31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព គឺ​មកពី​តុលាការ​រក​មិន​ឃើញ​កំហុស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល និង​អ្នកវិភាគ លើកឡើង​ថា ការ​ទាមទារ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទទួល​កំហុស គឺ​ដោយសារ​តុលាការ​រក​មិន​ឃើញ​ទោស​កំហុស​របស់​លោក កឹម សុខា។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បើ​តាម​ច្បាប់ មុន​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​បុគ្គល​ណា​ម្នាក់ តុលាការ​ត្រូវ​រក​ភស្តុតាង អង្គហេតុ និង​អង្គច្បាប់​គ្រប់គ្រាន់ ដែល​បញ្ជាក់​ថា​បុគ្គល​រូប​នោះ​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​មិនមែន​ចាប់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ហើយ បែរ​ជា​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ក្នុង​ចោទប្រកាន់ ហើយ​ទាមទារ​ឲ្យ​សារភាព​ទាំង​ដែល​គេ​មិន​បាន​ធ្វើ​ខុស​នោះ​ឡើយ។

លោក​បញ្ជាក់​ថា បើ​លោក កឹម សុខា សារភាព​ទាំង​មិន​បាន​ប្រព្រឹត្ត​បទល្មើស នោះ​ប្រជាប្រិយភាព និង​តម្លៃ​របស់​លោក កឹម សុខា នឹង​ធ្លាក់​ចុះ ហើយ​សហគមន៍​អន្តរជាតិ​បាត់បង់​ជំនឿ ឬ​ទំនុកចិត្ត។

លោក ស៊ឹង សែនករុណា អះអាង​ថា សំណុំរឿង​របស់​លោក កឹម សុខា ជា​រឿង​នយោបាយ ដូច្នេះ​ភាព​ជាប់​គាំង​នេះ​នឹង​ដោះស្រាយ​បាន លុះត្រាតែ​អ្នក​នយោបាយ​គិត​ពី​ផលប្រយោជន៍​ជាតិ ហើយ​ទម្លាក់​ចោល​ផលប្រយោជន៍​ក្រុម ឬ​បក្សពួក ហើយ​ងាក​មក​ចរចា​គ្នា ទើប​អាច​ដោះស្រាយ​បាន។

ក្នុង​ខួប ៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​សុក្រ ទី​២ កញ្ញា ថា កងកម្លាំង​ប្រដាប់​អាវុធ​បាន​វាយលុក​ចូល​គេហដ្ឋាន​គ្រួសារ​របស់​កញ្ញា​ទាំង​គ្មាន​ដីកា និង​បាន​ចាប់​ឪពុក​របស់​ខ្លួន​ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ។

កញ្ញា​ចាត់ទុក​ការ​ចាប់​ខ្លួន​ឪពុក​កាលពី ៥​ឆ្នាំ​មុន​ថា​ជា​ទង្វើ​ពាល​តាម​បែប​ច្បាប់​ព្រៃ ដោយ​រូបភាព​នា​ពេល​នោះ​មិន​ខុស​ពី​សម័យ ប៉ុល ពត ឡើយ។ កញ្ញា​បាន​ហៅ​ការ​ចាប់​ខ្លួន​ឪពុក​នា​ពេលនោះ​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​កម្ចាត់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កញ្ញា​បញ្ជាក់​ថា ទោះបីជា​អ្វី​ដែល​បាន​ទាមទារ​រយៈពេល ៥​ឆ្នាំ​មក​នេះ មិន​បាន​សម្រេច​ទាំងអស់​ក្ដី ប៉ុន្តែ​អ្នក​ប្រជាធិបតេយ្យ​នៅតែ​បន្ត​តស៊ូ​មតិ​បែប​អហិង្សា​ជា​សកល ដើម្បី​ទាមទារ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដោយ​ចាប់ផ្តើម​ពី​ការ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​វីអូឌី (VOD) ចំ​ថ្ងៃ​ខួប ៥​ឆ្នាំ​នៃ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា សំណុំរឿង​លោក កឹម សុខា នឹង​ត្រូវ​បញ្ចប់​ដោយ​មិន​មាន​ការ​ពន្យារ​ពេល​បន្ត​ទៀត បើ​ទោះបីជា​លោក កឹម សុខា យល់ព្រម​សារភាព និង​ទទួល​កំហុស​ទៅ​តាម​ការ​ចង់​បាន​របស់​តុលាការ​ក៏ដោយ​នោះ។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ប្រសិនបើ​តុលាការ​ខ្មែរ​នៅតែ​ទាមទារ​ដដែលៗ​ឲ្យ​លោក កឹម សុខា សារភាព នោះ​វា​មាន​ន័យ​ច្បាស់​ណាស់​ថា ក្រុម​លោក ហ៊ុន សែន ដែល​ជា​ដើមបណ្ដឹង​គ្មាន​ភ័ស្ដុតាង​ដាក់​បន្ទុក​លើ​លោក កឹម សុខា ហើយ​បើ​តាម​ច្បាប់ កាល​ណា​គ្មាន​ភ័ស្ដុតាង គឺ​ត្រូវ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លោក កឹម សុខា។

