36 C
Phnom Penh

ក្រសួង​បរិស្ថាន​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាមរយៈ​ការ​លក់​ឥណទាន​កាបូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ តាមរយៈ​ការ​លក់​ឥណទាន​កាបូន​បាន​ប្រមាណ​ជា ១១​លាន ៦​សែន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមក។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​កន្លងមក​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​ឈាន​ដល់​របត់​ថ្មី​មួយ​ដែល​អាច​ទទួល​បាន​ចំណូល​ពី​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ពី​ការ​លក់​ឥណទាន​កាបូន​ក្នុង​គម្រោង​រេដ​បូក កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​អះអាង​ថា ចាប់ពី​ឆ្នាំ​២០១៦ កន្លងមក ក្រសួង​បរិស្ថាន​បាន​រៀបចំ​គម្រោង​រេដ​បូក​ចំនួន​៣ គឺ​គម្រោង​រេដ​បូក​កែវសីមា គម្រោង​រេដ​បូក​ក្រវាញ​ខាងត្បូង និង​គម្រោង​រេដបូក​ព្រៃឡង់ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន​នេះ​ប្រមាណ​ជា ១១​លាន ៦​សែន​ដុល្លារ​អាមេរិក។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា នេះ​គឺជា​របត់​ថ្មី​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​នឹង​លុបបំបាត់​ទស្សនៈ​ថា ទាល់​តែ​កាប់​ព្រៃឈើ​ទើប​ទទួល​បាន​ប្រាក់ចំណូល មក​ជា​ប្រទេស​ដែល​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​ការពារ និង​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន​ក្រោម​ទិស​ស្លោក រក្សា​ឈើ​ឈរ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ច្រានចោល​ចំពោះ​មតិ​ដែល​តែងតែ​រិះគន់​ថា កម្ពុជា​បាន​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រសួង​បរិស្ថាន​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​ដៃគូ កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​បន្ថែម​ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុជា​មាន ក្រោយពី​ជោគជ័យ​ក្នុង​ការ​លក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ទឹកប្រាក់​ជាង ១១​លាន​ដុល្លារ​អាមេរិក​សម្រាប់​យក​ថវិកា​ទៅ​បង្កើន និង​ពង្រឹង​ការ​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន។

ជុំវិញ​ការ​ទាត់​ចោល​នូវ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​របស់​ក្រសួង​បរិស្ថាន​នេះ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា កាលពី​ពេល​ថ្មីៗ​នេះ​បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក​បន្ត​ថា ទោះជា​មន្ត្រី​ខ្លះ​បាន​ដឹង​ថា​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ឱ្យ​លោក​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ រិះគន់​ថា ការ​ដែល​មន្ត្រី​ថ្នាក់​ក្រោម​អាច​កាប់​ឈើ​ទៅ​បាន លុះត្រាតែ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​លើ​អនុញ្ញាត ដូច្នេះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួល​ខុសត្រូវ​ទៅ​តាម​ច្បាប់ ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​មាន​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់?

លោក​បន្ត​ថា រូបលោក​មាន​ទាំង​ឯកសារ និង​ភស្តុតាង​អំពី​ការ​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់​ច្រើន​ណាស់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ដែល​យកចិត្ត​ទុកដាក់​ពិនិត្យ​មើល​របាយការណ៍​ទាំងនេះ​ឡើយ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស