33.3 C
Phnom Penh

លោក ហ៊ុន សែន ទទួលស្គាល់​ថា​លោក​ជា​មនុស្ស​មិន​កែ​ចរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​កាន់​អំណាច​ជិត ៤០​ឆ្នាំ បាន​ប្រកាស​ទទួលស្គាល់​ថា រូបលោក​ជា​មនុស្ស​ដែល​មិន​ចេះ​កែ​ចរិត ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​មក​កែ​ចរិត​របស់​លោក​បាន​ដែរ បើសិនជា​អ្នក​ទាំងនោះ​នៅ​តែ​មាន​ចិត្ត​ចង់​កម្ចាត់​ត្រកូល «ហ៊ុន»។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​របស់​សាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថ្លែង​ថា មនុស្ស​មួយ​ចំនួន​មិនមែន​រិះគន់​តែ​លោក​ម្នាក់​ទេ ប៉ុន្តែ​ពួកគេ​បាន​រិះគន់​ទាំង​ត្រកូល និង​ក្រុម​គ្រួសារ​លោក​តែម្ដង។ ក្រៅពី​រិះគន់ ពួកគេ​ចង់​កម្ចាត់​គ្រួសារ និង​ត្រកូល «ហ៊ុន» ថែម​ទៀត​ផង។

លោក​អះអាង​ថា ជាក់ស្ដែង​សូម្បីតែ​រឿង​ភ្នំ​តាម៉ៅ​ដែល​គ្រួសារ​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​សោះ បែរ​ជា​មក​ចោទ ហ៊ុន ម៉ាណែត ដែល​កូនប្រុស​ច្បង និង ហ៊ុន ម៉ាណា កូនស្រី​របស់​លោក ថា​មាន​ចំណែក​ក្នុង​រឿង​នោះ​ដែរ។

កាលពី​ថ្ងៃទី​១៦ ខែ​សីហា ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ជា​ជនជាតិ​អេស្ប៉ាញ ដែល​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក Alejandro Gonzalez-Davidson បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ចោទ​លោក ហ៊ុន ម៉ាណែត ថា​ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ឈូស​ឆាយ និង​អភិវឌ្ឍន៍​នៅ​តំបន់​ភ្នំ​តាម៉ៅ។ លោក Alex ថា​លោក ឡេង ណាវ៉ាត្រា គ្រាន់តែ​ជា​អាយ៉ង​ដែល​គេ​រៀបចំ​ឱ្យ​ចេញ​មុខ​ជំនួស​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​អភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ​តែប៉ុណ្ណោះ។

យោង​តាម​សេចក្តី​រាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ឆ្នាំ​២០១៦ រក​ឃើញ​ថា សមាជិក​គ្រួសារ​ត្រកូល «ហ៊ុន» បាន​ចុះឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ទាំងអស់​មាន​ចំនួន ១១៤ ដែល​មាន​ទឹកប្រាក់​ទុន​ចំនួន​ជាង ២០០​លាន​ដុល្លារ។ ចំនួន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ក្រុមហ៊ុន​ចំនួន ១៦ ដែល​គ្មាន​ឯកសារ និង​តួលេខ​ផ្លូវការ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ១០៣ ឬ​ស្មើ​នឹង ៩០% មាន​សមាជិក​គ្រួសារ​លោក ហ៊ុន សែន គ្រប់គ្រង កាន់កាប់ ចាត់ចែង ធ្វើជា​ប្រធាន ធ្វើជា​នាយក ជា​នាយិកា ឬ​ជា​អ្នក​មាន​ភាគហ៊ុន​ជាង ២៥%។

សេចក្តី​រាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចំនួន ៤៤ មាន​ឯកសារ​បញ្ជាក់​អំពី​អ្នក​ចូល​ហ៊ុន និង​ផ្តល់​ចំណែក​ហ៊ុន​ដល់​សមាជិក​គ្រួសារ​របស់​លោក ហ៊ុន សែន ទាំងអស់​ដោយ​គ្រាន់តែ​ដាក់​ហ៊ុន ៥% ប៉ុណ្ណោះ។ ក្រុមហ៊ុន​ចំនួន ៣០ ឬ​ស្មើ​នឹង​ជាង ២៦% មាន​ជាប់​ខ្សែ​ជាមួយ​គ្រួសារ ហ៊ុន ចុះបញ្ជី​ដាក់​ថា​ជា​ក្រុមហ៊ុន​ឯកជន​សមាជិក​ទោល​មាន​កំណត់ (Single Member Private Limited Company)។ ក្រុមហ៊ុន​ទាំង ៣០ នេះ មាន​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ធ្វើជា​ប្រធាន ឬ​ធ្វើជា​នាយក ឬ​ជា​នាយិកា​ទាំងអស់។

បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ចំអក​ថា ប្រសិនបើ​អ្នក​ទាំងនោះ​យក​លោក និង​ត្រកូល​ហ៊ុន​ជា​សត្រូវ​ហើយ រូបលោក​គ្មាន​អ្វី​ក្រៅពី​ទប់ស្កាត់​មិន​ឲ្យ​ពួកគេ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា កន្លងមក​មាន​អ្នក​ខ្លះ​បាន​រិះគន់​ថា លោក​គ្មាន​សមត្ថភាព​អ្វី​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ លោក​ថា​អ្នក​ដែល​គ្មាន​សមត្ថភាព​មួយ​នេះ​បាន​ដឹកនាំ​ប្រទេស ខណៈ​អ្នក​ដែល​មាន​សមត្ថភាព​បែរ​ជា​បាន​ត្រឹម​រត់​ចោល​ស្រុក​តែប៉ុណ្ណោះ។

ការ​ចំអក​របស់​លោក ហ៊ុន សែន ទំនង​សំដៅ​ដល់​អ្នក​រិះគន់​មួយ​រូប គឺ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ព្រះអង្គ​បាន​ឡាយ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ​រយៈពេល​ជាង ៣០​នាទី ដោយ​ដាក់​ចំណងជើង​ថា «ហ៊ុន សែន ថា សាន្ត ប៊ុនធឿន អស់​កែ តែ​អាត្មា​ថា ហ៊ុន សែន កែ​មិន​កើត មាន​តែ​ដក​ចេញ» ហើយ​រឿង «ព្រៃ​ភ្នំ​តាម៉ៅ ត្រូវ​គេ​រៀបចំ​បំភាន់​ភ្នែក​ពលរដ្ឋ​ទេ កុំ​ចេះ​តែ​អរ»

ជា​ការ​ឆ្លើយតប លោក ហ៊ុន សែន អះអាង​ថា ចរិត​របស់​លោក​កែ​មិន​ឡើង​នោះ ជា​រឿង​ត្រឹមត្រូវ​ហើយ ហើយ​ថា​មួយ​ជីវិត​របស់​លោក គឺ​មិន​កែ​ចរិត​ដាច់ខាត។ ក្រៅពី​ការ​ឆ្លើយតប​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ហើយ លោក ហ៊ុន សែន ក៏​បាន​ហៅ​ព្រះអង្គ​ថា «អា​ខ្មៅ» ថែម​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស