38 C
Phnom Penh

ក្រុម​សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌​និង​ចោទប្រកាន់​អ្នកស្រី យ៉ាង សុភ័ណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​លាប​ពណ៌ និង​ចោទប្រកាន់​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​ជ្រៀតជ្រែក​លើ​វិវាទ​ការងារ​តំណាង​សហជីព ដែល​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ក្រោយពី​ក្រសួង​ការងារ​ចេញ​លិខិត​ព្រមាន​អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ខ្លួន​ដែល​ក្រសួង​ចោទ​ថា​ល្មើស​ច្បាប់។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ​សហជីព​ចំនួន ២៤​ស្ថាប័ន កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​ក្រសួង​ការងារ ដែល​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​អ្នកស្រី យ៉ាង សុភ័ណ្ឌ ក្នុង​ចេតនា​បញ្ជា​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​ក្រសួង​ចោទ​ថា​ល្មើស​ច្បាប់​នោះ។

ក្រុម​សហជីព​ថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែន​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​របស់​កម្មករ​និយោជិត​ណាហ្គា​វើលដ៍​ឡើយ ប៉ុន្តែ​ការ​តវ៉ា​របស់​ក្រុម​កូដករ​រយៈពេល ៧​ខែ​មក​នេះ កើត​ចេញ​ពី​ការ​មិន​គោរព​ច្បាប់​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ការ​គ្មាន​វិធានការ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ទៅវិញ​ទេ។

សេចក្ដី​ថ្លែងការណ៍​ដដែល​ថា រហូត​មក​ដល់​ពេលនេះ ក្រសួង​ការងារ​គ្មាន​វិធានការ​ណា​មួយ​ធ្វើ​ឲ្យ​ណាហ្គា​វើលដ៍​គោរព​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ឡើយ ក្រៅពី​បង្ខំ​ដាក់​សម្ពាធ​តំណាង​សហជីព កម្មករ​និយោជិត​ឱ្យ​ទទួល​សំណង​ដែល​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ផ្ដល់​ឲ្យ​កម្មករ ដើម្បី​លុបបំបាត់​សហជីព​ឯករាជ្យ​ក្នុង​ក្រុមហ៊ុន​ខ្លួន។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ​មិន​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ និង​គោរព​ច្បាប់​ហើយ បែរ​ជា​យក​ច្បាប់​ស្ដីពី​សហជីព​ដើម្បី​មក​ចោទប្រកាន់​លើ​អ្នកស្រី យ៉ាង សុភ័ណ្ឌ ដោយ​ពុំ​មាន​ភស្តុតាង និង​អង្គហេតុ​ពិត​បញ្ជាក់​ថា អ្នកស្រី​ជា​អ្នក​ដឹកនាំ និង​ធ្វើ​សកម្មភាព​ក្រៅពី​ផែនការ​អនុវត្ត​វិជ្ជាជីវៈ​ឡើយ។

ក្រុម​សហជីព​ស្នើ​ទៅ​ក្រសួង​ការងារ​ឲ្យ​ចំណាយ​ពេលវេលា​គិត​រក​ដំណោះស្រាយ​ដោយ​ឈរ​លើ​ស្មារតី​ការពារ​ការ​រំលោភ​បំពាន ភាព​អយុត្តិធម៌​ដែល​កម្មករ​កំពុង​ជួប​ប្រទះ។ ជំរុញ​ឲ្យ​ភាគី​និយោជក​ត្រូវ​គោរព​ច្បាប់ និង​សេរីភាព​សហជីព​ដាច់ខាត នៅ​ក្រោម​ស្មារតី​អនុសញ្ញា​ស្នូល​របស់​អង្គការ​អន្តរជាតិ ដើម្បី​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ដោយ​ទទួល​យក​តំណាង និង​សមាជិក​សហជីព​ចូល​ធ្វើការ​វិញ​ជាមួយ​ប្រាក់​រំឭក ដើម្បី​ស្ដារ​កិត្តិយស​ជាតិ និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ដឹង​ថា ក្រុម​សហជីព​បាន​តាមដាន​ចំពោះ​កូដកម្ម​ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​មាន​ការ​ចោទប្រកាន់​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព រួម​មាន​ចាប់​ឃុំ​ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់ ទាំង​ដែល​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត គឺ​ធ្វើឡើង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពី​សំណាក់​បុគ្គល​ណា​ម្នាក់។

បន្ថែម​ពី​លើ​នេះ ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ធ្វើឡើង​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ (៣២៤ និង ៣២៧) និង​ច្បាប់​ស្ដីពី​សហជីព (មាត្រា​១៣) ដូចជា​ការ​បោះឆ្នោត​ជា​សម្ងាត់​សម្រេច​ធ្វើ​កូដកម្ម និង​ការ​ជូនដំណឹង​ធ្វើ​កូដកម្ម​ជាដើម ដូច្នេះ «ការ​ធ្វើ​កូដកម្ម​មិនមែន​ជា​បទល្មើស​ឧក្រិដ្ឋ»។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​ចោទប្រកាន់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា​បាន​ញុះញង់​ឱ្យ​កូដករ​ណាហ្គា​វើលដ៍ បុក​ទម្លុះ​បារ៉ាស់​របស់​សមត្ថកិច្ច​រហូត​មាន​អំពើ​ហិង្សា​កើតឡើង ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​សហជីព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ច្រានចោល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស