29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ វត្តមាន​អ្នក​រាយការណ៍​ពិសេស UN គឺ​ដើម្បី​រំឭក​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មក​កម្ពុជា​ជា​លើក​ទី​១ នៅ​ថ្ងៃទី​១៥ សីហា នេះ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា មាន​តែ​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ ទើប​ជា​មធ្យោបាយ​ប្រសើរ​ជាងគេ​បំផុត​ក្នុង​ការ​ដោះស្រាយ​រាល់​វិបត្តិ​ទាំងអស់​ដែល​កម្ពុជា​កំពុង​ប្រឈម​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅ​បាន លុះត្រាតែ​ផ្តល់​សេរីភាព​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​សកម្មជន​នយោបាយ​ដទៃ​ទៀត។

លោក គឹម សុខ អះអាង​ថា លោក Vitit Muntarbhorn ក៏​នឹង​ទាមទារ​ឱ្យ​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​សកម្មជន​បរិស្ថាន កម្មករ​និយោជិត សកម្មជន​សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ ជាដើម។ លោក​បន្ត​ថា ដំណើរ​ទស្សនកិច្ច​នេះ​ហាក់​ធ្វើឡើង​នៅ​មុន​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដែល​បង្ហាញ​ថា អាមេរិក​បារម្ភ​យ៉ាង​ខ្លាំង​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​គឺ​ការ​អវត្តមាន​ក្នុង​ឆាក​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​សិទ្ធិ​សេរីភាព​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅតែ​មាន​ការ​រឹតត្បិត​បន្ត​ទៀត នោះ​គឺ​មាន​ន័យ​យ៉ាង​ច្បាស់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​កំពុងតែ​ធ្វើ​ដំណើរ​ថយ​ក្រោយ ហើយ​នឹង​អាច​បង្ក​ទៅ​ជា​វិបត្តិ​ជាច្រើន​ផ្សេង​ទៀត​នៅ​ពេល​ដែល​បញ្ហា​ដ៏​សំខាន់​នេះ​នៅតែ​ជាប់​គាំង​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ នេះ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ពេលនេះ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក Vitit Muntarbhorn នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​អ្នក​តំណាង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ ខណៈ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២១ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើកដំបូង​របស់​ខ្លួន​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ដែល​អាច​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កាន់កាប់​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា ហើយ​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ប្រមូលផ្ដុំ​អំណាច​ខ្ពស់​រហូត​គ្មាន​ស្ថាប័ន​ជាតិ​ណា​មួយ​អាច​គ្រប់គ្រង​បាន។

ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស និង​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​កាត់ទោស​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) រួម​ទាំង​ការ​រឹតត្បិត​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ពេលនេះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស