31 C
Phnom Penh

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​អាស៊ី​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​បច្ចេកវិទ្យា​អ៊ីនធឺណិត​អន្តរជាតិ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស លោក Edward J. Markey បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ ថា ទោះបីជា​មាន​ការ​យាយី និង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អស់​រយៈពេល​ជិត ៥​ឆ្នាំ​ក៏ដោយ ក៏​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា លោក កឹម សុខា នៅតែ​បន្ត​ស្មារតី​គាំទ្រ​ឱ្យ​មាន​លំហ​សេរីភាព​កាន់តែ​ទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា​ដដែល។

ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​រូប​នេះ​បញ្ជាក់​ថា រាល់​ការ​ចោទប្រកាន់​គ្រប់​បែប​យ៉ាង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល​ភ្លាមៗ ហើយ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា លោក​បាន​ជួប​ជាមួយ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា លោក Edward J. Markey ដែល​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សម្រាប់​អាស៊ី​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​បច្ចេកវិទ្យា​អ៊ីនធឺណិត​អន្តរជាតិ និង​សមាជិក​រដ្ឋសភា លោក Alan Lowenthal ដែល​ជា​សហប្រធាន​ក្រុម​ការងារ​កិច្ចការ​កម្ពុជា​នៃ​រដ្ឋសភា និង​សមាជិក​សភា ៣​រូប​ផ្សេង​ទៀត​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ក្នុង​ជំនួប​នេះ គណៈប្រតិភូ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទាំង ៥​រូប បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​លះបង់​របស់​លោក ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​តែងតែ​មាន​ការ​អត់ធ្មត់​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​រហូត​មក។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ប្រកាស​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ​ផង​ដែរ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ជម្លោះ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​ជិត ៥​ឆ្នាំ​មក​នេះ បាន​បង្ក​ទៅ​ជា​វិបត្តិ​ជាប់​គាំង​សេដ្ឋកិច្ច​នៃ​កម្ពុជា និង​បញ្ហា​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ ព្រមទាំង​បង្ក​ទៅ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន អូស្ត្រាលី និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ជាដើម តែងតែ​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លោក កឹម សុខា ជា​បន្តបន្ទាប់ ដោយ​ការ​ផ្តល់​នូវ​សេរីភាព​នយោបាយ​ដែល​អាច​ឱ្យ​លោក​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោក​សេរី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​បង្ហាញ​ជំហរ​នយោបាយ​ការទូត​ដូចៗ​គ្នា​ដោយ​ចង់​ឃើញ​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​រក​គន្លង​សេរីភាព​ពេញលេញ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ស្រប​តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ តំណាង​សហភាព​អឺរ៉ុប​បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ថា រាជាណាចក្រ​កម្ពុជា​គួរ​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស