អនុប្រធានបក្សកាន់អំណាច លោក ស ខេង អះអាងថា ការបោះឆ្នោតនៅកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិស្របតាមគោលការណ៍ប្រជាធិបតេយ្យជានិច្ច និងប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា ហើយពលរដ្ឋបានចូលរួមដោយសេរី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ថា កម្ពុជាតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងនោះ កម្ពុជាបានអនុវត្តនូវការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជាតិ និងការបោះឆ្នោតព្រឹទ្ធសភា ជាដើម។
លោក ស ខេង អះអាងថា បច្ចុប្បន្ននេះមានគណបក្សនយោបាយចំនួន ៤៥គណបក្ស បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀតដែលកំពុងអនុវត្តសកម្មភាពទៅតាមមុខងាររបស់ពួកគេរៀងៗខ្លួនបានដោយរលូនផងដែរ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ សីហា នេះថា លោកមិនយល់ស្របទៅនឹងការលើកឡើងរបស់លោក ស ខេង ទាំងស្រុងនោះទេ ព្រោះថានីតិវិធីរបស់ គ.ជ.ប សព្វថ្ងៃនេះ គឺបង្កភាពស្មុគស្មាញដល់គណបក្សក្រៅរដ្ឋាភិបាលយ៉ាងខ្លាំង ដូចជាការកែប្រែនីតិវិធីរបស់ទម្រង់ ១១០២ និងការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោតកាលពីបោះឆ្នោតឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ ជាដើម។
លោកបន្ថែមថា ក្រៅពីនីតិវិធីរបស់ គ.ជ.ប ដែលរឹតត្បិតទៅគណបក្សនយោបាយ អាជ្ញាធរមូលដ្ឋានដូចជាមេភូមិ ជាដើម ក៏ជាតួអង្គមួយដែលបង្កការភ័យខ្លាចទៅដល់ពលរដ្ឋផងដែរ ព្រោះថាពួកគេបានប្រើតួនាទីជាមេភូមិទៅជាជាមេបក្សប្រចាំភូមិ សម្រាប់តាមពលរដ្ឋដែលមាននិន្នាការមិនគាំទ្រដល់បក្សកាន់អំណាច ជាជាងបម្រើពលរដ្ឋសព្វថ្ងៃនេះ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ដើម្បីធានាឲ្យមានគណបក្សចម្រុះក្នុងរដ្ឋសភាស្របតាមទម្រង់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលគួរតែប្រើរូបមន្តគណនាអាសនៈមធ្យមខ្ពស់បំផុតដូចឆ្នាំ១៩៩៣ ដែលបង្កើតឡើងដោយអ៊ុនតាក់ (UNTAC) វិញ ត្បិតរូបមន្តគណនាអាសនៈសព្វថ្ងៃនេះមិនអាចជួយឲ្យគណបក្សដែលជាសំឡេងភាគតិចមានតំណាងក្នុងរដ្ឋសភាបាននោះទេ។
លោកបន្ថែមទៀតថា លើសពីនេះ រដ្ឋាភិបាលក៏គួរតែពិចារណាកែមាត្រា២៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជាតិផងដែរ ដែលតម្រូវឲ្យគណបក្សនយោបាយនីមួយៗរៀបបក្ខជនឈរឈ្មោះឲ្យបាន ១ភាគ៣ ដែលស្មើនឹង ៤១រូប សម្រាប់ចូលរួមការបោះឆ្នោត ដែលជាមូលហេតុបង្កការលំបាកដល់គណបក្សដែលមានសំឡេងភាគតិចយ៉ាងខ្លាំងក្នុងការចូលរួមប្រកួតប្រជែងនៅពេលបោះឆ្នោត ដែលពួកគេត្រូវតែរៀបបេក្ខជនរហូតដល់ទៅជិតពាក់កណ្តាលនៃមណ្ឌលបោះឆ្នោតដែលមានសរុប ២៥នៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ននេះ។
យោងតាមមាត្រា២៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជាតិ ចែងថា បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវតែមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១ភាគ៣ នៃចំនួនអាសនៈក្នុងរដ្ឋសភា៕