29.3 C
Phnom Penh

លោក ហ៊ុន សែន កាត់​ផ្ទៃដី​សមុទ្រ​៦០០​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​កំពង់ផែ​ថ្មី​ក្នុង​ខេត្ត​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​បាន​បន្ត​កាត់​ផ្ទៃដី​សមុទ្រ​ក្នុង​ខេត្ត​កំពត ទំហំ ៦០០​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​អភិវឌ្ឍ​កំពង់ផែ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក។

យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន ឱ្យ​ដឹង​ថា ផ្ទៃដី​សមុទ្រ​ទំហំ ៦០០​ហិកតារ​ស្ថិត​ក្នុង​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ដើម្បី​ធ្វើ​អនុបយោគ​ឲ្យ​ក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន ផត (Kampot Logistics and Port)» ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​មីនា​ឆ្នាំ​មុន។

ការ​អភិវឌ្ឍ​កំពង់ផែ​ថ្មី​នេះ ធ្វើឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១,៧​ពាន់​លាន​ដុល្លារ។

កាលពី​ខែ​ឧសភា កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​កំពង់ផែ​ថ្មី​នេះ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​ប្រសិទ្ធភាព​ខ្ពស់​ដល់​ពាណិជ្ជករ និង​អ្នក​វិនិយោគ​នៅ​ក្នុង​ការ​នាំចេញ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​នេសាទ​ទៅ​លក់​នៅ​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​បញ្ជាក់​ថា គម្រោង​វិនិយោគ​កំពង់ផែ​ថ្មី​នេះ​មាន​ជម្រៅ​ទឹក​ប្រមាណ ១៥​ម៉ែត្រ ដោយ​ចែក​ចេញ​ជា ៣​ដំណាក់កាល។ សម្រាប់​ដំណាក់កាល​ទី​១ ត្រូវ​ចាយ​ទុន​ប្រមាណ ២០០​លាន​ដុល្លារ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាងមុខ ខណៈ​ដំណាក់កាល​បន្ទាប់​នឹង​ត្រូវ​ប្រើប្រាស់​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១៥០០​លាន​ដុល្លារ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​អភិបាលក្រុង​បូកគោ លោកស្រី ងិន ផលរ័ត្ន និង​អ្នក​នាំពាក្យ​សាលាខេត្ត​កំពត លោក អ៊ឹង ឆាយ បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស