បុរសខ្លាំងកម្ពុជាដែលចូលចិត្តប្រើកណ្ដាប់ដៃដែកបង្ក្រាបសកម្មជនសិទ្ធិមនុស្ស លោក ហ៊ុន សែន អះអាងថា ការប្រមូលផ្ដុំមនុស្សប្រមាណ ២ម៉ឺននាក់មកពីតាមបណ្តាខេត្តចំនួន១៩ នៅកម្ពុជារបស់មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន គឺជាទង្វើខុសច្បាប់ ប៉ុន្តែលោកនឹងមិនចាត់វិធានការច្បាប់នោះទេ ព្រោះថាការប្រមូលផ្ដុំនេះមិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាល គ្រាន់តែស្ថិតក្នុងក្របខ័ណ្ឌអបិយជំនឿតែប៉ុណ្ណោះ។
លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះថា មេបក្សជួងលោក ខឹម វាសនា មិនមែនជាក្រុមជ្រុលនិយមនោះទេ គ្រាន់តែស្ថិតក្នុងក្របខ័ណ្ឌអបិយជំនឿតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានច្រានចោលនូវការលើកឡើងថា លោកជាអ្នកនៅពីក្រោយនៃការប្រមូលផ្ដុំរបស់ក្រុមអ្នកគាំទ្រលោក ខឹម វាសនា ដែលថាដើម្បីបន្លប់ស្ថានការណ៍ទាក់ទងទៅនឹងទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅវៀតណាម និងករណីធ្វើរបងព័ទ្ធភ្នំតាម៉ៅ។
លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋដែលកំពុងស្នាក់នៅទីនោះវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងនោះលោក ហ៊ុន សែន បញ្ជាក់ថា លោកក៏បានចេញបទបញ្ជាឱ្យអាជ្ញាធរការពារកុំឱ្យមានបាតដៃទី៣ និងការដណ្តើមកាន់កាប់ដីរបស់អ្នកដទៃពីក្រុមរបស់លោក ខឹម វាសនា ដែលកំពុងប្រមូលផ្ដុំគ្នានៅទីនោះ។ លោកបន្ថែមថា ក្រៅពីនេះ គឺគ្មានចំណាត់ការលើលោក ខឹម វាសនា ឬបំបែកការប្រមូលផ្ដុំនេះឡើយ បើទោះបីជាមេបក្សជួងរូបនេះបានប្រមាថធ្ងន់ធ្ងរមកលើលោកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សជួងដែលតាំងខ្លួនជាព្រះព្រហ្ម បានជេរប្រមាថទៅលើប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដោយការប្រើពាក្យអសុរោះធ្ងន់ធ្ងរកាលពីយប់ថ្ងៃអង្គារ ទី៣០ សីហា។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកប្រមាថទៅលើភាពពិការភ្នែករបស់លោក ហ៊ុន សែន ហើយថាលោក ហ៊ុន សែន គឺជាយួនដែលក្លែងបន្លំខ្លួនមកដឹកនាំកម្ពុជា។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ សីហា នេះថា ការមិនចាត់វិធានការច្បាប់របស់លោក ហ៊ុន សែន លើលោក ខឹម វាសនា គឺបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍នៃការប្រមូលផ្ដុំនេះបានធ្វើឱ្យលោក ហ៊ុន សែន ចំណេញនយោបាយរបស់គាត់ ដែលលោក ហ៊ុន សែន កំពុងព្យាយាមបិទបាំងនៅពេលនេះដូចជាការបន្ធូរការរិះគន់ជុំវិញការព័ទ្ធរបងនៅតំបន់ភ្នំតាម៉ៅ ជាដើម។
លោក ម៉ែន ណាត លើកឡើងថា ប្រវត្តិនយោបាយរបស់លោក ខឹម វាសនា បានជួយផ្តល់ផលចំណេញដល់លោក ហ៊ុន សែន រហូតមក ដូចជាការជួយលើកដៃគាំទ្រការអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ក្នុងនាមខ្លួនជាតំណាងរាស្ត្របក្សប្រឆាំង ជួយវាយប្រហារគណបក្សប្រឆាំងចាប់តាំងពីបើកគណបក្សតាំងពីឆ្នាំ២០១៦ ជួយបោះឆ្នោតឱ្យក្រុមប្រឹក្សាស្រុកឱ្យបក្សកាន់អំណាចឆ្នាំ២០១២ ដែលលោក ខឹម វាសនា ធ្លាប់ប្រកាសលក់ ១សន្លឹក ៥០០ដុល្លារ ដើម្បីទិញនំបញ្ចុក ជាដើម។
ជាងនេះទៅទៀត លោក ខឹម វាសនា ក៏ធ្លាប់ជួយលោក ហ៊ុន សែន ក្នុងការំលាយគណបក្សសង្គ្រោះជាតិដែរ តាមរយៈនៃការចេញលិខិតគាំទ្របន្ទាប់ពីតុលាការកំពូលក្រុងភ្នំពេញប្រកាសរំលាយបក្សប្រឆាំងដ៏ធំមួយនេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការអនុគ្រោះរបស់លោក ហ៊ុន សែន លើលោក ខឹម វាសនា គឺជារឿងដែលគេមិនគួរប្រកាន់នោះទេ ប៉ុន្តែទង្វើបែបនេះ លោក ហ៊ុន សែន មិនដែលធ្វើដាក់អ្នកនយោបាយផ្សេង ឬក្រុមសកម្មជននានា ឬក្រុមកម្មករនិយោជិតម្តងណាឡើយ គឺមានតែបង្ក្រាបប៉ុណ្ណោះ បើទោះបីជាអ្នកទាំងនោះជួបជុំគ្នាដើម្បីសិទ្ធិសេរីភាពបញ្ចេញមតិក្នុងកម្រិតតិចតួចក៏ដោយ។
នៅថ្ងៃទី៣១ ខែសីហា នេះ អាជ្ញាធរខេត្តសៀមរាប បានដាក់កម្លាំងទៅដល់ដីចម្ការលោក ខឹម វាសនា ដើម្បីដឹកជញ្ជូនពលរដ្ឋដែលមានបំណងចេញពីទីនោះ ក្នុងនោះមានពលរដ្ឋខ្លះបានចាកចេញតាមការណែនាំរបស់អាជ្ញាធរផងដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងនៅថ្ងៃទី៣១ សីហា នេះថា ក្នុងចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ នៅប្រទេសកូរ៉េខាងត្បូង មានពលរដ្ឋខ្មែរជាង ៤០០នាក់ និងនៅជប៉ុន មានពលរដ្ឋខ្មែរប្រហែលជា ១០០នាក់ ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិតរៀននៅតំបន់កាន់សៃ ប្រទេសជប៉ុន ម្នាក់ផងដែរដែលបានត្រឡប់មកកម្ពុជាវិញតាមការអំពាវនាវរបស់លោក ខឹម វាសនា កាលពីពេលកន្លងទៅ៕