28.4 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​និង​លោក ចូ បៃដិន សន្យា​កៀក​ស្មា​គ្នា​ប្រឆាំង​រុស្ស៊ី និង​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ ទី​៦ កញ្ញា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស គឺ​អ្នកស្រី ត្រាស់ (Liz Truss)។

ក្នុង​កិច្ចសន្ទនា​គ្នា​នេះ មេដឹកនាំ​ទាំង​ពីរ​សន្យា​ថា នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ការ​រួម​គ្នា​ប្រឆាំង​រុស្ស៊ី និង​ចិន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ឲ្យ​ដឹង​ថា លោក បៃដិន និង​អ្នកស្រី ត្រាស់ បាន​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​អង្គការ​យោធា​ណាតូ (NATO) និង​កិច្ចព្រមព្រៀង​សន្តិសុខ​អាមេរិក អូស្ត្រាលី អង់គ្លេស ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២១ ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា ជាពិសេស​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​បង្ក​ឡើង​ដោយ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ចំណែកឯ​លោក ចូ បៃដិន ក៏​បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter ថា៖ «លោក​ទន្ទឹង​រង់ចាំ​កិច្ច​សហការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​ទាំង​ពីរ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​បញ្ហា​ប្រឈម​ជា​សកល រួម​ទាំង​ការ​បន្ត​ការ​គាំទ្រ​បុព្វហេតុ​នៃ​ប្រទេស​អ៊ុយក្រែន ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី»

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ លោក ចូ បៃដិន និង​លោកស្រី លីស ត្រាស់ អាច​ជួប​មុខ​គ្នា​នា​ឱកាស​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​នឹង​ធ្វើឡើង​នៅ​ចុង​ខែ​កញ្ញា នេះ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី បូរីស ចនសុន រដ្ឋការ​ទាំង​ពីរ​នៃ​ប្រទេស​មហាអំណាច​នេះ បាន​សហការ​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី និង​ការ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន នៅ​តំបន់​ប៉ាស៊ីហ្វិក រួម​ទាំង​សន្យា​ទប់ស្កាត់​មិន​ឱ្យ​អ៊ីរ៉ង់ មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ឡើយ។

កិច្ចសហប្រតិបត្តិការ​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ បាន​ធ្លាក់​ចុះ​មួយ​កម្រិត​កាល​នៅ​ក្នុង​រដ្ឋការ​លោក ដូណាល់ ត្រាំ និង​រដ្ឋការ​នាយករដ្ឋមន្ត្រី​របស់​អ្នកស្រី Theresa May។ ដោយឡែក​ចំពោះ​ប្រទេស​ចិន វិញ នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស អ្នកស្រី លីស ត្រាស់ ត្រូវ​គេ​រំពឹង​ថា អ្នកស្រី​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​ទីក្រុង​ប៉េកាំង ព្រមទាំង​ចូលរួម​ចំណែក​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក។

អ្នកស្រី ត្រាស់ ចាត់ទុក​ប្រទេស​ចិន ថា​ជា​ការ​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដ៏​ខ្លាំង​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​រូប​នេះ​បាន​ថ្លែង​កាលពី​ថ្មីៗ​នេះ​ថា៖ «បណ្តា​ប្រទេស​នានា​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ ហើយ​ប្រទេស​ទាំងនោះ​ក៏​រាប់​បញ្ចូល​ទាំង​ចិន ផង​ដែរ»

អ្នកស្រី​បន្ថែម​ថា ទីក្រុង​ប៉េកាំង កំពុង​កសាង​យ៉ាង​ឆាប់រហ័ស​នូវ​កម្លាំង​យោធា​ដែល​មាន​សមត្ថភាព​ដែល​អាច​ជះឥទ្ធិពល​យ៉ាង​ជ្រៅ​លើ​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប។ តែ​អ្នកស្រី​ទទួលស្គាល់​ថា ការ​កើនឡើង​ឥទ្ធិពល​ចិន គឺជា​រឿង​ចៀស​មិន​រួច ដែល​លោក​ខាងលិច​ចាំបាច់​ត្រូវតែ​ធានា និង​ជួយ​ឱ្យ​តៃវ៉ាន់ មាន​សមត្ថភាព​ការពារ​ខ្លួនឯង។

គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​ចិន ក៏​បាន​សាទរ​អ្នកស្រី លីស ត្រាស់ ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ដែរ តែ​ក្រុង​ប៉េកាំង សង្ឃឹម​ថា មេដឹកនាំ​ថ្មី​ចក្រភព​អង់គ្លេស​រូប​នេះ​នឹង​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ករណី​តៃវ៉ាន់។

ចំណែក​ប្រទេស​រុស្ស៊ី វិញ តាមរយៈ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​វាយប្រហារ​អ្នកស្រី លីស ត្រាស់ ថា​ជា​មេដឹកនាំ​អង់គ្លេស​ដែល​អាច​អាក្រក់​ជាង​លោក បូរីស ចនសុន ទៅ​ទៀត។ លោក Peskov មិន​សង្ឃឹម​ថា​ទំនាក់ទំនង​រុស្ស៊ី និង​អង់គ្លេស​អាច​ស្ដារ​ឡើងវិញ​បាន​ឡើយ។

ប្រតិកម្ម​របស់​វិមាន​ក្រឹមឡាំង បាន​ធ្វើឡើង​នៅ​ខណៈ​អ្នកស្រី លីស ត្រាស់ ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នៅ​ទីក្រុង​គៀវ ខណៈ​នៅ​ពេល​នោះ ទីក្រុង​គៀវ កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ​ពី​សំណាក់​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ តែ​ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី និង​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន ក៏​បាន​ផ្ញើ​សារ​អបអរ​សាទរ​អ្នកស្រី លីស ត្រាស់ ដែល​បាន​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស។ សារ​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ​ដាច់ដោយឡែក​ពី​គ្នា តែ​មាន​អត្ថន័យ​ប្រហាក់ប្រហែល​គ្នា។

លោក ហ្សេឡេនស្គី សង្ឃឹម​ថា​អ្នកស្រី លីស ត្រាស់ នឹង​បន្ត​ប្រកាន់​ជំហរ​របស់​អតីត​នាយករដ្ឋមន្ត្រី ចនសុន ចំពោះ​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ចំណែក​អ្នកស្រី សាយ អ៊ឹងវិន បាន​សង្កត់​ធ្ងន់​ថា ស្ថិរភាព និង​សន្តិភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅតែ​ត្រូវការ​ចក្រភព​អង់គ្លេស រួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​នៃ​ប្រទេស​ប្រជាធិបតេយ្យ។

អ្នក​សារព័ត៌មាន​កត់​សម្គាល់​ថា សមាជិក​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី លីស ត្រាស់ ភាគច្រើន​ជា​ក្រុម​ប្រកាន់​គោលនយោបាយ​តឹងរ៉ឹង​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​ផ្ដាច់ការ។ ក្នុង​នោះ លោក Ben Wallace នៅតែ​បន្ត​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ ដែល​បុរស​នេះ​ប្រកាន់​ជំហរ​ដ៏​ខ្លាំង​ប្រឆាំង​រុស្ស៊ី និង​ឥទ្ធិពល​ចិន។ ចំណែក​រដ្ឋមន្ត្រី​ការបរទេស​ថ្មី James Cleverly ក៏​ត្រូវ​គេ​រំពឹង​ថា លោក​ប្រកាន់​គោល​ជំហរ​មិន​ខុស​នឹង​អ្នកស្រី លីស ត្រាស់ ចំពោះ​ចិន និង​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស