ការពារ​អំណាច​របស់​ខ្លួន​ទៅ​ហើយ មិនមែន​ប្រើ​រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​ជាតិ​កម្ពុជា​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ គឺជា​ចេតនា​ក្នុង​ន័យ​ផ្ចាញ់ផ្ចាល ដណ្តើម​កាន់កាប់​អំណាច និង​ការ​ការពារ​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ។ លោក​បារម្ភ​ថា ប្រសិនបើ​ទៅ​ថ្ងៃ​មុខ គណបក្ស​កាន់​អំណាច​យក​រដ្ឋធម្មនុញ្ញ​ទៅ​បម្រើ​មហិច្ឆតា​របស់​ខ្លួន​កាន់តែ​ខ្លាំង​ជាង​នេះ នោះ​វិនាសកម្ម​យ៉ាង​ធំធេង​នៃ​សុភមង្គល និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ ច្បាស់​ជា​នឹង​កើតឡើង​ជាមិនខាន ហើយ​អ្នក​ដែល​រង​ទុក្ខ​ពី​វិនាសកម្ម​នេះ គឺ​ពលរដ្ឋ​ខ្មែរ​ពេញ​មួយ​ប្រទេស។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ទៅ​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៨​មាត្រា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ពិនិត្យ និង​អនុម័ត​កាលពី​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស