25 C
Phnom Penh

ក្រុមប្រឹក្សា​ជាតិ​នឹង​បើក​កិច្ចប្រជុំ​ចុងក្រោយ​កំណត់​ប្រាក់ឈ្នួល​កម្មករ​អប្បបរមា​នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​ប្រកាស​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​នឹង​បើក​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ ដើម្បី​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតផល​ស្បែកជើង ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ នៅ​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន បាន​បង្ហាញ​បំណង​របស់​ខ្លួន​ចង់​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់ខែ ២១៥​ដុល្លារ​យ៉ាងតិច​ក្នុង ១​ខែ​សម្រាប់​ឆ្នាំ​២០២៣។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤ ទទួល​បាន​គោល​ជំហរ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ ពី ៣​ភាគី ក្នុង​នោះ​តំណាង​ភាគី​ថៅកែ​រោងចក្រ បាន​ឯកភាព​យក​តួលេខ ១៩៦​ដុល្លារ​អាមេរិក ចំណែក​តំណាង​ភាគី​រដ្ឋាភិបាល​បាន​កំណត់​តួលេខ​ចំនួន ១៩៧​ដុល្លារ និង ៨៦​សេន ហើយ​តំណាង​ភាគី​កម្មករ​និយោជិត​បាន​កំណត់​យក​តួលេខ​ចំនួន ២១៣​ដុល្លារ​អាមេរិក។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ នឹង​ត្រូវ​ធ្វើឡើង​ជា​លើក​ទី​៤ ដែល​ជា​លើក​ចុងក្រោយ​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​សរសេរ​ថា គណបក្ស​ភ្លើង​ទៀន​យល់​ឃើញ​ថា ការ​ដំឡើង​ប្រាក់ខែ​ដល់ ២១៥​ដុល្លារ​ក្នុង ១​ខែ គឺ​អាច​ជួយ​ដល់​កម្មករ​កម្មការិនី​ខ្មែរ​បាន​មួយ​ចំណែក បើ​ទោះបីជា​ការ​ដំឡើង​កម្រិត​នេះ​មិនទាន់​សម​ល្មម​ចំពោះ​ការ​ប្រឈម​នឹង​ជីវភាព​រស់នៅ​របស់​កម្មករ​កម្មការិនី​ក្នុង​ស្ថានភាព​ដែល​ទំនិញ​មាន​ម្ហូប​អាហារ តម្លៃ​ទំនិញ មធ្យោបាយ​ធ្វើ​ដំណើរ និង​កន្លែង​ស្នាក់នៅ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​នោះ។

បក្ស​មួយ​នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​សម្រួល​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស ក្នុង​ការ​នាំចូល​វត្ថុធាតុដើម និង​ជំរុញ​ដល់​ការ​ផលិត​វត្ថុធាតុដើម​ក្នុង​ស្រុក ដើម្បី​អាច​ផ្តល់​លទ្ធភាព​ដំឡើង​ប្រាក់ខែ​លើស​ពី ៣០០​ដុល្លារ​ដល់​កម្មករ​កម្មការិនី​ចាប់ពី​ឆ្នាំ​២០២៤ ទៅ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា ដើម្បី​ឱ្យ​កម្មករ​និយោជិត​ទទួល​បាន​ប្រាក់ឈ្នួល​សមរម្យ​អាច​ធានា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ល្អ ទាល់តែ​ពួកគេ​អាច​ទទួល​បាន​ប្រាក់ឈ្នួល​គោល​យ៉ាងហោចណាស់​ចំនួន ២៥០​ដុល្លារ​ក្នុង​មួយ​ខែ ក្នុង​នោះ​រដ្ឋាភិបាល​ក៏​ត្រូវ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ថែម​ទៀត ដូចជា​ការ​ឡើង​ថ្លៃ​សាំង​ដូច​ពេលនេះ​ជាដើម។

លោក មឿន តុលា ត្អូញត្អែរ​ថា ការ​កំណត់​ប្រាក់ឈ្នួល​សម្រាប់​ជីវភាព​កម្មករ គឺ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​យ៉ាង​ខ្លាំង ក្នុង​នោះ​ប្រសិនបើ​គណបក្ស​ប្រឆាំង​អាច​នៅតែ​មាន​សំឡេង​ក្នុង​រដ្ឋសភា គឺជា​ចំណែក​ដែល​អាច​ជួយ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ​និយោជិត​បាន​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

លោក​បន្ថែម​ថា នៅ​ពេលនេះ គណបក្ស​ប្រឆាំង​ក៏​គ្មាន សិទ្ធិ​សម្ដែង​មតិ​របស់​កម្មករ​ក៏​ត្រូវ​បាន​រឹតត្បិត​ទៀត​នោះ ការ​ចរចា​ប្រាក់ឈ្នួល​រវាង​កម្មករ និង​ថៅកែ​ក្រុមហ៊ុន មិន​អាច​កើនឡើង​តាម​ការ​ទាមទារ​របស់​កម្មករ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា ការ​កំណត់​ប្រាក់ឈ្នួល​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា​នា​ពេល​កន្លងមក តែងតែ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ចេតនា​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​កម្មករ។

ជាក់ស្តែង កាលពី​ឆ្នាំ​២០២១ កន្លងទៅ ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​កំណត់​តួលេខ ១៩២​ដុល្លារ​ជា​ប្រាក់​គោល​របស់​កម្មករ​និយោជិត ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម ២​ដុល្លារ​ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​កម្មករ​អាច​ទទួល​បាន​ប្រាក់ឈ្នួល ១៩៤​ដុល្លារ​ក្នុង​មួយ​ខែ។

លោក មឿន តុលា ព្រមាន​ថា ការ​ធ្វើ​បែប​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រជាភិថុតិ​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ការ​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ​របស់​កម្មករ​ពិតប្រាកដ​នោះ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស