28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ តុលាការ​បារាំង​នឹង​ផ្តល់​យុត្តិធម៌​លើ​ក្ដីក្ដាំ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ខែ​តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ពួកគេ​ជឿជាក់​លើ​តុលាការ​ប្រទេស​បារាំង​ប្រាកដ​ជា​រក​ឃើញ​នូវ​យុត្តិធម៌​លើ​សំណុំរឿង​បរិហារកេរ្តិ៍​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្តឹង​ទៅ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា លោក​ជឿជាក់​លើ​ការ​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង ថា​តុលាការ​នេះ​ប្រាកដជា​រក​ឃើញ​នូវ​យុត្តិធម៌​អំពី​ការ​ចោទ​ប្តឹង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​ដែល​ត្រូវ​បាន​ចោទ​កាលពី ៤​ឆ្នាំ​មុន។

កាលពី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២២ តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ក្រោម​ការ​ចោទប្រកាន់​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល ដែល​ប្តឹង​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​បង្កើត​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី។

ប្រធាន​ក្រុម​មេធាវី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គី តិច បាន​អះអាង​កាលពី​ថ្ងៃទី​២ ខែ​សីហា ថា នៅ​ក្នុង​សវនាការ​តុលាការ​ប្រទេស​បារាំង ទាំង​លោក សម រង្ស៊ី និង​មេធាវី​ការពារ​របស់​លោក ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ ៣​រូប​ហៅ​ឱ្យ​ឆ្លើយតប​នូវ​សំណួរ​មួយ​ចំនួន​របស់​ចៅក្រម ព្រមទាំង​ឲ្យ​បញ្ជាក់​អំពី​ភស្តុតាង​ផង​ដែរ។ លោក​បន្ថែម​ថា លោក សម រង្ស៊ី ពុំ​អាច​ឆ្លើយតប​ឲ្យ​ចំ​សំណួរ​របស់​ចៅក្រម​នោះ​ទេ តែ​បែរ​ជា​ប្រឹង​និយាយ​បង្វែង​ទៅ​ជា​ប្រវត្តិ​តស៊ូ និង​រឿង​នយោបាយ​នៅ​កម្ពុជា​ដែល​ប្រាសចាក​ឆ្ងាយ​ពី​អង្គហេតុ​ទៅវិញ។

លោក គី តិច អះអាង​ថា លោក​បាន​ចោទ​ជា​សំណួរ​ជាច្រើន​ទៅ​កាន់​លោក សម រង្ស៊ី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ទាល់ច្រក​ឆ្លើយ​ដោះសា​ពុំ​រួច ជំនួស​ដោយ​ការ​យំ​សម្រក់​ទឹកភ្នែក​បង្ហាញ​ឲ្យ​ចៅក្រម​ទាំងនោះ​អាណិត​នៅ​ចុងបញ្ចប់​នៃ​សវនាការ។

មេធាវី​ការពារ​ក្តី​របស់​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ឆ្លងកាត់​សវនាការ​អស់​រយៈពេល ៤​ម៉ោង និង ១៥​នាទី លោក គី តិច ជឿជាក់​ថា តុលាការ​ទីក្រុង​ប៉ារីស នឹង​ធ្វើ​ការ​ពិនិត្យ​សម្រេច​សេចក្តី​ដោយ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ផ្តល់​យុត្តិធម៌​ជូន​បុរស​ខ្លាំង​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា ជាមិនខាន។

ទោះជា​យ៉ាងណាក៏ដោយ តុលាការ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង សម្រេច​ថា​ខ្លួន​នឹង​ប្រកាស​សាលក្រម​ទាក់ទង​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះ​វិញ។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​អះអាង​ថា ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ប្តឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី រួច​ហើយ​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល» ទៅ​កាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រទេស​បារាំង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ធ្វើ​អត្ថាធិប្បាយ​បែប​សន្និដ្ឋាន និង​វិភាគ​ថា លោក ហ៊ុន សែន គឺ​ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​នៃ​ការ​ធ្វើ​ឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក ហុក ឡង់ឌី ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លងទៅ។

យ៉ាងណាក៏ដោយ មុន​ពេល​ដាក់​ពាក្យ​បណ្តឹង លោក ហ៊ុន សែន ធ្លាប់​បាន​បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ខ្លួនឯង ក្រុម​គ្រួសារ និង​សាច់ញាតិ ព្រមទាំង​មនុស្ស​ជំនិត ១០០​នាក់​ផង​ដែរ ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​អះអាង​ថា ការ​រៀប​ផែនការ​សម្លាប់​លោក ហុក ឡង់ឌី នេះ ដោយសារ​តែ​លោក ហុក ឡង់ឌី ដឹង​រឿង​អាក្រក់​របស់​លោក ហ៊ុន សែន ច្រើន​ពេក ហើយ​ការ​បបួល​ស្បថ​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ល្បែង​កូនក្មេង​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​សវនាការ​នេះ សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក សម រង្ស៊ី សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា នេះ​ថា រឿង​ក្តី​នៅ​តុលាការ​បារាំង​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គ្រាន់​ជា​រឿង​តូច​មួយ​ដែល​គ្រាន់តែ​បង្ហាញ​ថា តើ​ការ​អះអាង​របស់​លោក សម រង្ស៊ី ជា​ការពិត​ដូច​អ្វី​ដែល​គាត់​បាន​ចោទ​មក​លោក ហ៊ុន សែន មែន​ឬ​ក៏​អត់​តែប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា រឿង​ក្តី​នេះ ប្រសិនបើ​លោក សម រង្ស៊ី ចាញ់ គឺ​ដោយសារ​តែ​ការ​ចោទប្រកាន់​របស់​គាត់​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ការ​និយាយ​របស់​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន ជា​មេខ្លោង​បញ្ជា​ឲ្យ​សម្លាប់​លោក ហុក ឡង់ឌី មិនមែន​ជា​ការពិត​នោះ​ទេ ព្រោះ​ករណី​នេះ​ក៏​គ្មាន​ការ​ស្រាវជ្រាវ​ណា​មួយ​នោះ​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក សម រង្ស៊ី ចាញ់ ព្រោះ​គាត់​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដូច្នេះ​ករណី​នេះ​ក៏​អាច​ឆ្លុះបញ្ចាំង​ពី​ការ​កាត់ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់​អស់​រយៈពេល ៥​ឆ្នាំ​ដោយ​គ្មាន​ភស្តុតាង​រហូត​មក​ដល់​ពេលនេះ ក៏​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ​ពី​រូបលោក​ដែរ ហើយ​មិន​គួរ​បន្ត​សំណុំរឿង​មួយ​ដែល​ខ្លួន​គ្មាន​ភស្តុតាង​ចោទប្រកាន់​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស