28 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ជា​ថ្មី​ថា​មិន​បាន​កាត់​កោះត្រល់​និង​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​បាន​កាត់​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​ឡើយ ដោយ​ថា​ទឹកដី​ដែល​បាត់បង់​នោះ បារាំង​ជា​អ្នក​កាត់​ឲ្យ​វៀតណាម។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​របស់​សាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ សីហា នេះ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នឹង​ផ្ទុះ​សង្គ្រាម បើ​គណបក្ស​ប្រឆាំង​កាន់​អំណាច ឬ​ដឹកនាំ​ប្រទេស​នោះ។ លោក​បន្ត​ថា កត្តា​ដែល​នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​នោះ​បណ្ដាល​មកពី​គណបក្ស​ប្រឆាំង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​មាន ទៅ​ចែក​ឲ្យ​អ្នកក្រ ហើយ​មួយ​ទៀត​ចង់​វាយ​ប្រទេស​វៀតណាម និង​ថៃ ដើម្បី​យក​ទឹកដី​ដែល​បាន​បាត់បង់​តាំងពី​ប្រវត្តិសាស្ត្រ​នោះ​មកវិញ។

លោក ហ៊ុន សែន ថ្លែង​ថា លោក​ហួសចិត្ត​ព្រោះ​ការ​ចោទប្រកាន់​ពី​សំណាក់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង ដែល​ថា​លោក​ជា​អ្នក​ប្រគល់​កោះត្រល់​ឲ្យ​វៀតណាម ខណៈ​ទឹកដី​កម្ពុជា និង​កោះត្រល់ បាន​បាត់បង់​តាំងពី​លោក​មិនទាន់​កើតមក​ម្ល៉េះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រូបលោក​មិន​បាន​កាត់​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម ដូច​ការ​ចោទប្រកាន់​ឡើយ ដោយ​ថា​ទឹកដី​កម្ពុជា​ដែល​បាត់បង់​ដោយសារ​បារាំង​ជា​អ្នក​កាត់​ឲ្យ​វៀតណាម។ លោក​បញ្ជាក់​ថា ជុំវិញ​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​នេះ រូបលោក​បាន​ពន្យល់​ចំនួន ៥​ម៉ោង​នៅ​ក្នុង​រដ្ឋសភា​រួច​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​នៅតែ​មក​ចោទ​លោក​ទៀត។

បុរស​ខ្លាំង​ដែល​កាន់​អំណាច​យូរ​រូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឆាំង​ដែល​រិះគន់​លោក​យក​រឿង​ទាមទារ​ទឹកដី​ពី​ប្រទេស​វៀតណាម ដាក់​ក្នុង​កម្មវិធី​នយោបាយ​ពេល​បោះឆ្នោត ប្រសិនបើ​ពួកគេ​ចិត្តសឿង​នោះ។

លោក ហ៊ុន សែន ថា សូម្បីតែ​សម្តេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ជា​អ្នក​ស្នេហា​ជាតិ ក៏​មិន​បាន​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់​មក​វិញ​ដែរ ដោយ​ព្រះអង្គ​ទាមទារ​ត្រឹម​ខ្សែបន្ទាត់​លីង​ព្រីវីយេ​ប៉ុណ្ណោះ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ក្រុម​ប្រឆាំង​ថា​លោក​ជា​អ្នក​ប្រគល់​កោះត្រល់​ឱ្យ​ទៅ​វៀតណាម​ទៅវិញ។

ការ​ថ្លែង​ការពារ​ខ្លួន​របស់​លោក ហ៊ុន សែន បន្ទាប់ពី​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា រូបលោក​បាន​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា មិន​មែន​ដូច​លោក ហ៊ុន សែន ដែល​បាន​កាត់​ទឹកដី​ខ្មែរ ដូចជា​កោះត្រល់​ឲ្យ​ទៅ​បរទេស​នោះ​ទេ។

លោក សម រង្ស៊ី ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​បារាំង​ជា​អ្នក​កាត់​កោះត្រល់ និង​ទឹកដី​ក្រោម​កម្ពុជា​ប្រគល់​ឲ្យ​វៀតណាម ជា​ការ​និយាយ​ខុសពី​ការពិត ដោយ​ថា​លោក ហ៊ុន សែន ជា​អ្នក​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយ​កាត់​កោះត្រល់ និង​កម្ពុជា​ក្រោម​ប្រគល់​ឲ្យ​វៀតណាម​នោះ។

សារព័ត៌មាន វីអូឌី បាន​ដកស្រង់​សម្ដី​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចុះផ្សាយ​ថា ព្រះ​បរម​រតន​កោដ្ឋ​មិន​បាន​លើក​បញ្ហា​កោះត្រល់​នៅ​ក្នុង​សន្ធិសញ្ញា ដោយសារ​មុន​ឆ្នាំ​១៩៨៥ កោះត្រល់​ស្ថិត​នៅ​ក្នុង​ផែនទី​ខ្មែរ​នៅឡើយ ហេតុ​ដូច្នេះ​ទើប​ព្រះ​បរម​រតន​កោដ្ឋ​បាន​ទាមទារ​ឱ្យ​អន្តរជាតិ​ទទួលស្គាល់​ព្រំដែន​ខ្មែរ​កាលពី​ឆ្នាំ​១៩៥៣។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ថា​កំពុង​បន្លប់​ស្ថានការណ៍។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​លាង​កំហុស​របស់​ខ្លួន​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សម្លាប់​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក គឹម សុខ បាន​ឲ្យ​ដឹង​ទៀត​ថា មួយ​វិញ​ទៀត លោក ហ៊ុន សែន ក៏​បាន​ព្យាយាម​បង្កើត​វោហារសាស្ត្រ បង្កើត​ព្រឹត្តិការណ៍​បិទបាំង​កំហុស​នយោបាយ​ជួយ​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​លើ​ទឹកដី​កម្ពុជា ដូចជា​ការ​ឲ្យ​បង្កើត​ដេប៉ាតឺម៉ង់ (Département) ភាសា​វៀតណាម ការ​សង់​លំនៅឋាន​ចែក​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​រស់នៅ​លើ​ទឹក ឲ្យ​មក​រស់នៅ​លើ​គោក ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស