លោក ហ៊ុន សែន ត្រូវបានគេស្គាល់ក្នុងពិភពលោកថាជាបុគ្គលដ៏មានឥទ្ធិពលដែលកំពុងគ្រប់គ្រងអំណាចនៅក្នុងប្រទេសកម្ពុជា តាំងពីទសវត្សឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះ។ នៅឆ្នាំ១៩៧០ ក្នុងវ័យ ១៨ឆ្នាំ លោក ហ៊ុន សែន អះអាងថាលោករត់ចូលព្រៃម៉ាគីតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ នាពេលនោះដើម្បីរំដោះជាតិ។
ដូច្នេះ តើប្រវត្តិជីវិត និងនយោបាយរបស់លោក ហ៊ុន សែន មានដំណើរដើមទង និងបត់បែនបែបណា ទើបនៅក្រាញអំណាចបានជាង ៤០ឆ្នាំ និងកំពុងរៀបចំផែនការផ្ទេរអំណាចបន្តទៅឲ្យកូនរបស់ខ្លួនថែមទៀតនោះ?
ជាទូទៅ ប្រហែលជាពលរដ្ឋខ្មែរភាគច្រើនបានស្គាល់លោក ហ៊ុន សែន ច្បាស់ត្រឹមតែឃើញយីហោជានាយករដ្ឋមន្ត្រី ជាបុរសខ្លាំងនៅប្រទេសកម្ពុជា ជាមេដឹកនាំផ្ដាច់ការ ជាមេដឹកនាំបែបជើងកាង ចិត្តឆុរឆេវ ដៃឆៅ និងជាមេដឹកនាំរណបឲ្យកុម្មុយនីស្តវៀតណាម និងកុម្មុយនីស្តចិន ហើយជាមេដឹកនាំដែលខូចឈ្មោះព្រោះតែញាំញីទៅដោយអំពើពុករលួយបំផ្លាញជាតិជាប្រព័ន្ធ រំលោភអំណាចតាមទំនើងចិត្ត រំលោភរដ្ឋធម្មនុញ្ញ និងជាមេដឹកនាំបែបហិង្សា ប៉ុន្តែប្រហែលជាពលរដ្ឋខ្មែរភាគច្រើនមិនបានស្គាល់ប្រវត្តិពិស្ដាររបស់លោក ហ៊ុន សែន ថាជាមនុស្សបែបណានោះទេ ដូចជាប្រវត្តិនៃការសិក្សា ការងារ គុណវិបត្តិ និងគុណសម្បត្តិរបស់លោក ជាដើម។
យោងតាមឯកសារនានា លោក ហ៊ុន សែន មានឈ្មោះដើមថា ហ៊ុន ប៊ុនណាល់ ហៅ ហ៊ុន ណាល់ ហើយបានប្តូរទៅជាឈ្មោះ ហ៊ុន សែន ក្នុងឆ្នាំ១៩៧២ បន្ទាប់ពីលោកចូលរួមបានពីរឆ្នាំជាមួយកម្លាំងរំដោះ «សីហនុនិយម» ក្រោយមកហៅថា «ទ័ពព្រៃខ្មែរក្រហម»។
សមមិត្ត ហ៊ុន សែន ធ្លាប់ជាកម្មាភិបាលយោធានៃទ័ពព្រៃខ្មែរក្រហម ធ្លាប់ប្រើឈ្មោះក្រៅថា ហ៊ុន សម្រេច មានឋានៈជាមេបញ្ជាការកងវរសេនាតូច បន្ទាប់មកជាភូឈួយសេនាធិការកងវរសេនាធំក្រោមបញ្ជាសមមិត្ត ហេង សំរិន ក្រោយពីបានចូលរួមជាមួយចលនាតស៊ូនៅតំបន់បូព៌ាគ្រប់គ្រងដឹកនាំដោយសមមិត្ត ស ភឹម។

លោក ហ៊ុន សែន ដំបូងថាកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ប៉ុន្តែគាត់បានប្តូរថ្ងៃខែឆ្នាំកំណើតថាកើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ វិញ។
កន្លែងកំណើត គឺឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រមាណ ២គីឡូម៉ែត្រពីមន្ទីររបស់ «ប៉ុល ពត ខ–៣០»។ លោកសិក្សានៅក្នុងភូមិ ហើយអះអាងថានៅឆ្នាំ១៩៦៤ លោកបានមករស់នៅក្នុងវត្តនាគវ័ន្ត ក្នុងទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី។ លោកថាលោកដូរឈ្មោះជា រិទ្ធី សែន ពេលនៅរៀនអាយុ ១៣ឆ្នាំ។
ឪពុកលោក ហ៊ុន សែន គឺលោក ហ៊ុន នាង ធ្លាប់បួសជាសង្ឃ មុនសឹករួចទៅចូលរួមជាមួយចលនាខ្មែរឥស្សរៈច្បាំងដេញបារាំងក្នុងចលនាខ្មែរយៀកមិញ។ ដោយជីតាជាចិនទាជីវ ជាអ្នកមាន ហើយលោក ហ៊ុន នាង បានរៀបការនឹងអ្នកស្រី ឌី យ៉ុន ម្តាយលោក ហ៊ុន សែន នៅឆ្នាំ១៩៤០។
លោក ហ៊ុន សែន ទទួលបានសញ្ញាបត្រជាច្រើនដែលខ្លះបានពីការសិក្សា និងខ្លះទៀតបានពីបទពិសោធន៍ការងារពីសាកលវិទ្យាល័យអន្តរជាតិដែលមិនសូវឮឈ្មោះ មិនសូវមាននរណាស្គាល់។

លោក ហ៊ុន សែន បានរស់នៅក្នុងចលនាទ័ពព្រៃ និងរបបកុម្មុយនីស្តខ្មែរក្រហមដឹកនាំដោយលេខាបក្ស ប៉ុល ពត ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៧។
គួរបញ្ជាក់ថា ចលនាតស៊ូខ្មែរកុម្មុយនីស្តនៅតំបន់បូព៌ាទទួលឥទ្ធិពលគ្រប់យ៉ាងដ៏ក្រាស់ក្រែលពីយុទ្ធមិត្តទ័ពព្រៃយៀកណាមខាងជើង–យៀកកុង។
លោក ហ៊ុន សែន បានចូលជាសមាជិកបក្សកុម្មុយនីស្តកម្ពុជាដែលក្រោយមកគេស្គាល់ថាជាក្រុមខ្មែរក្រហម តាំងពីចុងទសវត្សឆ្នាំ១៩៦០ មកម្ល៉េះ។ មួយថ្ងៃមុនថ្ងៃខ្មែរក្រហមទទួលបានជ័យជម្នះ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ លោក ហ៊ុន សែន ថាត្រូវរបួសភ្នែកខាងឆ្វេង ប៉ុន្តែតាមការបញ្ជាក់ពីលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី លោកអះអាងកាលពីលោកនៅរស់ថា ឪពុកលោក ហ៊ុន សែន គឺលោក ហ៊ុន នាង ប្រាប់គាត់ថា ភ្នែកកូនលោកខូចដោយសារតែកើតអុតធំព្យាបាលមិនជា រហូតទាល់តែសែនព្រេនបណ្ដោះបង្កក់ប្រសិទ្ធតាមជំនឿទើបសះស្បើយ។ ឪពុកម្តាយក៏ប្រសិទ្ធីឈ្មោះក្រៅថា «សែនៗ» ព្រោះមកពីជាសះស្បើយដោយការសែនព្រេន។
ក្នុងដំណើរបដិវត្តន៍រំលំរំលើងវណ្ណៈរាជានិយមសក្ដិភូមិ មូលធននិយម នាយទុន ហើយលើកតម្កើងវណ្ណៈអធន កសិករ កម្មករ តាមបែបបដិវត្តន៍វប្បធម៌ចិន ការកាប់សម្លាប់រង្គាលក៏បានកើតមានគ្រប់ទិសទី។ ក្នុងឆ្នាំ១៩៧៥ ការសម្លាប់រង្គាលកើតមានលើជនជាតិចាម ឬខ្មែរអ៊ីស្លាមនៅតំបន់បូព៌ា ក្នុងខេត្តកំពង់ចាម ពីព្រោះអ៊ីស្លាមសាសនិកតំបន់នោះបះបោរ ងើបប្រឆាំងនឹងគោលនយោបាយរំលាយជំនឿសាសនា ហាមមិនឲ្យគោរពបូជាថ្វាយបង្គំព្រះ មិនឲ្យបួស ធ្វើបុណ្យទាននានា បង្ខំស្ត្រីភេទឲ្យផ្លាស់ប្ដូរសម្លៀកបំពាក់ជាប្រពៃណី និងបង្ខំឲ្យហូបសាច់ជ្រូក។
លោក ហ៊ុន សែន អះអាងថា លោកមិនបានជំពាក់ជំពិននឹងព្រឹត្តិការណ៍នោះទេ ព្រោះលោកថាលោកត្រូវបានអង្គការរំសាយចេញផុតហើយ។ ស្ត្រីម្នាក់រស់នៅរាជធានីភ្នំពេញដែលបានចូលរួមក្នុងពិធីប្ដេជ្ញាចិត្ត គឺរៀបការក្នុងពេលជាមួយគ្នានឹងគូលោក ហ៊ុន សែន និយាយថា ក្នុងឆ្នាំ១៩៧៧ លោក ហ៊ុន សែន ជាយោធាគេបញ្ជូនមកនៅសមរភូមិក្រោយតាមសហករណ៍ ហើយដើរឆ្វែលតែកន្លែងចុងភៅដាំស្ល ដើម្បីរកម្ហូបអាហារ គេនាំគ្នាហៅលោកថា «ខ្នាល់ៗ»។
ទោះជាយ៉ាងណាក៏ដោយ រយៈពេលនោះ លោក ហ៊ុន សែន មិនទាន់រត់ទៅប្រទេសយៀកណាមទេ ប៉ុន្តែប្រភពខ្លះទៀតថានៅក្នុងឆ្នាំ១៩៧៥ ក្នុងនាមជាមេបញ្ជាការកងវរសេនាធំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម លោក ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ប៊ុន រ៉ានី នាមដើម ប៊ុន សាមហ៊ាង ហើយមានកូនទាំងអស់ ៦នាក់គឺ៖
- ហ៊ុន កំសត់ កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ប៉ុន្តែស្លាប់
- ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧
- ហ៊ុន ម៉ាណា កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៨០
- ហ៊ុន ម៉ានិត កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨១
- ហ៊ុន ម៉ានី កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២
- ហ៊ុន ម៉ាលី កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៣។

ក្នុងឆ្នាំ១៩៧៧ ប៉ុល ពត និងមេដឹកនាំកំពូលៗដទៃទៀតនៃរបបខ្មែរក្រហមបានធ្វើការបោសសម្អាតផ្ទៃក្នុង ដោយចោទប្រកាន់លើកម្មាភិបាលខ្មែរក្រហមខ្លះថាមានគំនិតបំណងក្បត់អង្គការ។ ពេលនោះ របបខ្មែរក្រហមបានចោទប្រកាន់ ចាប់ខ្លួន និងសម្លាប់ជាបន្តបន្ទាប់ចំពោះមនុស្សមួយចំនួនដែលពួកគេសង្ស័យថាជាជនក្បត់ ឬក្បាលយួនខ្លួនខ្មែរ។
ដើម្បីគេចពីហានិភ័យនោះ លោក ហ៊ុន សែន បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៧៧។ មេដឹកនាំយៀកណាមហៅលោក ហ៊ុន សែន ស្ងាត់ៗតាមភាសាយៀកណាមថា ម៉ាយ ហ៊្វុក (Mai Phúc) មានន័យថា ភ័ព្វសំណាងទៅអនាគត។ ពេលត្រឡប់មកមាតុភូមិវិញ លោកបានក្លាយជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីកងកម្លាំងយោធាវៀតណាម និងអតីតសហភាពសូវៀត ដើម្បីចូលរួមដឹកនាំចលនាតស៊ូប្រឆាំងនឹងរបបខ្មែរក្រហម។
លោក ប៉ែន សុវណ្ណ ធ្លាប់បញ្ជាក់ប្រាប់ពលរដ្ឋខ្មែរថា លោកជាអ្នកទៅរើសយកលោក ហ៊ុន សែន ពីជំរំឃុំគ្រងក្នុងប្រទេសយៀកណាមមកធ្វើការជាមួយលោក។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពប្រជាជនយៀកណាម បើកការវាយប្រហារទ្រង់ទ្រាយធំលុកលុយកាន់កាប់ប្រទេសកម្ពុជា។ កងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមប្រមាណ ១សែន ៥ម៉ឺននាក់ អមដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំងផងនោះ បានឈានជើងជាន់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្នុងយុទ្ធនាការផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេចាត់ទុកថាជារបបប្រល័យពូជសាសន៍ និងជាបក្សទ្រុស្ដមិត្តនឹងយៀកណាម។
ក្រោយទទួលជ័យជម្នះក្នុងការបណ្តេញខ្មែរក្រហមពីអំណាចក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលវៀតណាមបានតែងតាំងលោក ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងបានតែងតាំងគាត់ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងវ័យ ២៦ឆ្នាំ។
រៀងរាល់ឆ្នាំ រណសិរ្សសង្គ្រោះជាតិកម្ពុជាដែលក្រោយមកចេញជាបក្សប្រជាជនបដិវត្តន៍កម្ពុជា រួចដូរជាគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា យ៉ាងឱឡារិក។
សេចក្តីរាយការណ៍ពីអង្គការ Human Rights Watch ដែលបានចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥ ឲ្យដឹងថា វៀតណាមបានលើកបន្តុបលោក ហ៊ុន សែន ដោយសារតែគាត់ជាមនុស្សមានឆន្ទៈមោះមុតក្នុងការអនុវត្តរាល់បទបញ្ជារបស់ទីក្រុងហាណូយ។
ថ្វីបើលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ មែនពិត ប៉ុន្តែវៀតណាមបានគ្រប់គ្រងកម្ពុជាទាំងស្រុងចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ ទើបប្រទេសកុម្មុយនីស្តមួយនេះប្រកាសដោយគ្មានការត្រួតពិនិត្យសហគមន៍អន្តរជាតិថា ដកទ័ព និងអាជ្ញាធរជំនាញការរបស់ខ្លួនចេញពីកម្ពុជា។ ដូច្នេះមានន័យថា លោក ហ៊ុន សែន គ្រាន់តែមានតំណែងជានាយករដ្ឋមន្ត្រីប៉ុណ្ណោះ តែអំណាច និងការគ្រប់គ្រងទាំងអស់ក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងកណ្ដាប់ដៃវៀតណាម។ ហេតុនេះ លោក ហ៊ុន សែន ហាក់បីដូចជានិមិត្តរូបដែលអ្នកសង្កេតការណ៍បស្ចិមប្រទេសថា គ្រាន់តែជាទីងមោង ឬអាយ៉ងតំណាងឲ្យរដ្ឋការក្រុងហាណូយតែប៉ុណ្ណោះនាពេលនោះ។
ក្រោយពីវៀតណាមដកកងទ័ព និងអាជ្ញាធររបស់ខ្លួនចេញពីកម្ពុជា ក្នុងឆ្នាំ១៩៨៩ លោក ហ៊ុន សែន បានបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ១៩៩២ នៅពេលដែលអាជ្ញាធរនៃអង្គការសហប្រជាជាតិ (UNTAC) ចូលមកគ្រប់គ្រងប្រទេសកម្ពុជាបណ្ដោះអាសន្ន។
ថ្វីបើពុំមានវត្តមានកងទ័ព និងអាជ្ញាធរវៀតណាមជាផ្លូវការនៅប្រទេសកម្ពុជាក្នុងអំឡុងពេលនោះក៏ដោយ ប៉ុន្តែលោក ហ៊ុន សែន នៅតែស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមដដែល ពោលគឺការដឹកនាំរបស់គាត់ត្រូវតែស្របតាមបំណងរបស់រដ្ឋាភិបាលវៀតណាម។

ក្រោយការបោះឆ្នោតដែលរៀបចំដោយ UNTAC ក្នុងឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានឈ្នះឆ្នោតទី១ រីឯគណបក្សប្រជាជនកម្ពុជាឈរឈ្មោះជានាយករដ្ឋមន្ត្រីដោយលោក ហ៊ុន សែន បានចាញ់គណបក្សហ៊្វុនស៊ិនប៉ិច។ ជាគោលការណ៍ តំណែងជានាយករដ្ឋមន្ត្រីត្រូវបានទៅគណបក្សឈ្នះឆ្នោតទី១។ ប៉ុន្តែពេលនោះ លោក ហ៊ុន សែន បានរៀបចំគម្រោងបង្កើតតំបន់អបគមន៍ និងដាក់ពង្រាយកងទ័ពក្នុងតំបន់ភាគខាងកើតដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ពោលគឺគំរាមបំបែកប្រទេសកម្ពុជាជាពីរ គឺខាងកើត និងខាងលិចទន្លេមេគង្គ។
បន្ទាប់មក លោក ហ៊ុន សែន បានឡាំប៉ា តវ៉ា និងទាមទារចែកអំណាចរហូតគាត់បានក្លាយជានាយករដ្ឋមន្ត្រីទី២ ក្រោមព្រះរាជកិច្ចដឹកនាំដោយសម្តេច នរោត្តម សីហនុ ជាព្រះអគ្គមគ្គុទ្ទេសក៍បង្រួបបង្រួមផ្សះផ្សាជាតិ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន បានរៀបចំផែនការ និងបង្កើតហេតុផលផ្សេងៗដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ នាខែកក្កដា ឆ្នាំ១៩៩៧។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពរាជានិយមខាងគណបក្សហ៊្វុនស៊ិនប៉ិច និងកងកម្លាំងដែលស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ខាងគណបក្សប្រជាជនកម្ពុជា បានបង្ខំឱ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និរទេសព្រះកាយទៅក្រៅប្រទេស។ នៅខែបន្ទាប់ ព្រះអង្គត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីទី១។
បន្ទាប់មក លោក ហ៊ុន សែន បានលើកបន្តុបលោក អ៊ឹង ហួត ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបពីគណបក្សហ៊្វុនស៊ិនប៉ិច ជានាយករដ្ឋមន្ត្រីទី១ ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ វិធីដែលលោក ហ៊ុន សែន លើកបន្តុប និងប្រើលោក អ៊ឹង ហួត គឺដូចគ្នាទៅនឹងវិធីដែលវៀតណាម បានលើកបន្តុបលោក និងតែងតាំងលោកក្នុងទសវត្សឆ្នាំ១៩៨០ ដូច្នោះដែរ។
ក្នុងអំឡុងពេលក្តោបក្តាប់អំណាចតែឯងក្រោយរដ្ឋប្រហារយោធាក្នុងខែកក្កដា ឆ្នាំ១៩៩៧ នោះ លោក ហ៊ុន សែន បានរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយជាអាយ៉ងរបស់លោកថែមទៀត។ បន្ទាប់ពីការរៀបចំ គ.ជ.ប រួចស្រេចហើយ លោក ហ៊ុន សែន បានយល់ព្រមបើកឲ្យភាគីប្រឆាំងនានា ដោយរួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូលរួមបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ១៩៩៨។
នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចចាញ់គណបក្សប្រជាជនកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានក្លាយជាប្រធានរដ្ឋសភា នៅខែវិច្ឆិកា ឆ្នាំ១៩៩៨។ ពេលនោះ លោក ហ៊ុន សែន ដែលបានឈ្នះឆ្នោត ក៏បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការគ្រប់គ្រង គ.ជ.ប ការលួចបន្លំសន្លឹកឆ្នោត ការចុះបញ្ជីឈ្មោះខ្មោច ការធ្វើប័ណ្ណឲ្យជនជាតិយៀកណាមបោះឆ្នោត និងការកម្ចាត់គណបក្សប្រឆាំងដ៏មានសក្ដានុពលដូចជាគណបក្សសង្គ្រោះជាតិ ជាដើម មិនឲ្យចូលរួមក្នុងការបោះឆ្នោត។
នៅក្នុងក្រសែភ្នែកសាធារណជនជាតិ និងអន្តរជាតិ លោក ហ៊ុន សែន គឺជាមេដឹកនាំផ្ដាច់ការ ឃោរឃៅ ឬរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រព្រឹត្តិអំពើពុករលួយខ្លាំងក្លា និងអសីលធម៌។
កាលពីឆ្នាំ២០១៦ អង្គការ Global Witness បានចេញផ្សាយសេចក្តីរាយការណ៍មួយដោយអះអាងថា ក្រុមគ្រួសារសាច់ញាតិរបស់លោក ហ៊ុន សែន មានលុយរហូតរាប់ពាន់លានដុល្លារអាមេរិកតាមរយៈអំពើពុករលួយ គេចពន្ធ លួចលក់ និងកិបកេងទ្រព្យសម្បត្តិ និងថវិកាជាតិ។
ជាមួយគ្នានេះ អង្គការការពារសិទ្ធិមនុស្សជាច្រើនបានដាក់ការសង្ស័យចំពោះអំពើឃាតកម្មធំៗដែលកើតឡើងក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក អាចជាទង្វើរបស់លោក ហ៊ុន សែន និងសាច់ញាតិរបស់លោកថែមទៀត។
ស្រដៀងគ្នានេះ គេតែងសង្កេតឃើញអាជ្ញាធររបស់លោក ហ៊ុន សែន ពុំដែលរកឃើញឃាតករ ឬជនល្មើសពិតប្រាកដម្តងណាឡើយចំពោះអំពើឃាតកម្មធំៗជាច្រើនដែលបានកើតឡើងទាំងអស់នោះ។ ឃាតកម្មទាំងនោះមានទាំងឃាតកម្មលើតារាភាពយន្ត និងអ្នកចម្រៀងល្បីៗ ដូចជាអ្នកស្រី ពិសិដ្ឋ ពីលីកា ព្រះភិក្ខុ សំ ប៊ុនធឿន ឃាតកម្មនយោបាយធំៗដូចជាបណ្ឌិត កែម ឡី សកម្មជនសហជីព លោក ជា វិជ្ជា សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី អ្នកនយោបាយជាច្រើនរូប និងអ្នកសារព័ត៌មានផងដែរ។

ប៉ុន្តែបើគេនិយាយអំពីគុណសម្បត្តិវិញ គេក៏ពិបាកធ្វើការទូទាត់ដែរ។ បើនិយាយអំពីគ្មានសង្គ្រាមក្នុងប្រទេស គេអាចលើកជាសំណួរថា តើអ្វីទៅជាឫសគល់នៃការបញ្ចប់សង្គ្រាមរវាងភាគីខ្មែរនានា និងការបញ្ចប់ក្រុមខ្មែរក្រហមក្នុងព្រៃ? តើវាមិនមែនជាលទ្ធផល ឬឥទ្ធិពលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ទេឬ?
ប៉ុន្តែបើគេនិយាយអំពីការអភិវឌ្ឍ និងការកសាងផ្លូវស្ពានថ្នល់នានា គេក៏អាចលើកជាសំណួរថា តើកម្ពុជាបានទទួលជំនួយ និងខ្ចីលុយបរទេសចំនួនប៉ុន្មាន ជាពិសេសពីចិន?
បើគេនិយាយអំពីការរីកដុះដាលអគារធំៗស្កឹមស្កៃក្នុងទីក្រុង គេក៏អាចលើកជាសំណួរថា តើអគារទាំងអស់នោះជារបស់នរណា ហើយពលរដ្ឋខ្មែរបានប្រយោជន៍អ្វីខ្លះពីអគារស្កឹមស្កៃទាំងនោះ?
នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ទាំងមជ្ឈដ្ឋានជាតិ ទាំងអន្តរជាតិ គេចាត់ទុកប្រទេសនេះថាជាប្រទេសសម្រាប់លក់ ខណៈរាជាណាចក្រនេះញាំញីទៅដោយការកាប់បំផ្លាញព្រៃឈើហិនហោចពាសពេញប្រទេស ការលុបបឹង លុបទន្លេ ការរំលោភដីធ្លី ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម តាមរយៈការទិញលក់អចលនទ្រព្យ និងបើកបនល្បែងកាស៊ីណូជាង ២០០កន្លែងទូទាំងប្រទេសគិតត្រឹមឆ្នាំ២០២១។
លើសពីនេះទៅទៀត ក្រុមអ្នកមានលុយ និងមានអំណាចនៅកម្ពុជា បានពង្រីកពាណិជ្ជកម្មរបស់ពួកគេនៅក្រោមរូបភាពផ្សេងៗលើទ្រព្យសម្បត្តិរដ្ឋ ដែលមានដូចជា ជលផល កោះ ឆ្នេរសមុទ្រ រ៉ែ និងប្រេងកាត។
សរុបសេចក្តីមក ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរនៅតែត្រូវបានគេចាត់ទុកថាជាប្រជាជាតិមួយក្រីក្របំផុតក្នុងលោក។ ដូច្នេះ គេហាក់ដូចជាពិបាកកំណត់គុណសម្បត្តិរបស់លោក ហ៊ុន សែន ចំពោះជាតិខ្មែរត្រង់ចំណុចទាំងអស់នេះណាស់៕