នាយករដ្ឋមន្ត្រីវៀតណាម បានស្នើអភិបាលសាលារាជធានីភ្នំពេញ ឲ្យបន្តជួយសម្របសម្រួលដោះស្រាយបញ្ហា និងយកចិត្តទុកដាក់ជួយសហគមន៍វៀតណាម ដែលកំពុងរស់នៅកម្ពុជាដោយឲ្យពួកគេទទួលបានការរៀនសូត្រ និងបំពេញការងារនៅកម្ពុជាឲ្យបានងាយស្រួល។
ការបន្តស្នើជាថ្មីទៀតនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។
សារព័ត៌មានវៀតណាម ឈ្មោះ Quan Doi Nhan Dan បានចុះផ្សាយថា ក្នុងជំនួបទ្វេភាគីនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឲ្យលោក ឃួង ស្រេង បន្តជួយសម្របសម្រួលដោះស្រាយបញ្ហា និងយកចិត្តទុកដាក់ជួយសហគមន៍វៀតណាម ដែលកំពុងរស់នៅកម្ពុជា ដោយឲ្យពួកគេទទួលបានការរៀនសូត្រ និងបំពេញការងារនៅកម្ពុជាបានងាយស្រួល។
ក្រៅពីស្នើឱ្យជួយពលរដ្ឋខ្លួនហើយ លោក Pham Minh Chinh ក៏បានស្នើឲ្យកម្ពុជាបន្តជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងមន្ទីរពេទ្យជោរៃ-ភ្នំពេញ ព្រមទាំងស្នើរដ្ឋាភិបាលកម្ពុជាជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាជននៃប្រទេសទាំងពីរដែលកំពុងរស់នៅតាមព្រំដែនថែមទៀតផង។
ជាការឆ្លើយតប អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាមិនដែលភ្លេចគុណដ៏ធំធេងរបស់វៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ឡើយ។
ការស្នើរបស់រដ្ឋាភិបាលវៀតណាម ក្រោយពីសាធារណជនបានប្រតិកម្មចំពោះការបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
