សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំពាវនាវឱ្យតុលាការក្រុងភ្នំពេញបង្វែរសំណុំរឿងរបស់លោក កឹម សុខា ដែលកំពុងដំណើរការសវនាការលើកទី៥៤ នៅពេលនេះ យកទៅដោះស្រាយតាមផ្លូវនយោបាយវិញទើបអាចបញ្ចប់សំណុំរឿងបាន។
សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង លោក ផែង ហេង បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះថា វិធីល្អបំផុតដើម្បីបញ្ចប់សំណុំរឿងលោក កឹម សុខា ឱ្យបានឆាប់ គឺត្រូវដោះស្រាយរវាងអ្នកនយោបាយកំពូលរបស់កម្ពុជា។
លោក ផែង ហេង អះអាងថា ប្រសិនបើការបើកសវនាការនេះធ្វើឡើងដើម្បីគ្រាន់តែអូសបន្លាយពេលវេលាក្នុងចេតនាកុំឱ្យលោក កឹម សុខា អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ខាងមុខនេះបាន នោះគឺរឹតតែបញ្ជាក់កាន់តែច្បាស់ថា សំណុំរឿងនេះគឺពាក់ព័ន្ធនឹងនយោបាយ។ ដូច្នេះ គឺពិតជាមិនអាចដោះស្រាយតាមផ្លូវផ្សេងក្រៅពីអ្នកនយោបាយបានឡើយ។
មេធាវីរូបនេះបញ្ជាក់ថា តំណាងអយ្យការបានព្យាយាមលើកសំណួរផ្សេងៗសួរលោក កឹម សុខា ក្រៅពីការសាកសួរទៅលើអង្គហេតុដែលតុលាការបានចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស បន្ទាប់ពីពួកគេរកមិនឃើញភស្តុតាងដែលខ្លួនបានចោទប្រកាន់លោក កឹម សុខា កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ពេលវេលា និងផ្លូវចិត្តរបស់លោក កឹម សុខា យ៉ាងធ្ងន់ធ្ងរ។
លោក ផែង ហេង អំពាវនាវឱ្យតុលាការលើកពេលនៃការបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ទៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃដើមសប្តាហ៍វិញ ប្រសិនបើតុលាការមានបំណងពន្យារពេលឱ្យកាន់តែយូរនៃការជំនុំជម្រះលើសំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសវនាការរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអូសបន្លាយពេលប្រមាណជិត ៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៧ មក។
អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន សម្រុកចូលចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ។ ចំណែកតុលាការក្រុងភ្នំពេញ ក៏បានចោទប្រកាន់មេបក្សប្រឆាំងរូបនេះពីបទត្រូវរ៉ូវគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា និងបានឃុំខ្លួនលោកក្នុងពន្ធនាគារត្រពាំងផ្លុងជិតព្រំដែនប្រទេសវៀតណាមជាង ១ឆ្នាំ ហើយបន្តឃុំខ្លួនក្នុងផ្ទះរបស់លោករយៈពេលមួយឆ្នាំថែមទៀត។
ប៉ុន្តែក្រោយពីមានសម្ពាធ និងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ តុលាការក្រុងភ្នំពេញបានអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យលោកធ្វើសកម្មភាពនយោបាយដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សមាជិកព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកទំនាក់ទំនងការបរទេស លោក Edward J. Markey បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទលើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ លោក Edward J. Markey ក៏បានប្រសិទ្ធិនាមដល់លោក កឹម សុខា ថាជា «មហាត្មះ គន្ធី (Mahatma Gandhi)» របស់កម្ពុជាថែមទៀតផង។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា រឿងក្តីក្ដាំចោទប្រកាន់មេបក្សប្រឆាំងលោក កឹម សុខា បានក្លាយទៅជាសំណុំរឿងនយោបាយដ៏រសើបធំបំផុតមួយដែលល្បីរន្ទឺ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសលោកសេរី ដែលគេមើលឃើញថាជាការរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រោមការដឹកនាំដែលប្រើអំណាចហួសដែនកំណត់របស់បុរសខ្លាំងកម្ពុជាសព្វថ្ងៃនេះ៕