29.3 C
Phnom Penh

លោក ហ៊ុន សែន ផ្តល់​ថវិកា​៣៦​ម៉ឺន​ដុល្លារ​ទៅ​លោក ហ៊ុយ វណ្ណៈ ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​បន្ត​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៣៦​ម៉ឺន​ដុល្លារ​រយៈពេល ៣​ឆ្នាំ​ទៅ​ដល់​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។

ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ហ៊ុយ វណ្ណៈ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ការ​សម្រេច​ផ្តល់​ថវិកា​ដ៏​ច្រើន​លើសលប់​នេះ​បាន​បញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​គ្រប់​ទិដ្ឋភាព និង​គ្រប់​ជ្រុងជ្រោយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​ការ​លើក​កម្ពស់​គុណភាព​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ការ​លើក​កម្ពស់​គុណតម្លៃ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។

លោក ហ៊ុយ វណ្ណៈ បញ្ជាក់​ថា លោក ហ៊ុន សែន បាន​គាំទ្រ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​តាំងពី​ពេល​ស្ថាប័ន​នេះ​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ភាព​រឹងមាំ និង​មាន​លទ្ធភាព​ជួយ​ឲ្យ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​គ្មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ គឺ​មាន​តែ​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​អាក្រក់​ទៅៗ ក្នុង​នោះ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​កំពុង​ជួប​ប្រទះ​នោះ គឺ​ការ​ភ័យខ្លាច​ចំពោះ​បញ្ហា​ផ្លូវច្បាប់​ដែល​នៅតែ​បន្ត​កើត​មាន​លើ​ពួកគេ​ក្នុង​ពេល​ដែល​ចុះ​បំពេញ​ការងារ​សព្វថ្ងៃ​នេះ។

របាយការណ៍​ដដែល​លើកឡើង​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​តែងតែ​មាន​ការ​បំភិតបំភ័យ និង​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ជាប់​ជានិច្ច ដូចជា​ការ​ហាមឃាត់​អ្នកកាសែត​មិន​ឲ្យ​ថត​សកម្មភាព​ដែល​អាជ្ញាធរ​បាន​រារាំង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ ជាង​នេះ​ទៀត ក៏​មាន​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​ស៊ើប​អង្កេត​លើ​ករណី​ស៊ើប ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បញ្ជាក់​ថា ចាប់តាំងពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ​២០២២ នេះ ខ្លួន​បាន​កត់ត្រា​ករណី​បៀតបៀន​អ្នក​សារព័ត៌មាន​បាន​ចំនួន ១១​ករណី​ហើយ ក្នុង​នោះ​អ្នកកាសែត ៥​នាក់​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ដែល​កំពុង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ចំណែក ៦​នាក់​ផ្សេង​ទៀត​កំពុង​រង​ការ​យាយី​ដោយ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​កម្ពុជា​ជាប់​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។

ជុំវិញ​បញ្ហា​នេះ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ធ្លាប់​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​ស្ថានីយ បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម។

ជាក់ស្តែង កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដែល​ជា​ស្ថាប័ន​ឃោសនា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រហូត​មក ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​លោក ហ៊ុន សែន ផ្តល់​ថវិកា​រហូត​មក​នេះ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ស្ថាប័ន​បម្រើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស