ប្រធានរដ្ឋសភា លោក ហេង សំរិន ជំរុញឱ្យមន្ត្រីគណបក្សកាន់អំណាចទាំងអស់ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានដាច់ខាតដោយគ្មានករណីលើកលែងឡើយ ចំពោះការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម។
លោក ហេង សំរិន បានព្រមាននៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅទីស្នាក់ការគណបក្សកាន់អំណាចក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ថា ត្រូវការពារឱ្យមាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីបង្ហាញពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជាផងដែរ។
លោក ហេង សំរិន អំពាវនាវឱ្យមន្ត្រីបក្សកាន់អំណាចគ្រប់ជាន់ថ្នាក់របស់ខ្លួន ជំរុញការអភិវឌ្ឍគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានឆាប់រហ័ស និងរក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ឈ្វេងយល់ពីទុក្ខលំបាករបស់ពួកគេ និងខិតខំដោះស្រាយសំណូមពររបស់ពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។
អតីតនាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៥ កក្កដា នេះថា បើមេដឹកនាំគណបក្សនយោបាយនៅកម្ពុជានៅតែបន្តប្រើសារនយោបាយ ដូចជាការប្រើពាក្យទប់ស្កាត់ចលនាបះបោរ ជាដើម នោះកម្ពុជា និងពលរដ្ឋខ្មែរគ្មានថ្ងៃស្គាល់ពីសន្តិភាពពិតប្រាកដនោះទេ ពោលគឺគ្រាន់តែបានឮត្រឹមទ្រឹស្ដីសន្តិភាពដែលមេដឹកនាំនយោបាយធំៗមួយចំនួននាំគ្នាសូត្រឱ្យរត់មាត់ប៉ុណ្ណោះ។
លោក សេក សុជាតិ លើកឡើងថា ការបញ្ចេញសារនយោបាយរបស់មេដឹកនាំខ្មែរដោយចោទជាតិសាសន៍ខ្លួនឯង ឬក្រុមអ្នកប្រឆាំងថាជាក្រុមចលនាជ្រុលនិយម ជាដើម គឺជាគំនិតផ្ដួចផ្ដើមមួយដែលនាំទៅរកការបែងចែកវណ្ណៈនយោបាយ ដែលជាហានិភ័យ និងជាគ្រោះថ្នាក់នៃការបែកបាក់សាមគ្គីជាតិដ៏ធំធេងទៅថ្ងៃមុខ។
អតីតនាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះអះអាងថា បើពិនិត្យទៅលើសកម្មភាពរបស់មេដឹកនាំគណបក្សនយោបាយភាគច្រើន គឺមិនបានការពារ ឬលើកតម្កើងនីតិរដ្ឋរបស់ប្រទេសជាតិប៉ុន្មាននោះទេ ហើយសមាជិកថ្នាក់ក្រោមនៃគណបក្សទាំងនោះមិនត្រូវបានគេផ្តល់សិទ្ធិសម្រេចទៅលើជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួននោះដែរ ព្រោះថាមេដឹកនាំគណបក្សទាំងនោះបានចាត់ទុកពួកគេត្រឹមតែជាអ្នកដើរតាម និងហែហមគណបក្សតែប៉ុណ្ណោះ។
លោក សេក សុជាតិ បញ្ជាក់ថា ដើម្បីបញ្ចៀសនូវការបែកបាក់សាមគ្គីជាតិនៅកម្ពុជា និងបញ្ចប់នូវការបែងចែកវណ្ណៈនយោបាយនៅក្នុងសង្គម គ្រប់ភាគីពាក់ព័ន្ធទាំងអស់គួររៀបចំក្រមនីតិប្រតិបត្តិនយោបាយ ដោយបញ្ឈប់ការយកជាតិឯងជាសត្រូវ និងលះបង់ចោលនូវគំនិតបំផ្លាញអ្នកដទៃដើម្បីតែអំណាច ដោយប្តូរមកវិញនូវការតម្កល់ផលប្រយោជន៍ជាតិជាធំ នោះទើបសង្គមខ្មែរទទួលបាននូវសុខសន្តិភាព សុភមង្គល និងរក្សាបាននូវនីតិរដ្ឋពិតប្រាកដ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់បុរសខ្លាំងដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន គឺមានតែការតាមកម្ទេច ការសម្លាប់ និងការចាប់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់បានអះអាងក្នុងពិធីជួបជុំសមាជិករបស់ខ្លួននៅមជ្ឈមណ្ឌលកោះពេជ្រថា លោកពិតជាមានការស្តាយណាស់ដែលលោកមិនបានសម្លាប់មេដឹកនាំនយោបាយក្រុមប្រឆាំង ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ពួកគេដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្តាច់ព្រ័ត្ររំលំរដ្ឋាភិបាលរបស់លោក៕