29.3 C
Phnom Penh

លោក ហ៊ុន សែន ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥​នៅ​ចុងខែ​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ធ្វើឡើង​នៅ​ចុងខែ​កក្កដា នេះ រួមមាន៖

  • កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ
  • កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន
  • និង​កិច្ចប្រជុំ​ស្ដីពី​សិទ្ធិមនុស្ស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​កិច្ចប្រជុំ​ខាងលើ ក៏​មាន​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​បី​លើក​ទី​២៣ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-បូព៌ា​លើក​ទី​១២ និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩ ផង​ដែរ។

កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក លុយ ដាវីត អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អ៊ែនថូនី ប្លីងខិន (Antony Blinken) រួម​ទាំង​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ក៏​នឹង​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នេះ​ដែរ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​រយៈពេល ១​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​តាម​ទម្រង់​ដោយ​ផ្ទាល់។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា ថា ការ​ដែល​សហរដ្ឋ​អាមេរិក​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បែប​នេះ គឺ​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ជំហរ​ថ្លឹងថ្លែង​ខ្លាំង​ណាស់​ចំពោះ​ការ​ដឹកនាំ​អាស៊ាន ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នយោបាយ​ការទូត​ក្នុង​តំបន់​របស់​លោក ហ៊ុន សែន នា​ពេល​កន្លងមក។

លោក​បន្ថែម​ថា ត្រឹម​មុខមាត់​រដ្ឋាភិបាល​លោក ហ៊ុន សែន សហរដ្ឋ​អាមេរិក​អាច​ទម្លាក់​រូបភាព​ការទូត​ឲ្យ​ទាប​ជាង​នេះ។ ឧទាហរណ៍​ជាក់ស្តែង សហរដ្ឋ​អាមេរិក​ក៏​ធ្លាប់​ទម្លាក់​កិត្តិយស​ឲ្យ​លោក ហ៊ុន សែន អង្គុយ​ទន្ទឹម​នឹង​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ក្នុង​កិច្ចប្រជុំ​ពិសេស​សហរដ្ឋ​អាមេរិក-អាស៊ាន ម្តង​រួច​មក​ហើយ។ ប៉ុន្តែ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ពេលនេះ ជា​ការ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នៅ​មាន​ការ​យល់យោគ​ដល់​អាស៊ាន​ទាំងមូល ជាពិសេស​ប្រទេស​ជា​មិត្ត​ដែល​ជិតស្និទ្ធ​នឹង​អាមេរិក​ក្នុង​សមាគម​អាស៊ាន​នេះ។

លោក គឹម សុខ អះអាង​ថា វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​អាច​ជួយ​ឱ្យ​លោក ហ៊ុន សែន មិន​សូវ​បាក់​មុខ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ បន្ទាប់ពី​ការ​បរាជ័យ​ទាំងស្រុង​ក្នុង​ការ​ដឹកនាំ​អាស៊ាន ដូចជា​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​រដ្ឋប្រហារ​នៅ​ភូមា ដែល​បាន​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​ក្រោយ​អំនួត​នយោបាយ​ការទូត​ក្រោម​តុ​របស់​លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​ភូមា លោក មីន អ៊ុងឡាំង កាលពី​ដើម​ឆ្នាំ​២០២២ កន្លងទៅ​នេះ។

លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន ប្រកាស​រក​ដំណោះស្រាយ​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង គឺ​ត្រូវតែ​ប្រកាស​នូវ​ជំហរ​ឲ្យ​ត្រូវ​បំណង​របស់​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន ដែល​ជា​ជំហរ​មួយ​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ចិន ខណៈ​លោក ហ៊ុន សែន មិន​ហ៊ាន​ធ្វើ​ឲ្យ​ខុស​ចិត្ត​ចិន ដែល​កំពុង​ដំឡើង​បំពង់ក​ដាក់​អាមេរិក​នៅ​ពេលនេះ​ទេ។

ASEAN Foreign Ministers’ Meeting (AMM) ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៦៧ ដោយ​សេចក្ដី​ថ្លែងការណ៍​រាជធានី​បាងកក បន្ទាប់ពី​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង។ AMM នេះ ត្រូវ​បាន​កំណត់​ប្រជុំ​យ៉ាងហោចណាស់ ៤​ដង​ក្នុង​មួយ​ឆ្នាំ ព្រមទាំង​អាច​កោះ​ប្រជុំ​ពិសេស​នៅ​ពេល​ចាំបាច់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដែល​ទាមទារ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​បន្ទាន់​ពី​អាស៊ាន ក្នុង​នោះ AMM ក៏​នឹង​ពិនិត្យ ពិភាក្សា​ជា​ទៀងទាត់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន ក៏ដូចជា​ការ​ប្រព្រឹត្ត​ទៅ​នៃ​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស