មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជានឹងទទួលបានចំណែក ៧០% នៃប្រេងឆៅរបស់ខ្លួនក្នុងចំណោមប្រេងជិត ៣០ម៉ឺនបារ៉ែលដែលត្រូវគេលួចដឹកតាមកប៉ាល់កាលពីឆ្នាំ២០២១ កន្លងទៅ ក្រោយពីបានដឹកយកមករក្សាទុកនៅក្នុងប្រទេសថៃ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ថា ក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើការចរចាយ៉ាងសកម្មជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលដឹកប្រេងកម្ពុជាទៅ និងម្ចាស់បំណុលធំរបស់ក្រុមហ៊ុន Kris Energy រហូតឈានដល់ការចរចាចុះកិច្ចព្រមព្រៀងបែងចែកផលប្រយោជន៍ពីការលក់ប្រេងឆៅទាំង ២៩ម៉ឺន ៥ពាន់បារ៉ែលនៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ម៉េង សក្តិធារ៉ា លើកឡើងថា ក្រៅពីវិធានការច្បាប់ដែលខ្លួនបានអនុវត្ត កម្ពុជាបានចរចាឡើងវិញអំពីការបែងចែកផលប្រយោជន៍ប្រេងជិត ៣០ម៉ឺនបារ៉ែលនោះដែរ។ ក្នុងនោះ គឺត្រូវបានបែងចែកឲ្យម្ចាស់បំណុលក្រុមហ៊ុន Kris Energy ៤% និងម្ចាស់កប៉ាល់ ២៦% ដើម្បីទូទាត់ថ្លៃកប៉ាល់ដែលគេបានជួល ហើយចំណែកដែលនៅសល់ គឺនឹងបានមកកម្ពុជាទាំងអស់។
លោកបញ្ជាក់ថា តាមការចរចាបែងចែកផលប្រយោជន៍នេះ កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងមុន ព្រោះថាក្រៅពីទទួលបានចំណែក ៧០% នេះហើយ កម្ពុជាក៏នឹងទទួលបានប្រាក់តម្កល់ ៥លានដុល្លារអាមេរិករបស់ក្រុមហ៊ុន Kris Energy ថែមទៀត ស្របពេលដែលតម្លៃប្រេងកំពុងកើនឡើងពី ៥០ដុល្លារក្នុង ១បារ៉ែលមកដល់ជិត ១០០ដុល្លារក្នុង ១បារ៉ែល ដូច្នេះកម្ពុជាក៏នឹងទទួលបានលុយច្រើនផងដែរពីប្រេងឆៅនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រេងឆៅរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល បើគិតជាទឹកប្រាក់មានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក ត្រូវបានគេលួចដឹកចេញទៅដោយសុវត្ថិភាពអស់រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកឲ្យដំណើរការជាផ្លូវការនៃដំណក់ប្រេងលើកដំបូងនៅកម្ពុជាក្នុងប្លុក A ក្នុងនោះ លោក ហ៊ុន សែន បញ្ជាក់ថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា និងជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជាផងដែរ។
ប្រេងឆៅរបស់កម្ពុជាចំនួន ២៩ម៉ឺន ៥ពាន់បារ៉ែល ត្រូវបានក្រុមហ៊ុន MT Strolovos លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ការលួចដឹកប្រេងរបស់កម្ពុជានេះ ភាគីក្រុមហ៊ុន និងនាវាដឹកប្រេងបានអះអាងថា ដោយសារតែ Kris Energy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុក A របស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួនក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់ The Cambodia Daily នៅថ្ងៃទី១០ សីហា នេះថា គ្រាន់តែរដ្ឋាភិបាលប្រកាសថាចោរអាចលួចដឹកប្រេងពីព្រំដែនរបស់ប្រទេសមួយដោយសុវត្ថិភាពនោះ គឺជារឿងអស់សំណើចមួយទៅហើយដែលអាជ្ញាធរប្រេងកាតកម្ពុជា រួមទាំងឆ្មាំការពារដែនសមុទ្រដែលចំណុះឱ្យក្រសួងពាក់ព័ន្ធសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់របស់ប្រទេសមិនអាចការពារទ្រព្យសម្បត្តិជាតិរបស់ខ្លួនបាន។
លោក ហ៊ុន កុសល លើកជាចម្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាចរចាបែងចែកផលប្រយោជន៍ប្រេងឆៅនេះជាមួយជនល្មើសដែលបានលួចទ្រព្យសម្បត្តិរបស់ខ្លួនទៅវិញ។ លោកអះអាងថា បើការលួចដឹកប្រេងនេះជាអំពើខុសច្បាប់ ដោយគ្មានអំពើពុករលួយនៅក្នុងនោះ រដ្ឋាភិបាលកម្ពុជាត្រូវតែដាក់ពាក្យបណ្តឹងយកប្រេងរបស់ខ្លួនមកវិញទាំងអស់ ដើម្បីបញ្ជាក់ថាខ្លួនមិនបានពាក់ព័ន្ធនឹងការលួចដឹកប្រេងនេះទេ។
សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា ទំនងជាមានការបើកដៃពីអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់កម្ពុជាជាមិនខាន ដូច្នេះរវាងម្ចាស់កប៉ាល់ MT Strovolos និងអ្នកឃុបឃិត ប្រាកដជាមានការចុះកុងត្រាគ្នាលើបទល្មើសនេះ ហើយបញ្ហានេះ បើរដ្ឋាភិបាលវែកមុខអ្នកប្រព្រឹត្តិតាមរយៈកិច្ចព្រមព្រៀងរបស់ពួកគេ នោះច្បាស់ជាអាចចាប់ជនល្មើសបានជាមិនខាន។ ប៉ុន្តែលោកជឿជាក់ថា រដ្ឋាភិបាលនឹងមិនអាចវែកមុខជនល្មើសឃើញទេ បើអំពើចោរកម្មនេះពាក់ព័ន្ធនឹងបទល្មើសពុករលួយកិបកេងលួចជាតិដោយអ្នកមានអំណាចណាម្នាក់នៅពីក្រោយនោះ៕