លោក​ពន្យល់​ថា ជា​ច្បាប់ កាល​ណា​មាន​ភ័ស្ដុតាង​រឹងមាំ​ហើយ មិន​ចាំបាច់​បង្ខំ​ឲ្យ​លោក កឹម សុខា សារភាព​ឡើយ គឺ​អាច​កាត់​ឲ្យ​គាត់​ថា​មាន​ទោស​បាន​ហើយ។ ដូច្នេះ ពេល​ក្រុម​លោក ហ៊ុន សែន នៅតែ​បង្ខំ​ឲ្យ​លោក កឹម សុខា សារភាព​បែប​នេះ មិន​ខុស​អ្វី​ពី​ក្រុម​លោក ហ៊ុន សែន សារភាព​ថា រដ្ឋាភិបាល​លេង​ល្ខោន​នយោបាយ​ធ្វើ​បាប​គូប្រជែង​នយោបាយ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ទាំង​គ្មាន​ភ័ស្ដុតាង​ដាក់​បន្ទុក។

លោក គឹម សុខ ថា​បើ​មិន​ហ៊ាន​ផ្ដល់​សេរីភាព​នយោបាយ​ពេញលេញ​ឲ្យ​គាត់​អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ទេ នោះ​វា​មិនមែន​ជា​រឿង​មាន​ភ័ស្ដុតាង និង​ច្បាប់​ឡើយ ប៉ុន្តែ​ជា​ករណី​បំភ្លៃ​ច្បាប់​បិទ​សិទ្ធិ​នយោបាយ​របស់​គាត់ ពីព្រោះ​លោក ហ៊ុន សែន ខ្លាច​សកម្មភាព​នយោបាយ​អហិង្សា​របស់​លោក កឹម សុខា។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ចាប់​ខ្លួន​ទាំង​យប់​កាលពី​យប់​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ «សន្ទិដ្ឋភាព» ឬ​ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​មក​ដល់​ឆ្នាំ​២០២២ នេះ មាន​រយៈពេល ៥​ឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​កម្ពុជា​នៅ​តែ​រក​មិន​ទាន់​ឃើញ​ថា លោក កឹម សុខា មាន​ទោស ខណៈ​ដំណើរការ​សវនាការ​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស។

មេធាវី​របស់​លោក កឹម សុខា បញ្ជាក់​ថា ចៅក្រម និង​តំណាង​អយ្យការ ព្រមទាំង​មេធាវី​រដ្ឋាភិបាល​សួរ​សំណួរ​កូនក្ដី​ច្រំដែល ហើយ​ព្រមទាំង​ទាមទារ​លោក កឹម សុខា សារភាព និង​ទទួល​កំហុស ប៉ុន្តែ​ការ​ទាមទារ​នេះ​ត្រូវ​បាន​លោក កឹម សុខា បដិសេធ។ លោក កឹម សុខា បញ្ជាក់​ថា រូបលោក​មិន​បាន​ធ្វើ​ខុស​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។

កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២២ តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប លោក Josep Borrell Fontelles ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​រឿងក្ដី​លោក កឹម សុខា ដើម្បី​ឲ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ដោយ​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ។ លោក​បញ្ជាក់​ថា ការ​បញ្ចប់​រឿងក្ដី​លោក កឹម សុខា ជា​ផ្នែក​មួយ​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​សិទ្ធិ​នយោបាយ និង​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប​ក៏​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង ប្រសិនបើ​កម្ពុជា​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ក៏​បាន​ជំរុញ​មេដឹកនាំ​កម្ពុជា​ឲ្យ​បើក​លំហ​សិទ្ធិ​នយោបាយ​សម្រាប់​លោក កឹម សុខា ព្រមទាំង​លំហ​សេរីភាព​ពលរដ្ឋ​កម្ពុជា និង​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដោយ​ភ្ជាប់​នឹង​អត្ថប្រយោជន៍​មួយ​ចំនួន​សម្រាប់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស