28.5 C
Phnom Penh

សហគមន៍​ថា​សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​កើតមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ព្រមាន​ចាប់ និង​ដកហូត​តួនាទី​លោក​វរសេនីយ៍ឯក ចាប សារ៉ន ពី​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដោយ។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ខេម សុឃី បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ បើ​ទោះបីជា​មាន​ការ​ស្រែក​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ណា​ក្ដី។

លោក​បន្ថែម​ទៀត​ថា ក្រុម​អ្នក​រកស៊ី​ឈើ​ទាំងអស់​នោះ​ហាក់​មិន​ខ្លាច​ញញើត​ពាក្យ​សម្ដី​ព្រមាន​របស់​លោក សៅ សុខា ឡើយ។ ក្រុម​ឈ្មួញ​ទាំងនោះ​ថែមទាំង​បាន​ព្រមាន​ចាប់​ប្រជា​សហគមន៍​ណា​ដែល​ហ៊ាន​ថតរូប​សកម្មភាព​អំពី​ការ​កាប់ និង​ដឹកឈើ​របស់​ពួកគេ​ទៀត​ផង។

ប្រជា​សហគមន៍​ព្រៃឡង់ ឈ្មោះ ឃៀង បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​មាន​បទបញ្ជា​ពី​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ក៏ដោយ ក៏​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់​ថ្ងៃ។ លោក​បាន​ត្រឹម​តែ​ឈរ​មើល​ការ​ដឹកជញ្ជូន​ឈើ​តែប៉ុណ្ណោះ ដោយ​លោក​គ្មាន​ដែន​សមត្ថកិច្ច​ណា​មួយ​អាច​ទៅ​ទប់ស្កាត់​បាន​នោះ​ទេ។

ប្រជា​សហគមន៍​ព្រៃឡង់ ថា​ក្រុមហ៊ុន​មួយ​នេះ​មាន​មេការ និង​អ្នក​គ្រប់គ្រង គឺ​លោក ចាប សារ៉ន ដែល​ជា​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​មួយ​នេះ​ចូល​ទៅ​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ព្រៃឡង់​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប។

ក្រុមហ៊ុន ម៉ាឃល ឡូជីចស្ទីក របស់​លោក សយ សុផល ទទួល​បាន​សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ពី​ក្រុមហ៊ុន​វៀតណាម PNT នៅ​ឆ្នាំ​២០១៨ ដោយ​បង់ពន្ធ​សួយសារអាករ​ទៅ​រដ្ឋ​ជាង ១០​ម៉ឺន​ដុល្លារ និង​ជាង ៣០០​លាន​រៀល ដើម្បី​ប្រមូល​ឈើ​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច។

កាលពី​ពេល​ថ្មីៗ​នេះ លោក សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចេញ​បញ្ជា​ទៅ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​តាម​ខេត្ត​ទាំងអស់​ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​លើ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ។ ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ប្រមាណ ៤​នាទី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់។

លោក​បន្ត​ថា មន្ត្រី​ខ្លះ​ទោះបីជា​ដឹង​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ទៅ​លោក​ឡើយ។ លោក​បាន​សង្កត់​ធ្ងន់ៗ​ថា រូបលោក​នឹង​ចាត់​វិធានការ​លើ​លោក ចាប សារ៉ន និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ផ្សេង​ទៀត បើសិនជា​ទុក​មន្ត្រី​ទាំងនោះ​ឲ្យ​បន្ត​ធ្វើ​ការ​ទៀត វា​នឹង​បង្ក​ភាព​ចង្រៃ​បង្កើត​រឿង​នៅ​ក្នុង​កងរាជ​អាវុធហត្ថ​មិន​ខាន។

កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​ការពារ​ជាតិ​បាន​ចេញ​លិខិត​មួយ​ដោយ​យល់ព្រម​ឱ្យ​វរសេនីយ៍ឯក ចាប សារ៉ន នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចូលរួម​បង្ហាញ​ភស្តុតាង និង​បង្ហាញ​មុខ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្នើសុំ ពាក់ព័ន្ធ​ករណី​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ក្នុង​ខេត្ត​ព្រះវិហារ និង​បង្ហាញ​មុខ​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ រិះគន់​ថា ការ​ដែល​មន្ត្រី​ថ្នាក់​ក្រោម​អាច​កាប់​ឈើ​ទៅ​បាន លុះត្រាតែ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​លើ​អនុញ្ញាត ដូច្នេះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួល​ខុសត្រូវ​ទៅ​តាម​ច្បាប់ ជាពិសេស​មន្ត្រី​របស់​ក្រសួង​បរិស្ថាន ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​មាន​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស