31 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដោះស្រាយ​សំណុំរឿង​លោក កឹម សុខា តាម​ផ្លូវ​នយោបាយ​ជំនួស​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​សវនាការ​លើក​ទី​៥០ របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​២៧ កក្កដា នេះ ជំរុញ​ឱ្យ​អ្នក​នយោបាយ​ដោះស្រាយ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា តាម​ផ្លូវ​នយោបាយ ជាជាង​យក​មក​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​ដែល​នឹង​បន្ត​អូស​បន្លាយ​ពេលវេលា​កាន់តែ​យូរ។

មន្ត្រី​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នេះ គឺ​មាន​ភាព​តានតឹង​ខ្លាំង​ចាប់តាំងពី​ចាប់ផ្តើម​សំណួរ​របស់​តំណាង​អយ្យការ​ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រង់​ចំណុច​ទីតាំង​ស្ទឹងមានជ័យ កាលពី​ឆ្នាំ​២០១៣ កន្លងទៅ ប៉ុន្តែ​លោក កឹម សុខ បាន​បដិសេធ​នូវ​ការ​លើកឡើង​នូវ​សំណួរ​នោះ​ទាំងអស់ ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រូបលោក​នោះ​ឡើយ។

លោក យី សុខសាន្ត ជំរុញ​ឱ្យ​អ្នក​នយោបាយ​ដោះស្រាយ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា តាម​ផ្លូវ​នយោបាយ ជាជាង​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​ដែល​នឹង​បន្ត​អូស​បន្លាយ​ពេលវេលា​កាន់តែ​យូរ​ទៅ​មុខ​ទៀត ព្រោះ​ថា​សវនាការ​ដែល​បាន​ដំណើរការ​រហូត​មក​ដល់​លើក​ទី​៥០ នេះ នៅតែ​គ្មាន​ភាព​ជឿនលឿន​ដូច​មុន​ដដែល។

មន្ត្រី​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំងអស់ គួរតែ​បញ្ចប់​បញ្ហា​របស់​ខ្លួន​ក្នុង​ការ​យក​ឈ្នះ​យក​ចាញ់​គ្នា និង​ងាក​មក​រក​ការ​ចរចា ដើម្បី​រក​ការ​ផ្សះផ្សា​មួយ​ដែល​នឹង​ចេញ​ជា​ផលប្រយោជន៍​សម្រាប់​ជាតិ​ជំនួស​វិញ ព្រោះ​ថា​ជម្លោះ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​នៅ​ពេលនេះ នាំ​ឲ្យ​តែ​ខាត​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ។ ជាក់ស្តែង នៅ​ពេលនេះ សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឱ្យ​មាន​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ជាដើម។

នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើ​អង្គហេតុ​ប្រទូសរ៉ាយ ក្នុង​នោះ​ព្រះរាជអាជ្ញា​បាន​លើក​យក​វីដេអូ​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ ដែល​បាន​ធ្វើឡើង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ត្រង់​ចំណុច​ទីតាំង​ស្ទឹងមានជ័យ ប៉ុន្តែ​ត្រូវ​លោក កឹម សុខា បដិសេធ​ថា​បាតុកម្ម​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រូបលោក​នោះ​ទេ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ កក្កដា នេះ​ថា ការ​លើក​យក​វីដេអូ​ចាស់ៗ ហើយ​បង្កើត​ជា​សំណួរ​មក​ចោទ​សួរ​លោក កឹម សុខា ក្នុង​សវនាការ​នៅ​ព្រឹក​នេះ គ្រាន់តែ​ជា​ការ​ពន្យារ​ពេល និង​អូស​បន្លាយ​សំណុំរឿង​នេះ​តែប៉ុណ្ណោះ ហើយ​ក៏​ជា​ចេតនា​ពិតប្រាកដ​របស់​តុលាការ​កម្ពុជា​លើ​សំណុំរឿង​នេះ។

លោក ហ៊ុន កុសល បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ទីតាំង​ស្ទឹងមានជ័យ កាលពី​ឆ្នាំ​២០១៣ មិន​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នោះ​ឡើយ ព្រោះ​ថា​បាតុកម្ម​នៅ​ពេលនោះ​គឺ​ធ្វើឡើង​ដោយ​កម្មករ​និយោជិត​ដែល​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ជួយ​ដំឡើង​ប្រាក់ខែ​ឱ្យ​ពួកគេ​តែប៉ុណ្ណោះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិន​ទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​រដ្ឋ​បរទេស​ដែល​តុលាការ​បាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា នោះ ក៏​តុលាការ​មិន​បាន​បញ្ជាក់​ថា​ជា​រដ្ឋ​បរទេស​មួយ​ណា​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស