28 C
Phnom Penh

លោក ហ៊ុន សែន ដក​អភិបាល​ក្រុង​តាខ្មៅ​ចេញពី​តួនាទី​និង​ជំនួស​ដោយ​អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ផ្លាស់ប្ដូរ​តួនាទី​លោក នូ សុវណ្ណរ៉ា ចេញពី​តួនាទី​អភិបាល​ក្រុង​តាខ្មៅ ខណៈ​អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល លោក ឃឹម សំភារ ត្រូវ​មក​ជំនួស​លោក​វិញ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ដោយ​បាន​ប្ដូរ​លោក នូ សុវណ្ណរ៉ា ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្ត​កណ្ដាល វិញ។ ចំណែក​អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល លោក ឃឹម សំភារ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ក្រុង​តាខ្មៅ ជំនួស​លោក នូ សុវណ្ណរ៉ា។

ការ​ផ្លាស់ប្ដូរ​លោក នូ សុវណ្ណរ៉ា ចេញពី​តួនាទី​ជា​អភិបាល​ក្រុង​តាខ្មៅ នេះ អាច​ទំនង​មាន​សំណើ​ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ក្រោយពី​មាន​ការ​បែកធ្លាយ​សារ​សំឡេង​រវាង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ជាមួយ​ចៅសង្កាត់​តាខ្មៅ លោក ជៀម ខូយ ពាក់ព័ន្ធ​ភាព​អសកម្ម​ចំពោះ​ការងារ​របស់​លោក នូ សុវណ្ណរ៉ា កំពុង​កាន់​តួនាទី​ជា​អភិបាល​ក្រុង។

ក្នុង​សារ​សំឡេង​នោះ អភិបាល​ខេត្ត​កណ្ដាល បាន​សួរ​ទៅ​ចៅសង្កាត់​ទាក់ទង​ភាព​ចុះ​សម្រុង​ការងារ​រវាង​ថ្នាក់​ក្រោម និង​ការ​ទទួល​ការងារ​ពី​សំណាក់​អភិបាល​ក្រុង និង​អភិបាលរង​ក្រុង​តាខ្មៅ បច្ចុប្បន្ន។

ឆ្លើយតប​នឹង​សំណួរ​អភិបាល​ខេត្ត​កណ្ដាល ចៅសង្កាត់​តាខ្មៅ លោក ជៀម ខូយ និយាយ​ថា អភិបាល​ក្រុង និង​អភិបាលរង​បច្ចុប្បន្ន​មិន​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​របស់​ខ្លួន​ឡើយ។

យ៉ាងណាក៏ដោយ ការ​ផ្លាស់ប្ដូរ​លោក នូ សុវណ្ណរ៉ា ចេញពី​តួនាទី​អភិបាល​ក្រុង​តាខ្មៅ បន្ទាប់ពី​មាន​ហេតុការណ៍​កម្មករ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​បាន​នាំគ្នា​សម្រុក​រត់​ចេញពី​កាស៊ីណូ​មួយ​ក្នុង​ស្រុក​កោះធំ មិនមែន​ជា​ករណី​បង្ខាំង​ឡើយ។

យោង​តាម​វីដេអូ​ឃ្លីប​ចំនួន​ពីរ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ បង្ហាញ​ថា មនុស្ស​មួយ​ក្រុម​បាន​នាំគ្នា​រត់​សម្រុក​គេច​ចេញ​តាម​ខ្លោងទ្វារ​នៃ​បរិវេណ​អគារ​មួយ​កន្លែង ហើយ​បន្ទាប់មក​ពួកគេ​ទាំងនោះ​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ព្រែក​ដែល​ជា​ទីតាំង​កើតហេតុ​នោះ ស្ថិត​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ។ ក្នុង​ហេតុការណ៍​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​សន្តិសុខ​ដេញ​តាម​ចាប់​ពួកគេ​ពីក្រោយ​ផង​ដែរ។

ចំណែក​វីដេអូ​ទី​២ ដែល​ហាក់​ថត​ចេញពី​ខាង​ភាគី​វៀតណាម ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​រូបភាព​មនុស្ស​សម្រុក​រត់​ចុះ​ទៅ​កាន់​ទឹក​ព្រែក ដើម្បី​ហែល​រត់​គេច​ខ្លួន​ផង​ដែរ ខណៈ​អាជ្ញាធរ​វៀតណាម បាន​ឱ្យ​ដឹង​ថា មាន​មនុស្ស​សរុប ៤២​នាក់​បាន​ព្យាយាម​រត់​គេច​ចេញពី​ក្រុមហ៊ុន​កាស៊ីណូ​កម្ពុជា​មួយ​កន្លែង។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ អភិបាល​ខេត្ត​កណ្ដាល ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​ស្អាង អភិបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ទុក​ពេល​ឲ្យ​ធ្វើការ​រយៈពេល ២០​ថ្ងៃ ដើម្បី​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រមាណ​ជាង ៧០​គ្រួសារ​ប្រើប្រាស់ ដោយ​លោក​លើកឡើង​ថា មន្ត្រី​ថ្នាក់​ក្រោម​ទាំងនេះ​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​លោក​ជុំវិញ​ការ​ដោះស្រាយ​លើ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ជូន​ពលរដ្ឋ​រហូត​មក។

សូម​បញ្ជាក់​ថា លោក នូ សុវណ្ណរ៉ា ជា​អភិបាលរង​ក្រុង​តាខ្មៅ បាន​ឡើង​មក​កាន់​តំណែង​ជា​អភិបាល​ក្រុង​តាខ្មៅ ជំនួស​លោក ហេង ធៀម ដែល​បាន​ចូល​និវត្តន៍​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស