31 C
Phnom Penh

អាមេរិក​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឆាប់​ចាកចេញ​ពី​អ៊ុយក្រែន​ដោយ​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​បង្កើន​ការ​វាយប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​គៀវ នៃ​ប្រទេស​អ៊ុយក្រែន និង​ក្រសួង​ការបរទេស​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​ធ្វើការ​ព្រមាន​អំពី​ការ​កើន​ឡើង​ដោយ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ដែល​ប្រទេស​នេះ​ត្រូវ​រៀបចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ សីហា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ ប្រសិនបើ​ពួកគេ​អាច​ធ្វើ​បាន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា នេះ។

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​គៀវ បាន​ផ្ញើ​សារ​ដាស់តឿន​ដល់​ពលរដ្ឋ​របស់​ខ្លួន​តាមរយៈ​គេហទំព័រ​ផ្លូវការ​ថា ក្រសួង​ការបរទេស​បាន​ទទួល​ព័ត៌មាន​ថា ប្រទេស​រុស្ស៊ី​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បើក​ការ​វាយប្រហារ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។

ស្ថានទូត​ប្រទេស​មហា​អំណាច​នេះ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់ ចាកចេញ​ពី​អ៊ុយក្រែន​ចាប់ពី​ការ​ជូនដំណឹង​នេះ តាម​មធ្យោបាយ​ដឹកជញ្ជូន​ឯកជន ប្រសិនបើ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ។ ជាមួយ​គ្នា​នេះ រដ្ឋបាល​ទីក្រុង​គៀវ ក៏​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​ជា​សាធារណៈ​ក្នុង​រដ្ឋធានី​នៅ​ចំ​ថ្ងៃ​ខួប​នៃ​ឯករាជភាព​របស់​ខ្លួន​ពី​ការ​គ្រប់គ្រង​របស់​សហភាព​សូវៀត ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ សីហា នេះ ដោយ​លើកឡើង​ពី​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​នៃ​ការ​វាយប្រហារ​របស់​កង​កម្លាំង​រុស្ស៊ី។

តែ​ក្ដី​បារម្ភ​មួយ​ទៀត​នោះ គឺ​ទំនង​អាមេរិក​គិត​ថា រុស្ស៊ី​អាច​នឹង​វាយ​សងសឹក​ចំពោះ​មរណភាព​របស់​អ្នកស្រី Darya Dugina ជា​កូនស្រី​លោក Alexandr Dugin ដែល​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​នឹង​លោក វ៉្លាឌីមៀរ ពូទីន ហើយ​ក៏​ជា​អ្នក​កំណត់​យុទ្ធសាស្ត្រ​ឲ្យ​លោក ពូទីន ក្នុង​ការ​លើក​ទ័ព​វាយ​លុកលុយ​ប្រទេស​អ៊ុយក្រែន។

អ្នកស្រី Darya Dugina ជា​កូនស្រី​លោក Alexandr Dugin ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​ឥទ្ធិពល​ទៅ​លើ​លោក ពូទីន។ អ្នកស្រី​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​រថយន្ត​របស់​អ្នកស្រី​ដោយ​គ្រាប់បែក​នៅ​ក្បែរ​ក្រុង​មូស្គូ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មក​នេះ។ ក្នុង​ហេតុការណ៍​នេះ ក្រុម​ចារកម្ម​របស់​រុស្ស៊ី បាន​សន្និដ្ឋាន​ដោយ​ចោទ​ទៅ​លើ​ក្រុម​ភ្នាក់ងារ​ចារកម្ម​សម្ងាត់​របស់​អ៊ុយក្រែន ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។

ការិយាល័យ​សន្តិសុខ​រុស្ស៊ី FSB បាន​ចេញ​លិខិត​ប្រកាស​មួយ​ដោយ​អះអាង​ថា ឃាតកម្ម​សម្លាប់​អ្នកស្រី Darya Dugina គឺ​ចារកិច្ច​សម្ងាត់​អ៊ុយក្រែន​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​នេះ។

ក្រុម​ចារកម្ម​របស់​រុស្ស៊ី​លើកឡើង​ថា រថយន្ត​របស់​អ្នកស្រី Darya Dugina ត្រូវ​បាន​ស្ត្រី​ចារកម្ម​ម្នាក់​របស់​អ៊ុយក្រែន គឺ​នាង Natalia Vovk បន្លំ​ដាក់​បង្កៃ​គ្រាប់បែក​ក្នុង​ពេល​ដែល​អ្នកស្រី Darya Dugina ចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បុណ្យ​វប្បធម៌​មួយ​នៅ​ជាយក្រុង​មូស្គូ។

បើ​តាម​ចារកម្ម​របស់​រុស្ស៊ី ឲ្យ​ដឹង​ថា អ្នកស្រី Natalia Vovk បាន​បន្លំ​ចូល​មក​ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ខែ​កក្កដា ចំ​ពេល​ដែល​ប្រទេស​អ៊ុយក្រែន​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម។ នាង​បាន​មក​ជាមួយ​នឹង​កូនស្រី​របស់​នាង​ម្នាក់​អាយុ ១២​ឆ្នាំ។ ក្រោយ​ហេតុការណ៍​បំផ្ទុះ​រថយន្ត​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២០ ខែ​សីហា អ្នកស្រី Natalia Vovk បាន​នាំ​កូន​រត់​ចេញ​ទៅ​ប្រទេស​អេស្តូនី។

អ្នកស្រី Darya Dugina អាយុ ២៩​ឆ្នាំ គឺជា​អ្នកកាសែត និង​ជា​អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ។ អ្នកស្រី​ធ្លាប់​ធ្វើ​ការ​ឱ្យ​ទូរទស្សន៍ Tsargrad ដែល​គេ​ស្គាល់​ថា​ជា​បណ្ដាញ​ទូរទស្សន៍​នៃ​ក្រុម​ជាតិ​និយម​រុស្ស៊ី តែងតែ​និយាយ​លើក​សរសើរ​ការ​ដឹកនាំ​របស់​លោក ពូទីន។ អ្នកស្រី Darya Dugina មាន​ទស្សនៈ​មិន​ខុស​នឹង​ឪពុក​របស់​អ្នកស្រី​នោះ​ទេ។

ឪពុក​របស់​អ្នកស្រី គឺ​លោក Alexandr Dugin ជា​មិត្ត​យុទ្ធសាស្ត្រ​ជាតិ​និយម​របស់​លោក ពូទីន។ លោក Alexandr Dugin ជា​មិត្ត​ជិតស្និទ្ធ និង​មាន​ឥទ្ធិពល​ទៅ​លើ​រូប​លោក ពូទីន ជា​ខ្លាំង។ បុរស​នេះ​ហើយ​ជា​អ្នក​គូស​ផ្លូវ​ឲ្យ​លោក ពូទីន លើក​ទ័ព​វាយ​យក​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​ទៅ​រំដោះ​ប្រជាជន​រុស្ស៊ី នៅ​ក្នុង​តំបន់​នេះ​ឲ្យ​ចេញពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​កងទ័ព​អ៊ុយក្រែន។

បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​ទៀត​ថា ហេតុការណ៍​បំផ្ទុះ​រថយន្ត​របស់​អ្នកស្រី Darya Dugina ត្រូវ​គេ​ជឿ​ថា គឺជា​ឃាតកម្ម​សំដៅ​ទៅ​លើ​រូប​លោក Alexandr Dugin នោះ​ទៅវិញ​ទេ។

ចំពោះ​ឧបទ្ទវហេតុ​នេះ លោក ពូទីន បាន​ថ្លែង​ចាត់ទុក​ជា​អំពើ​ឃាតកម្ម​ដ៏​ថោកទាប​បំផុត។ លោក ពូទីន បាន​សរសើរ​អ្នកស្រី Darya Dugina ថា​ជា​អ្នក​ស្នេហា​ជាតិ​រុស្ស៊ី​ម្នាក់​ដែល​មាន​ភាព​ក្លាហាន និង​ស្មោះត្រង់​នឹង​ប្រទេស​ជាតិ​ខ្លួនឯង។

យ៉ាងណា ជំនួយការ​របស់​លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា ទីក្រុង​គៀវ មិន​បាន​ពាក់ព័ន្ធ​អ្វី​នឹង​ការ​ធ្វើ​ឃាត​អ្នកស្រី Darya Dugina កូន​របស់​លោក Alexandr Dugin នោះ​ទេ។ ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​អ៊ុយក្រែន លោក Mikhail Podoliak បាន​បញ្ជាក់​ថា អ៊ុយក្រែន​មិន​ជា​រដ្ឋ​ភេរវកម្ម​នោះ​ទេ។ លោក Mikhail Podoliak បាន​ចោទ​បក​វិញ​ថា ការ​សម្លាប់​កូនស្រី​របស់​មនុស្ស​ជំនិត​នឹង​លោក ពូទីន អាច​កើត​ចេញពី​ការ​តស៊ូ​ដណ្ដើម​អំណាច និង​ឥទ្ធិពល​ក្នុង​ចំណោម​ក្រុម​មន្ត្រី​នៅ​ជុំវិញ​លោក ពូទីន។

តាម​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​រុស្ស៊ី ការ​បំផ្ទុះ​គ្រាប់បែក​ដែល​បណ្ដាល​ឱ្យ​អ្នកស្រី Darya Dugina ស្លាប់ អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Alexandr Dugin ជាជាង​អ្នកស្រី Darya។ តែ​ខណៈ​នោះ ស្រាប់​តែ​លោក Alexandr Dugin ដូរ​រថយន្ត​ជាមួយ​នឹង​កូនស្រី​នៅ​នាទី​ចុងក្រោយ។ ចំពោះ​សហរដ្ឋ​អាមេរិក មិនទាន់​បញ្ចេញ​ទស្សនៈ​ជា​ផ្លូវការ​ចំពោះ​ឃាតកម្ម​នេះ​ទេ។

តែ​ក្រសួង​ការបរទេស​នៃ​ប្រទេស​មហាអំណាច​នេះ​គិត​ថា លោក ពូទីន អាច​នឹង​ប្រតិកម្ម ហើយ​វាយ​សងសឹក​ករណី​នេះ​ដោយ​ការ​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ទៅ​លើ​គោលដៅ​ស៊ីវិល​នៅ​លើ​ទឹកដី​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស