32 C
Phnom Penh

តុលាការ​កំពូល​តម្កល់​សំណុំរឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ទុក​ជា​បាន​ការ​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» លើ​យុវជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទុក​ជា​បាន​ការ​ដដែល។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា ថា តុលាការ​កំពូល​បាន​ប្រកាស​រក្សា​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល នោះ​គឺ​មាន​ន័យ​ថា លោក​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស​ដោយ​ព្យួរ​ទោស​ចំនួន ៦​ខែ​ដែល​នៅ​សល់​នា​ពេល​កន្លងមក។

លោក ថុន រដ្ឋា អះអាង​ថា ក្នុង​ការ​សម្រេច​នេះ កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សាលា​ឧទ្ធរណ៍​រក្សា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ​ដដែល ប៉ុន្តែ​តុលាការ​បាន​ព្យួរ​ទោស​ចំនួន ៤​ខែ​ដែល​នៅ​សល់ ក្នុង​នោះ​តុលាការ​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ខ្លះៗ​ផង​ដែរ គឺ​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​នឹង​បុគ្គល​ដែល​ធ្លាប់​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទល្មើស​ដូច​គ្នា​នេះ​រហូត​មក។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ពួកគេ​ទាំង ៣​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នេះ​ម្តង​ទៀត នោះ​គឺ​មាន​ន័យ​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​នៃ​ការ​ព្យួរ​ទោស​សាកល្បង ពួកគេ​នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពេញ​ឡើងវិញ​បន្ថែម​ពី​លើ​ទោស​ដែល​ខ្លួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ញុះញង់​ថ្មី» នេះ​បន្ថែម​ទៀត។

កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​យក​ទៅ​ឃុំ​ទុក​ក្នុង​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួកគេ​បាន​ស្នើសុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​បន្ត​ទៀត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ដែរ​ថា លោក​ពិត​ជា​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​នៅតែ​ចោទប្រកាន់​សកម្មជន​បរិស្ថាន​ពី​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​របស់​ពួកគេ​កន្លងមក ព្រោះ​ថា​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ គឺ​តុលាការ​នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ពួកគេ ដើម្បី​បើក​សិទ្ធិ​សេរីភាព​ពេញលេញ​ឱ្យ​ពួកគេ​ទាំងនោះ​អាច​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​ឡើងវិញ​ស្រប​តាម​ច្បាប់​បន្ត​ទៀត។

លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ចំពោះ​ករណី​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ថាវរៈ ដែល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ ទី​២៩ កក្កដា នេះ​ដែរ លោក​សូម​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ពួកគេ​ទាំងអស់ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម​ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​នេះ។

ដោយឡែក​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ដដែល សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ក៏​បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​សិទ្ធិមនុស្ស ៦​នាក់​ផ្សេង​ទៀត​មាន​លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី លោក កើត សារ៉ាយ លោក មួង សុភ័ក្ត្រ លោក ថា ឡាវី និង​កញ្ញា អេង ម៉ាឡៃ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួកគេ​បាន​ប្តឹង​ជំទាស់​ទៅ​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លងទៅ។

សេចក្តី​រាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស