រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានច្រានចោលចំពោះប្រតិកម្មរបស់ពលរដ្ឋ និងយុវជនបរិស្ថាន ដោយអះអាងថា ការឈូសឆាយដីព្រៃនៅតំបន់ភ្នំតាម៉ៅ មិនធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វ និងសត្វព្រៃសំខាន់ៗជិតផុតពូជនោះទេ ដោយសារព្រៃដែលក្រុមហ៊ុន ឡេង ណាវ៉ាត្រា កំពុងឈូសនោះជាព្រៃមិនល្អ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ចេញកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា រដ្ឋាភិបាលសម្រេចយកតំបន់តាម៉ៅសម្រាប់ធ្វើការអភិវឌ្ឍនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី មិនមែនជាការលក់ដូរទៅឲ្យក្រុមហ៊ុននោះទេ។
រដ្ឋបាលព្រៃឈើថាតំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្ដារព្រៃឈើមួយដែលមានដំណាំឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ ហើយតំបន់នេះពោរពេញទៅដោយដីខ្សាច់ និងព្រៃឈើដែលលូតលាស់មិនសូវល្អ ទើបរដ្ឋាភិបាលយកតំបន់នេះទៅអភិវឌ្ឍ។
បើតាមរដ្ឋបាលព្រៃឈើបញ្ជាក់ថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នេះ មិនបានប៉ះពាល់ដល់ជម្រកសត្វព្រៃទាល់តែសោះ ដោយសារសត្វព្រៃដែលបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដោយមានសុវត្ថិភាព ១០០% ស្របពេលដែលផ្ទៃដីព្រៃនៅទីនោះត្រូវបានហ៊ុមព័ទ្ធដោយរបងជិតជាង ៤០០ហិកតារ។ ហេតុដូចនេះ តំបន់ភ្នំតាម៉ៅ ក៏មិនមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងសត្វកម្រនោះដែរ ខណៈប្រភេទសត្វនៅទីនោះជាសត្វដែលពលរដ្ឋចិញ្ចឹមតែប៉ុណ្ណោះ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឲ្យដឹងថា ដីភ្នំតាម៉ៅ ១៥០០ហិកតារ ត្រូវបានលោក ហ៊ុន សែន សម្បទានឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា អភិវឌ្ឍដើម្បីសង់ផ្ទះ ដាំស្មៅ និងចិញ្ចឹមសត្វគោយកទឹកដោះ ជាដើម ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបានយកគ្រឿងចក្រជាច្រើនទៅឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ។
យុវជនបរិស្ថាន និងប្រជាពលរដ្ឋ បាននាំគ្នាធ្វើពហិការឈប់គាំទ្រ ប្រើប្រាស់ទំនិញ កសិផល ផលិតផល និងអចលនវត្ថុគ្រប់ប្រភេទ បើមានឈ្មោះឧកញ៉ា ឡេង ណាវ៉ាត្រា ដោយថាក្រុមហ៊ុន ឡេង ណាវ៉ាត្រា នេះបានឈូសឆាយដីព្រៃភ្នំតាម៉ៅ ដែលជាជម្រកសត្វ។ ពួកគេចាត់ទុកការឈូសឆាយដីព្រៃដើម្បីអភិវឌ្ឍនេះ ថាជាការបំផ្លាញជម្រកសត្វ និងសម្បត្តិធម្មជាតិ។
នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក (Nick Marx) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយស្នើទៅលោក ហ៊ុន សែន ពិចារណាឡើងវិញចំពោះការលក់ដីព្រៃនៅតំបន់សួនសត្វមួយនេះទៅឲ្យវិស័យឯកជន ដោយលោកចាត់ទុកការលក់តំបន់ភ្នំតាម៉ៅថាជាការបំផ្លាញដល់ទីតាំងអភិរក្សសត្វព្រៃ និងព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចទាក់ទងអ្នកដែលត្រូវទទួលបន្ទុកលើការដោះដូរ គឺលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងលោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសុំការអត្ថាធិប្បាយបានទេរហូតដល់ម៉ោងចេញផ្សាយនេះ៕