សហរដ្ឋអាមេរិកបើកពិធីប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិកដែលមានបំណងជំរុញកំណើនសេដ្ឋកិច្ចឲ្យមានភាពទូលំទូលាយ និងប្រកបដោយចីរភាព តាមរយៈការបង្កើនកម្មវិធីប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឲ្យដឹងថា ថវិកាចំនួន ២៥លានដុល្លារអាមេរិកនេះស្ថិតនៅក្នុងគម្រោងមួយដែលមានឈ្មោះថា «កម្ពុជាហាវែស III» ជាគម្រោងមានរយៈពេល ៥ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្ដួចផ្ដើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់អាមេរិកដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID។
ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy មានប្រសាសន៍នៅក្នុងពិធីប្រកាសបញ្ចេញកញ្ចប់ថវិកា ២៥លានដុល្លារនេះថា «នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ ដើម្បីលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈការពង្រឹងវិស័យកសិកម្ម»។
លោកបន្តថា ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង «កម្ពុជាហាវែស III» នេះ គឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។
គម្រោង «កម្ពុជាហាវែស III» ថ្មីនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងអំឡុងពេលនៃការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។ គម្រោង «កម្ពុជាហាវែស III» នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។
គម្រោងនេះនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើកន្លងមកលើការលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននៅក្នុងទីផ្សារកសិកម្ម គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ ជាពិសេសស្ត្រី យុវជន និងពលរដ្ឋងាយរងគ្រោះ។
ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងជំរុញឲ្យមានការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣០០០កន្លែង និងជួយកសិករ និងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឲ្យបាន ១០០លានដុល្លារ៕