30.4 C
Phnom Penh

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទាំងស្រុង​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដោយ​សំឡេង​១០៥​លើ​១០៦

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា ដោយ​សំឡេង ១០៥​លើ​១០៦ តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន មិន​ជាប់​គាំង និង​ធានា​ស្ថិរភាព​នយោបាយ។

ការ​សម្រេច​អនុម័ត​លើ​សេចក្ដី​ព្រាង​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នេះ បាន​ធ្វើ​ឡើង​ក្នុង​អង្គប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​សំឡេង ១០៥​លើ​១០៦។ ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ចំនួន ១០៦​នាក់ ក្នុង​នោះ​ចំនួន ១០៥ បាន​គាំទ្រ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ ខណៈ​សមាជិក​ម្នាក់​ទៀត​អវត្តមាន។

កិច្ចប្រជុំ​ពេញ​អង្គ​អនុម័ត​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ទាំង ៨​មាត្រា ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​មេដឹកនាំ​គណបក្ស​កំពូលៗ​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ជា​អនុប្រធាន​ដែរ។

មាត្រា​ទាំង​៨ នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដែល​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ឲ្យ​កែ​នោះ មាន​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨ មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ បាន​ឡើង​ការពារ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ក្នុង​រដ្ឋសភា​ថា ការ​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​លើក​នេះ​ធ្វើឡើង​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ដើម្បី​ឲ្យ​ស្ថាប័ន​កំពូល​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន មិន​ជាប់​គាំង និង​ធានា​ស្ថិរភាព​នយោបាយ និង​ការពារ​ប្រយោជន៍​ជាតិ។

លោក កើត រិទ្ធ ក៏​បាន​ច្រានចោល​ក្ដី​កង្វល់​របស់​គណបក្ស​ចំនួន​៤ ដែល​បាន​ដាក់​ញត្តិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ស្នើ​ពិចារណា​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ ដោយ​គិត​ថា​ជា​ការ​បំភ្លៃ​ការពិត ដើម្បី​បាន​ត​ថ្លៃ​នយោបាយ​ជា​ប្រយោជន៍​ដែល​ពួកគេ​ចង់​បាន​តែប៉ុណ្ណោះ។ ម្យ៉ាង​ទៀត គណបក្ស​នយោបាយ​ទាំង​៤ មើល​ឃើញ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ បាន​កាត់បន្ថយ​អំណាច​សភា និង​រារាំង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ដើម។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា APHR កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ពួកគេ​ចាត់ទុក​ថា​វា​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បាន​លើកឡើង​ថា រដ្ឋាភិបាល​អះអាង​ថា ចេតនា​នៃ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​រដ្ឋាភិបាល​មួយ​ដែល​ដំណើរការ​ទៅ​ដោយ​រលូន ប៉ុន្តែ​ក្នុង​ចំណុច​នៃ​ការ​ស្នើ​នេះ​ភាគច្រើន គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​តែ​ពង្រឹង​អំណាច​របស់​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក​តែប៉ុណ្ណោះ តាមរយៈ​ការ​ផ្ដល់​អំណាច​បន្ថែម​ដល់​អង្គ​នីតិប្រតិបត្តិ​ដែល​នាំ​ឱ្យ​ខូចខាត​ដល់​អង្គ​នីតិប្បញ្ញត្តិ។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៩៨​ថ្មី(មួយ) ចែង​ថា រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​ឆ្នោត​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ ក្នុង​ករណី​រាជរដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​ពី​មុខតំណែង​ដោយ​រដ្ឋសភា រាជរដ្ឋាភិបាល​ដែល​ត្រូវ​ចេញពី​មុខតំណែង​នេះ​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ រហូត​ដល់​មាន​រាជរដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង។

ចំណែក​ក្នុង​វាក្យខណ្ឌ​ទី​២ នៃ​មាត្រា​៩៨ ដដែល​ថា ញត្តិ​បន្ទោស​រដ្ឋាភិបាល​ត្រូវ​បាន​លើកឡើង​ជូន​រដ្ឋសភា​ដោយ​តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​បី ឬ​ស្មើ​នឹង ៤២​រូប​នៃ​ចំនួន​សមាជិក​សភា​ចំនួន ១២៥​រូប អាច​លើក​យក​មក​ពិភាក្សា​បាន ខណៈ​មាត្រា​៩៨​ចាស់ បាន​កំណត់​ថា ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ត្រូវ​បាន​លើកឡើង​ជូន​រដ្ឋសភា​ដោយ​តំណាងរាស្ត្រ​ចំនួន ៣០​នាក់​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស