ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញពីភាពជាប់គាំងក្នុងការរកដំណោះស្រាយចំពោះវិវាទការងាររវាងកម្មករនិយោជិតជាមួយនឹងថៅកែនៃក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ បន្ទាប់ពីភាគីទាំងសងខាងបានជួបចរចាគ្នានៅជុំទី១៦ កាលពីថ្ងៃពុធ កន្លងមកនេះនៅតែគ្មានដំណោះស្រាយទៅមុខ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថា តំណាងភាគីកម្មករនិយោជិតបានធ្វើសំណូមពរទៅកាន់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ ឱ្យចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់ ដោយគ្រាន់តែក្រុមហ៊ុនផ្តល់ការងារឲ្យពួកគេក្នុងខែទីមួយ ៥០ភាគរយ និងខែទីពីរ ៧០ភាគរយ និងទទួលបានការងារពេញម៉ោងឡើងវិញនៅខែបន្ទាប់។ ជាងនេះទៀត តំណាងកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់កន្លងមក។ ពួកគេក៏បានស្នើសុំបើកការិយាល័យសហជីពឡើងវិញថែមទៀត។
លើសពីនេះ តំណាងកម្មករនិយោជិតក៏បានស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្ម តាមរយៈនៃការផ្អាកវិភាគទាន ប.ស.ស ដោយការមិនផ្តល់អត្ថប្រយោជន៍សម្រាប់ស្ត្រីសម្រាកលំហែមាតុភាពផងដែរ ព្រោះថាមិនមានច្បាប់ ប.ស.ស ណាមួយបានចែងពីការផ្អាកវិភាគទាន ប.ស.ស ដល់កម្មករដែលធ្វើកូដកម្មនោះឡើយ។
ក្រសួងការងារបន្តថា តំណាងកម្មករនិយោជិតក៏បានស្នើឱ្យខ្លួនផ្តល់លិខិតរបស់អធិការការងារស្ដីពីការឯកភាពលើការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិតទាំង ១៣២៩នាក់ ដែលមានទាំងថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីពនាពេលកន្លងមកផងដែរ។
ក្រសួងការងារកម្ពុជា អះអាងថា ខាងភាគីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បានច្រានចោលទាំងស្រុងនូវសំណើទាំងអស់របស់តំណាងភាគីកម្មករនិយោជិត ក្នុងនោះភាគីក្រុមហ៊ុនជំរុញឱ្យកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ដែលនៅសល់ ទៅទទួលយកការសម្របសម្រួលពីក្រសួងការងារដើម្បីបញ្ចប់វិវាទនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៨ កក្កដា នេះថា ដើម្បីដោះស្រាយបញ្ចប់វិវាទនេះ ខាងកម្មករនិយោជិតបានសម្បទានច្រើនណាស់ ដូចជាការសុខចិត្តឈប់ពីការងារជំនួសកម្មករនិយោជិតដែលត្រូវក្រុមហ៊ុនបានបញ្ឈប់ ជាដើម ដើម្បីឱ្យតែថ្នាក់ដឹកនាំសហជីពរបស់ពួកគេអាចបន្តការងារ ដើម្បីជួយការពារពីការរំលោភសិទ្ធិការងារក្នុងក្រុមហ៊ុននេះបន្តទៀត ប៉ុន្តែភាគីខាងក្រុមហ៊ុនបានបដិសេធរហូតមក។
លោក មឿន តុលា ត្អូញត្អែរថា តាមរយៈនៃការកត់សម្គាល់របស់លោកគ្រប់ដំណាក់កាលនៃការប្រជុំដោះស្រាយវិវាទនេះ លោកមើលមិនឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរតួពេញលេញក្នុងនាមខ្លួនជាតួអង្គដែលមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទ និងរកយុត្តិធម៌ជូនជនរងគ្រោះនោះទេ។ លោកលើកឡើងថា ការមិនដោះស្រាយវិវាទនេះពីសំណាក់ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធកន្លងមក ទំនងជានៅពីក្រោយខ្នងនៃជម្លោះនេះមានអ្នកមានអំណាចជាន់ខ្ពស់ដែលជាជំហរដ៏រឹងមាំឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ដូចដែលគេបានចោទប្រកាន់មែនហើយ ទើបរាល់ការតវ៉ារបស់កម្មករនិយោជិតម្តងៗតែងតែរងនូវការបង្ក្រាបរហូត ទាំងដែលកម្មករត្រូវបានគេរំលោភសិទ្ធិការងារទៅហើយនោះ។
មាត្រា៣៤ នៃច្បាប់ស្ដីពីការងារ បានចែងថា អធិការកិច្ចការងារត្រូវមានបេសកកម្មធានាដល់ការអនុវត្តច្បាប់ការងារ និងត្រួតពិនិត្យការអនុវត្តបទបញ្ញត្តិដែលទាក់ទងនឹងលក្ខខណ្ឌជីវភាពនៃកម្មករនិយោជិត និងគ្រួសារនៃជនទាំងនោះ៕