32 C
Phnom Penh

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។

ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។

ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៥៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​នោះ​មាន​បុរស ៤៧​នាក់ និង​ស្ត្រី ៨​នាក់ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ទទួល​ការ​ប្រឹក្សា​ផ្លូវចិត្ត​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី វិញ។ ការ​ផ្ដល់​ប្រឹក្សា​ផ្លូវចិត្ត​នេះ ក្រោយ​ពេល​ពួកគេ​ត្រូវ​បាន​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​បរិវេណ​ដែល​បង្អួច​មាន​រនាំង​បិទ​ជិត និង​ព័ទ្ធ​ដោយ​របង​បន្លា​លួស នៅ​ពេល​ដែល​ពួកគេ​បដិសេធ​មិន​ធ្វើការ​ឆបោក។

ទស្សនាវដ្ដី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​ឥណ្ឌូនេស៊ី​ទាំងនោះ​បាន​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​ក្រុមហ៊ុន​ឆបោក​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា។ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឧស្សាហកម្ម​ឆបោក​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ទីតាំង​នៅ​ក្បែរ​ផ្លូវ​សន្តិភាព​ក្នុង​ឃុំ​៣ នៃ​ខេត្ត​នេះ។

ការ​ជួយ​សង្គ្រោះ​នេះ មិនមែន​មាន​តែ​ជនជាតិ​ឥណ្ឌូនេស៊ី​នោះ​ទេ កាលពី​ខែ​មេសា ឆ្នាំ​២០២២ សមត្ថកិច្ច​ថៃ បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ ៣​ពាន់​នាក់​ចេញពី​ក្រុម​ប្រតិបត្តិ​ឆបោក ខណៈ​ជនជាតិ​វៀតណាម ចិន និង​ម៉ាឡេស៊ី ជាដើម ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជាបន្តបន្ទាប់​ផង​ដែរ។

តែ​យ៉ាងណា អាជ្ញាធរ​កម្ពុជា​បាន​ចាត់ទុក​ការ​ជួញដូរ​ពលករ​បរទេស​នា​ពេលនេះ ថា​ជា​ប្រតិបត្តិការ​ឆបោក​ក្នុង​ប្រទេស។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម ទីក្រុង​ម៉ាកាវ ក្នុង​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី​ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម។

ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​ឡើយ។

បើ​តាម​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស បើ​ទោះបីជា​នេះ​មិន​មែន​ជា​ការ​ចាំបាច់ និង​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏ដោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស