28 C
Phnom Penh

ពិភពលោក​ថ្កោលទោស​របប​សឹក​ភូមា ប៉ុន្តែ​ចិន​មិនទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​រឿង​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណឹង​នៃ​ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​របប​សឹក នាំ​ឱ្យ​ពិភពលោក​ប្រតិកម្ម និង​ថ្កោលទោស​ពួក​យោធា​ដោយ​ហៅថា​ជា​អំពើ​ឃោរឃៅ​បំផុត និង​ជា​ការ​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ភូមា គេ​អាច​រាប់​ពី​ប្រទេស​នៃ​សមាគម​អាស៊ាន ដែល​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​នេះ​ធ្វើឡើង​ដោយ​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា​នៅ​ឆ្នាំ​២០២២ ជា​ប្រធាន​អាស៊ាន។

គេ​អាច​រាប់​បញ្ជូន​ថែម​ទៀត​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន ដូចជា​ប្រទេស​កាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េ​ខាងត្បូង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។

ចំណែក​សហភាព​អឺរ៉ុប​ដែល​ជា​សហគមន៍​មួយ​ដ៏​ធំ​មាន ២៧​ប្រទេស ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ជា​ខ្លាំង​ផង​ដែរ។ ក្រៅ​ពី​នេះ​មាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន រួម​មាន​អង្គការ Human Rights Watch អង្គការ Amnesty International អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស រួម​នឹង​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី Michelle Bachelet ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ទាំងអស់​នេះ​បាន​ហៅ​ការ​កាត់ទោស​ប្រហារ​ជីវិត​ទៅ​លើ​ក្រុម​ប្រឆាំង ៤​នាក់​នៃ​របប​សឹក​ភូមា គឺ​មាន​លោក Kyaw Min Yu ហៅ Ko Jimmy មេដឹកនាំ​ប្រឆាំង​របប​កាលពី​ឆ្នាំ​១៩៨៨ និង​អតីត​សមាជិក​សភា Phyo Zeya សកម្មជន Hla Myo Aung និង​សកម្មជន Aung Thura Zaw ថា​នឹង​ធ្វើ​ឱ្យ​ពិភពលោក​មិន​មាន​ការ​អត់ឱន​ចំពោះ​របប​សឹក​ឡើយ។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា របប​សឹក​ភូមា ត្រឹមតែ​មិន​បាន​អនុវត្ត​នូវ​គោលការណ៍ ៥​ចំណុច​របស់​សមាគម​អាស៊ាន​នោះ​ទេ គឺ​បែរ​ជា​របប​សឹក​នេះ​កាន់តែ​រំលោភ​ធ្ងន់ធ្ងរ​ថែម​ទៀត​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​នេះ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខសោក និង​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ជនរងគ្រោះ​ទាំង ៤​រូប​នេះ។

ចំណែក​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញូ ហ្គូនតារ៉េស បាន​បញ្ជូន​សារ​ថ្កោលទោស​ទៅ​របប​សឹក​ភូមា ហើយ​ក៏​បាន​បញ្ជូន​សារ​រំលែក​ទុក្ខ​ជូន​ទៅ​គ្រួសារ​របស់​ជនរងគ្រោះ​ផង​ដែរ។ លោក​បាន​សម្ដែង​ការ​ប្រឆាំង​នឹង​ករណី​ប្រហារ​ជីវិត​ដូចនេះ ដែល​លោក​ថា​គេ​មិន​អាច​ហៅ​ក្រុម​អ្នក​តស៊ូ​ដើម្បី​សេរីភាព​ជា​ក្រុម​ភេរវករ​បាន​ទេ។ លោក​បាន​រំឭក​ឱ្យ​របប​សឹក​ដោះលែង​ជាបន្ទាន់​នូវ​អ្នក​ជាប់​ឃុំ​ដែល​ប្រឆាំង​របប​ផ្ដាច់ការ និង​អ្នកទោស​នយោបាយ​ដែល​ក្នុង​នោះ​រួម​មាន​ក្រុមប្រឹក្សា​រដ្ឋ អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី វិន មីយីន។

ជាមួយ​គ្នា​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​ប្រទេស​ចិន ចូលរួម​ថ្កោលទោស​របប​សឹក​ភូមា​នៅឡើយ​នោះ​ទេ។ ចិន​ជា​ប្រទេស​ជិតខាង​មួយ​ដែល​ជាប់​នឹង​ប្រទេស​ភូមា។ តែ​ប្រទេស​នេះ​ត្រូវ​គេ​ចោទ​ថា​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​របប​សឹក ដោយ​ជួយ​ផ្គត់ផ្គង់ និង​លក់​អាវុធ​ទៅ​ឱ្យ​ពួក​យោធា​ផង​ដែរ។

នៅ​ថ្ងៃទី​២៦ កក្កដា នេះ សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​សុំ​ឱ្យ​ប្រទេស​ចិន ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ គាប​សង្កត់​ទៅ​លើ​របប​សឹក ហើយ​ជួយ​បញ្ចប់​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ។

សេចក្ដី​ថ្លែងការណ៍​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា ចិន​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ជា​ខ្លាំង​ទៅ​លើ​ប្រទេស​ភូមា ជាពិសេស​គឺ​របប​សឹក ប៉ុន្តែ​ចិន​ដែល​ថា​ខ្លួន​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ភូមា ដោយ​ចាត់ទុក​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​នោះ។ តែ​ចិន​នៅតែ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​របប​សឹក​ភូមា ឱ្យ​មាន​លទ្ធភាព​នៃ​ការ​បន្ត​ពង្រឹង​អំណាច បើ​ទោះជា​ដឹង​ថា​ការ​ដឹកនាំ​របស់​មេដឹកនាំ​ប្រទេស​នេះ​ឡើង​កាន់​អំណាច​ដោយ​ខុសច្បាប់​ក៏ដោយ។

ជាមួយ​គ្នា​នេះ អ្នក​នាំពាក្យ Ned Price ក៏​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ដទៃ​ទៀត​ឱ្យ​ចូលរួម​ថ្កោលទោស​ពួក​យោធា​ភូមា។ ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​បណ្ដា​ប្រទេស​ទាំងអស់ កុំ​លក់​អាវុធ ឬ​បរិក្ខារ​យោធា​ទៅ​ឱ្យ​របប​យោធា​ភូមា ហើយ​ជួយ​បញ្ចៀស​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ខុស​អំពី​របប​សឹក​នេះ​ថា​តំណាង​ឱ្យ​ប្រជាជន​ភូមា។

អ្នក​នាំពាក្យ Ned Price បាន​ឱ្យ​ដឹង​ទៀត​ថា រដ្ឋការ​របស់​លោក ចូ បៃដិន កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ឧស្ម័ន​នៃ​របប​សឹក។ លោក​បញ្ជាក់​ថា វិធានការ​ទាំងនោះ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា ហើយ​ជម្រើស​ទាំងអស់​ត្រៀម​នៅ​លើ​តុ​រួច​ជា​ស្រេច។

តែ​នៅ​ពេល​ជិត​បិទ​បញ្ចប់​សន្និសីទ​សារព័ត៌មាន លោក​ថា​សព្វថ្ងៃ​នេះ​ពុំ​មាន​ប្រទេស​ណា​ផ្សេង​ទៀត​ដែល​អាច​ដាក់​សម្ពាធ​លើ​ភូមា​បាន​ធ្ងន់ធ្ងរ ក្រៅតែ​ពី​ចិន​នោះ​ទេ។ តែ​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ប្រាប់​ទៅ​សមាគម​អាស៊ាន​កុំ​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់ ទោះ​ជា​កម្រិត​ណា​ក៏ដោយ។

តែ​បែប​នេះ​ក្ដី អ្នក​នាំពាក្យ​របប​សឹក​យោធា លោក Zaw Min Tun បាន​និយាយ​ថា ការ​ប្រហារ​ជីវិត​មនុស្ស ៤​រូប​នេះ មិនមែន​ជា​រឿង​គំនុំ​សងសឹក​អ្វី​នោះ​ទេ តែ​បាន​ធ្វើ​ឡើង​ក្រោម​ច្បាប់​របស់​ប្រទេស ព្រោះ​ក្រុម​នេះ​ជា​មេ​ភេរវកម្ម។ លោក​បញ្ជាក់​ថា មនុស្ស​ទាំង ៤​នាក់​នោះ​ក៏​ទទួល​បាន​ឱកាស​ដើម្បី​ការពារ​ក្តី​ផង​ដែរ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​យោធា​ក៏​បាន​ដឹង​រួច​ទៅ​ហើយ​ថា ការ​កាត់ទោស​ប្រហារ​ជីវិត​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​នៅ​ក្នុង​ប្រទេស​ភូមា នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​អន្តរជាតិ គឺ​ចៀស​ពុំ​រួច​នោះ​ទេ។ តែ​លោក​អះអាង​ថា ការ​កាត់ទោស​ពួកគាត់ គឺ​អនុលោម​តាម​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម ព្រោះ​ពួកគាត់​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សម្លាប់​ជនស៊ីវិល​៥០ ដោយ​រួម​ទាំង​កម្លាំង​សន្តិសុខ​របស់​ជាតិ​ទៀត​ផង។

ករណី​ប្រហារ​ជីវិត​អ្នក​នយោបាយ ៤​រូប​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ កក្កដា ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថ្កោលទោស ហើយ​ចាត់ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រព្រឹត្ត​ដោយ​របប​សឹក​ភូមា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស