35 C
Phnom Penh

បក្ស​នយោបាយ​មួយ​ចំនួន​គាំទ្រ​ការ​កែ​រដ្ឋធម្មនុញ្ញ ខណៈ​អង្គការ​ជាតិ​និង​អន្តរជាតិ​សម្ដែង​ក្ដី​បារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រកាស​គាំទ្រ​រដ្ឋសភា ដែល​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ទាំង ៨​មាត្រា ដោយ​អះអាង​ថា​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោលការណ៍​របប​សភា​និយម ខណៈ​អង្គការ​ជាតិ និង​អន្តរជាតិ​ថា​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្រកាស​គាំទ្រ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ក្រោយពី​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ ៨​មាត្រា កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា។

គណបក្ស​ទាំងនោះ​មាន៖

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជា​ប្រធាន
  • គណបក្ស​ខ្មែរ​តែ​មួយ ដែល​មាន​លោក គុជ លី ជា​ប្រធាន
  • គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ
  • និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ផង​ដែរ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​ឱ្យ​ដឹង​ថា គណបក្ស​របស់​លោក​គាំទ្រ​ចំពោះ​ការ​សម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​កែ​រដ្ឋធម្មនុញ្ញ ក្រោម​ហេតុផល​ថា ជា​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ស្រប​ទៅ​តាម​គោលការណ៍​របប​សភា​និយម។

ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​គាំទ្រ​ចំពោះ​ការ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ដែរ។ គណបក្ស​នេះ​បាន​ចាត់ទុក​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ថា​ជា​ការ​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ធានា​ដល់​ស្ថាប័ន​កំពូល​របស់​ជាតិ​ឲ្យ​ដំណើរ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៅ​គ្រប់​កាលៈទេសៈ ការពារ និង​ថែរក្សា​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ជាដើម។

ដោយឡែក​គណបក្ស​ខ្មែរ​តែ​មួយ គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​យុវជន​កម្ពុជា ក៏​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​ស្នើ​ដោយ​លោក ហ៊ុន សែន នេះ​ដែរ។

ការ​ប្រកាស​គាំទ្រ​របស់​គណបក្ស​នយោបាយ​ទាំងនោះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ដោយ​សំឡេង ១០៥ លើ ១០៦​សំឡេង។

យ៉ាងណាក៏ដោយ ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ត្រូវ​បាន​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​សម្ដែង​ក្ដី​បារម្ភ ដោយ​ថា​ការ​កែ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ក្នុង​ប្រព័ន្ធ​សភា​និយម​ពេល​បង្កើត​រដ្ឋាភិបាល​ថ្មី និង​បំបិទ​សំឡេង​ភាគតិច​ក្នុង​សភា​ពាក់ព័ន្ធ​ទៅ​លើ​ការ​ធ្វើ​ញត្តិ​បន្ទោស​សមាជិក​រដ្ឋាភិបាល​តាមរយៈ​បង្កើន​ចំនួន​សមាជិក​សភា​ពី ៣០​រូប​ទៅ ១​ភាគ​៣ ឬ ៤២​រូប​ជាដើម។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា APHR បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​លោក ហ៊ុន សែន ដោយ​ពួកគេ​បាន​ចាត់ទុក​ករណី​នេះ ថា​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

APHR បន្ថែម​ថា ក្នុង​ចំណោម​មាត្រា​ដែល​លោក ហ៊ុន សែន បាន​ស្នើ​ធ្វើ​វិសោធនកម្ម​នោះ វា​អាច​នឹង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ផ្ទេរ​អំណាច​ឱ្យ​ទៅ​លោក ហ៊ុន ម៉ាណែត បន្ត​ស្នង​តំណែង​ពី​លោក​នា​ពេល​អនាគត​ប៉ុណ្ណោះ។

មាត្រា​១១៩ ដែល​លោក ហ៊ុន សែន ស្នើ​កែ​នោះ ក៏​បាន​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ទៅ​គណបក្ស​ដែល​មាន​សំឡេង​ឆ្នោត​នាំមុខ​គេ​ជា​អ្នក​ស្នើ​ផ្ទាល់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ចាត់តាំង​នាយករដ្ឋមន្ត្រី ខណៈ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ផ្ដល់​សិទ្ធិ​អំណាច​ឱ្យ​ទៅ​ប្រធាន​រដ្ឋសភា ដោយ​មាន​ការ​ឯកភាព​ពី​អនុប្រធាន​ទាំង​ពីរ​ជា​អ្នក​ស្នើ​ទៅ​អង្គ​ព្រះមហាក្សត្រ​ក្នុង​ការ​តែងតាំង​វីរជន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស