40.9 C
Phnom Penh

តំណាងរាស្ត្រ​អាមេរិកាំង​ទម្លាយ​ថា​បុរស​ខ្លាំង​កម្ពុជា​មាន​ចេតនា​គេចវេះ​មិន​ហ៊ាន​ជួប​តទល់​នឹង​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ដែល​តែ​ជំរុញ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទម្លាយ​ថា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គេចវេះ​មិន​ហ៊ាន​ប្រឈម​មុខ​តទល់​ជាមួយ​នឹង​ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​មួយ​ក្រុម​ដែល​បាន​នាំគ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ក្នុង​ពិធី​ទទួលទាន​ភោជនាហារ​សាមគ្គី ដើម្បី​អបអរ​សាទរ និង​ផ្តល់​កិត្តិយស​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ថា លោក ហ៊ុន សែន ខ្លាច​ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​ដែល​បាន​នាំគ្នា​ទៅ​ពិនិត្យ​អំពី​ស្ថានការណ៍​នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​ផ្ទាល់ កាលពី​ខែ​សីហា កន្លងទៅ ដែល​ជា​ហេតុ​នាំ​ឲ្យ​លោក ហ៊ុន សែន មិន​ហ៊ាន​ជួប​ពួកគេ។

ទោះជា​យ៉ាងណាក៏ដោយ លោក Alan Lowenthal នៅតែ​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

លោក Alan Lowenthal បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា កិច្ចការ​របស់​លោក គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​បើក​លំហ​សេរីភាព ធ្វើ​ឲ្យ​មាន​នូវ​យុត្តិធម៌​សង្គម​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​នេះ​មាន​នីតិរដ្ឋ​ពេញលេញ​ទៅ​ថ្ងៃ​អនាគត។ លោក​បញ្ជាក់​ថា អ្វីៗ​ទាំងអស់​ដែល​លោក​បាន​ធ្វើ គឺ​ដើម្បី​គាំទ្រ​ដល់​អ្នក​ដែល​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស ដើម្បី​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​គឺ​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ​នៅ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

សមាជិក​រដ្ឋសភា លោក Alan Lowenthal ដែល​ជា​សហប្រធាន​ក្រុម​ការងារ​កិច្ចការ​កម្ពុជា​នៃ​រដ្ឋសភា​សហព័ន្ធ​សហរដ្ឋ​អាមេរិក រួម​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក Edward J. Markey ដែល​ជា​ប្រធាន​អនុគណៈកម្មការ​ទំនាក់ទំនង​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សម្រាប់​អាស៊ី​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​បច្ចេកវិទ្យា​អ៊ីនធឺណិត​អន្តរជាតិ និង​សមាជិក​សភា​សហព័ន្ធ​មួយ​ចំនួន​ទៀត បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​នេះ គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ទាំងនោះ​មាន​បំណង​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែរ ប៉ុន្តែ​បំណង​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​នោះ​ទេ។

យ៉ាងណាក៏ដោយ គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ទាំងនោះ​បាន​ត្រឹមតែ​ជួប​ជាមួយ​ក្រុម​តំណាងរាស្ត្រ​មួយ​ចំនួន​ពី​ខាង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ហើយ​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ដោយ​បាន​ពិភាក្សា​គ្នា​អំពី​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាង​ច្រើន​ផង​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កញ្ញា នេះ​ថា ផ្អែក​តាម​ការ​អះអាង​របស់​លោក Alan Lowenthal បាន​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​មហាអំណាច​អាមេរិក​ដដែល។ លោក​បន្ថែម​ថា ការ​ឃ្លាំមើល​នេះ គឺ​ដើម្បី​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​រក្សា​បាន​នូវ​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ពេញលេញ ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

លោក សេក សុជាតិ អះអាង​ថា ប្រសិនបើ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ការ​ដឹកនាំ​ស្របតាម​រដ្ឋធម្មនុញ្ញ​ឱ្យ​កាន់តែ​ល្អ​នោះ វា​គឺជា​កាដូ​មួយ​ដែល​មាន​តម្លៃ​មហាសាល​សម្រាប់​ពលរដ្ឋ និង​សង្គម​ជាតិ​ខ្មែរ​ទាំងមូល ជាពិសេស​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ជាប់​គាំង​ឱ្យ​ជ្រះស្រឡះ ដូចជា​ករណី​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អ្នកទោស​នយោបាយ​ផ្សេងៗ​ទៀត សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​ការ​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត ជាដើម ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​សាទរ និង​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់​ក្នុង​អតីតកាល។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​ជំរុញ​ឱ្យ​កម្ពុជា សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​នយោបាយ​ជាតិ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឱ្យ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ នោះ​កម្ពុជា​នឹង​ទទួល​បាន​សន្តិភាព​មួយ​ដ៏​ពិតប្រាកដ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស