38 C
Phnom Penh

លោក សម រង្ស៊ី ប្រកាស​ចូលរួម​សវនាការ ប៉ុន្តែ​ទាមទារ​រដ្ឋាភិបាល​លុប​ចោល​បម្រាម​បិទ​ផ្លូវ​មិន​ឲ្យ​លោក​ចូល​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ថា​នឹង​ទៅ​ចូលរួម​សវនាការ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​លុប​ចោល​បម្រាម​ដែល​ធ្លាប់​បិទ​ផ្លូវ​លោក​មិន​ឱ្យ​វិល​ចូល​ស្រុក​កន្លងមក ព្រមទាំង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ទទួល​រូបលោក​តាម​ការ​ស្ម័គ្រចិត្ត​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​ភាព​ក្លាហាន​ឲ្យ​លោក​វិលត្រឡប់​ទៅ​កម្ពុជា​ពិតប្រាកដ​មែន រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​ត្រូវតែ​លើក​បម្រាម​មួយ​ចំនួន​ដែល​ធ្លាប់​ហាមឃាត់​រូបលោក​នា​ពេល​កន្លងមក។

អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ចង់​ឲ្យ​លោក ហ៊ុន សែន ដក​បម្រាម គឺ៖

  • ទី​១ លោក ហ៊ុន សែន ធ្លាប់​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មិន​ឲ្យ​ដឹក​រូបលោក​ទៅ​កាន់​អាកាសយានដ្ឋាន​ណា​មួយ​នៅ​ប្រទេស​កម្ពុជា។
  • ទី​២ ដក​បម្រាម​ដែល​លោក ហ៊ុន សែន បាន​អង្វរ​រដ្ឋាភិបាល​ថៃ ហាមឃាត់​រូបលោក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ ឆ្ពោះ​ទៅ​ប្រទេស​កម្ពុជា តាម​ផ្លូវ​គោក ដោយ​ឆ្លងកាត់​ទឹកដី​ថៃ។
  • ទី​៣ ដក​ការ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ទទួល​រូបលោក​តាម​ការ​ស្ម័គ្រចិត្ត​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​កម្ពុជា។

លោក សម រង្ស៊ី បញ្ជាក់​ថា ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​ដែល​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​យក​ទៅ​កាត់ទោស​តាម​សាច់រឿង​ដែល​ពួកគេ​បាន​ប្រឌិត​ឡើង ប៉ុន្តែ​នៅ​ពេល​លោក​ត្រៀម​ចូល​ទៅ​កម្ពុជា​ឲ្យ​តុលាការ​កម្ពុជា​ចាប់​ខ្លួន ស្រាប់តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើ​វិធី​ហាមឃាត់​មិន​ឲ្យ​លោក​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​បាន​ទៅវិញ។

កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ៨​នាក់​ទៀត រួម​មាន​អ្នកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ ជាដើម ឲ្យ​ចូលរួម​សវនាការ​ដើម្បី​ឆ្លើយ​ដោះសា​ពី​ការ​ចោទប្រកាន់​លើ​ពួកគេ​ចំពោះ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​សកម្មជន​ប្រមាណ​ជា ៣០​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​នេះ​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ ខែ​សីហា នេះ​ថា ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​បម្រាម​ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​វិល​ទៅ​កម្ពុជា​វិញ​ក្នុង​បំណង​ចូលរួម​សវនាការ​នៅ​ពេល​ខាងមុខ​នេះ គ្រាន់តែ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ ដើម្បី​កុហក​ឲ្យ​ពលរដ្ឋ​ឃើញ​សកម្មភាព​នយោបាយ​របស់​គាត់​ក្នុង​ការ​តតាំង​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែប៉ុណ្ណោះ ខណៈ​បំណង​ពិតប្រាកដ​របស់​លោក សម រង្ស៊ី នៅ​ពេលនេះ មិន​មាន​គម្រោង​វិល​ទៅ​កម្ពុជា​ពិតប្រាកដ​នោះ​ឡើយ។

លោក សេក សុជាតិ អះអាង​ថា ក្នុង​នាម​លោក សម រង្ស៊ី ដែល​កាន់​លិខិត​ឆ្លងដែន​សញ្ជាតិ​បារាំង គាត់​អាច​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​ពី​ក្រុមហ៊ុន​ទាំងអស់​ដោយ​គ្មាន​បញ្ហា​នោះ​ទេ​នៅ​ពេល​ដែល​លិខិត​ឆ្លងដែន​កម្ពុជា​របស់​គាត់​ផុត​សុពលភាព។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​លោក​ទិញ​សំបុត្រ​យន្តហោះ​ទៅ​កម្ពុជា ហើយ​មាន​ក្រុម​អាកាសចរណ៍​ណា​មួយ​ចេញ​មុខ​បដិសេធ​មិន​លក់​ឲ្យ នោះ​លោក សម រង្ស៊ី អាច​ដាក់​លិខិត​ទៅ​ក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​សុំ​ការ​បកស្រាយ និង​សុំ​ការ​អន្តរាគមន៍​លើ​ហេតុផល​នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ក្នុង​ឋានៈ​លោក សម រង្ស៊ី ជា​អតីត​មេដឹកនាំ​ប្រឆាំង​ដែល​ល្បីល្បាញ​មួយ​រូប លោក​ក៏​អាច​ដាក់​លិខិត​ទៅ​កាន់​មេដឹកនាំ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ជួយ​សម្របសម្រួល​ថែម​ទៀត។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​គ្រាន់តែ​ជា​ការ​និយាយ​យក​បុង​ឱ្យ​ខ្លួនឯង ឬ​និយាយ​ឱ្យ​ល្អ​ស្ដាប់​តែប៉ុណ្ណោះ។ លោក​ថា លោក សម រង្ស៊ី នឹង​មិន​ក្លាហាន​មក​កម្ពុជា​ទេ ព្រោះ​បើ​មក លោក សម រង្ស៊ី អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ប្រមាណ ១៦០​ឆ្នាំ​ឯណោះ។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ម្តង​រួច​មក​ហើយ​គឺ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ត្រូវ​បរាជ័យ​ទាំងស្រុង ខណៈ​សកម្មជន និង​មន្ត្រី​បក្ស​នេះ​ត្រូវ​រង​នូវ​ការ​ចាប់​ឃុំ​ខ្លួន និង​កាត់ទោស​ពី​សំណាក់​តុលាការ​កម្ពុជា ក្រោម​បទ​ចោទ ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ចំណែក​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​លើក​ទី​២ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅវិញ​រហូត​ដល់​ពេលនេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស