31 C
Phnom Penh

ទឹកមុខ​លោក ពូទីន ក្រៀមក្រំ​នៅ​មុខ​លោក ស៊ី ជីនពីង ករណី​រុស្ស៊ី​បាក់​ទ័ព​នៅ​សមរភូមិ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល ៧​ខែ​នៃ​សង្គ្រាម​វាយលុក​ប្រទេស​អ៊ុយក្រែន ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី គឺ​ទីក្រុង​មូស្គូ ជួប​រឿង​បរាជ័យ​ដ៏​អាម៉ាស់​បំផុត ២​លើក​មក​ហើយ។

ជា​ញឹកញាប់ តែងតែ​មាន​ការ​ចុះផ្សាយ​ថា ទ័ព​រុស្ស៊ី ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយ​រុញច្រាន​ចេញពី​ទឹកដី​ដែល​ទ័ព​រុស្ស៊ី​វាយ​បាន។ មាន​ន័យ​ថា រុស្ស៊ី​ដែល​ជា​ប្រទេស​មហាអំណាច​លំដាប់​ទី​២ នៃ​ពិភពលោក នៅ​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​ធ្វើ​សង្គ្រាម។

នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ស្រាប់​តែ​រុស្ស៊ី​បាក់​ទ័ព​អាម៉ាស់​បំផុត​នៅ​សមរភូមិ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស ហើយ​មិន​តែប៉ុណ្ណោះ ទ័ព​រុស្ស៊ី​ស្លាប់​គរ​ជើង​គ្នា និង​រត់​ចោល​សព្វាវុធ រថក្រោះ រថពាសដែក កាំភ្លើង​ធំ ប្រព័ន្ធ​រ៉ុក្កែត​សរុប​ចំនួន ១២៥​គ្រឿង​នៅ​លើ​សមរភូមិ។ បន្ថែម​ពី​នេះ​ទៅ​ទៀត សមាជិក​សភា​មួយ​ចំនួន​បាន​ស្ដីបន្ទោស និង​ទាមទារ​ឱ្យ​លោក វ៉្លាឌីមៀរ ពូទីន ចុះ​ចេញពី​តំណែង។

បរាជ័យ​ទាំងនេះ​ហើយ​ដែល​លោក ពូទីន ត្រូវ​ស្ពាយ​ជាប់​នឹង​ខ្លួន​ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ដែល​ជា​សមភាគី​របស់​លោក គឺ​លោក ស៊ី ជីនពីង។

នៅ​ក្នុង​ជំនួប​កំពូល​ទ្វេភាគី​ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ នៅ​ប្រទេស​អ៊ូបេគីស្ថាន ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ប្រាប់​លោក ពូទីន ថា ចិន​ចង់​ដើរ​តួនាទី​ជា​មហាអំណាច​ពិភពលោក​ជាមួយ​រុស្ស៊ី.

នៅ​ក្នុង​ជំនួប​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ទី​២ គឺ​ស្ថានភាព​នៃ​ជំនួប​ពេលនេះ​មិន​ដូច​ជំនួប​កាល​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​មុន​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។ នៅ​ក្នុង​ជំនួប​ពេល​នោះ មេដឹកនាំ​ទាំង​ពីរ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដាក់​គ្នា​ជា​ខ្លាំង។

លោក ស៊ី បាន​សម្ដែង​ឆន្ទៈ​ជា​ខ្លាំង​គាំទ្រ​លោក ពូទីន ក្នុង​ការ​តាំងចិត្ត​ប្រឈមមុខ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ក្រុម​យោធា​ណាតូ​ករណី​ប្រទេស​អ៊ុយក្រែន។ ពួកគេ​ទាំង​ពីរ​ចាប់​ដៃ​គ្នា​រលាក់ ហើយ​ទឹកមុខ​ញញឹម​ពព្រាយ​ក្នុង​ក្ដី​សង្ឃឹម​ទុក​ជា​មុន​ថា ប្រាកដ​ណាស់ រុស្ស៊ី​នឹង​ឈ្នះ​សង្គ្រាម​វាយ​ផ្ដួល​រំលំ​កាន់កាប់​ប្រទេស​អ៊ុយក្រែន គឺ​ដូច​វិមាន​ក្រឹមឡាំង​អួតអាង​ថា នឹង​ប្រើ​ពេល​តែ ៧២​ម៉ោង​ប៉ុណ្ណោះ​នឹង​វាយ​ចូល​រដ្ឋធានី​គៀវ ហើយ​បញ្ចប់​រដ្ឋាភិបាល​របស់​លោក ហ្សេឡេនស្គី។ តែ​ទីបំផុត សង្គ្រាម​ជិត ២១០​ថ្ងៃ​មក​នេះ រុស្ស៊ី​មិន​ត្រឹមតែ​វាយ​មិន​បាន​ទឹកដី​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយ​បាក់​ទ័ព​ថែម​ទៀត។

មក​ដល់​ពេលនេះ រុស្ស៊ី​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន​បាន​ត្រឹមតែ ១០​ភាគរយ​ប៉ុណ្ណោះ ដែល​ពី​មុន​រុស្ស៊ី​វាយ​កាន់កាប់​បាន ២០%។ នេះ​មាន​ន័យ​ថា ទ័ព​អ៊ុយក្រែន​វាយ​កាន់កាប់​បាន​មក​វិញ ១០% គឺ​នៅ​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស។

នៅ​ក្នុង​ជំនួប​កំពូល​នេះ ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​សាទរ​ចំណង​យុទ្ធសាស្ត្រ​រួម​របស់​ប្រទេស​ទាំង​ពីរ​ទប់ទល់​នឹង​ក្រុម​បស្ចិម​ប្រទេស។ តែ​យ៉ាងណា ពុំ​មាន​ចំណុច​ណា​មួយ​ដែល​ពួកគេ​កំពុង​ឈ្នះ​លើ​ពួក​បស្ចិម​ប្រទេស​ពិតប្រាកដ​នោះ​ទេ។ គេ​អាច​និយាយ​ថា លោក ពូទីន សាទរ​គឺ​ដោយសារតែ​ចិន មិន​ព្រម​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​លោក។ ដូច​នេះ​ហើយ លោក ពូទីន សរសើរ​ចិន​ថា​បាន​ធ្វើ​ឱ្យ​មាន​តុល្យភាព​ទប់ទល់​នឹង​ក្រុម​បស្ចិម​ប្រទេស។ តែ​ចំពោះ​ស្ថានការណ៍​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺ​ទាំង​ចិន និង​រុស្ស៊ី សឹងតែ​និយាយ​មិន​ចេញ។

អង្គុយ​ទល់​មុខ​ប្រធានាធិបតី​រុស្ស៊ី នៅ​តុមូល​ដ៏​ធំ​មួយ​អម​ដោយ​មន្ត្រី ទីប្រឹក្សា អ្នក​ជំនួយការ​ចិន និង​រុស្ស៊ី​ជាច្រើន​រូប លោក​ប្រធានាធិបតី ស៊ី ជីនពីង បាន​និយាយ​ប្រាប់​សមភាគី​រុស្ស៊ី​ថា ចិន​នឹង​ខំប្រឹង​ជាមួយ​រុស្ស៊ី​ដើម្បី​ឲ្យ​ក្លាយ​ជា​មហាអំណាច​ដ៏​មាន​ឥទ្ធិពល គឺ​សំដៅ​ធ្វើ​ឲ្យ​ពិភពលោក​មាន​សណ្ដាប់ធ្នាប់។

ទោះ​ជា​បញ្ចេញ​ទស្សនៈ​បែប​នេះ​ក្ដី តែ​ទឹកមុខ​របស់​លោក ពូទីន នៅតែ​ក្រៀមក្រំ ហើយ​ទឹកមុខ​របស់​លោក​ហាក់​ញញឹម​មិន​ចេញ​នោះ​ទេ គឺ​មើល​ទៅ​ពួកគេ​ជួប​រឿង​បរាជ័យ​ដូច​គ្នា។ បរាជ័យ​របស់​ចិន គឺ​នៅ​ដើម​ខែ​សីហា ពុំ​ហ៊ាន​លើក​ទ័ព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់ ទោះបី​ចិន​ខំ​ដំឡើង​ទ័ព​ឡោមព័ទ្ធ​ដែន​កោះ​នេះ​យ៉ាង​ខ្លាំង ក៏​តៃវ៉ាន់​មិន​ចាញ់​ការ​គំរាម​នោះ​ឡើយ។ អ្វី​ដែល​ចិន​មិន​ហ៊ាន​លើក​ទ័ព​វាយ​តៃវ៉ាន់ ក៏​ព្រោះ​តែ​ខ្លាច​ផុង​ខ្លួន​ដូច​រុស្ស៊ី​លើក​ទ័ព​វាយ​អ៊ុយក្រែន។ លោក ស៊ី ដឹង​ពិត​ណាស់​ថា បើ​ចិន​លើក​ទ័ព​វាយ​តៃវ៉ាន់ គឺ​មិន​ដូច​អ៊ុយក្រែន​នោះ​ទេ ដែល​អាមេរិក​ត្រឹមតែ​ជួយ​សព្វាវុធ គឺ​អាមេរិក​នឹង​លើក​ទ័ព​ជួយ​តៃវ៉ាន់​ទៀត​ផង។

នៅ​ក្នុង​ជំនួប​ពេលនេះ លោក ស៊ី មិន​បាន​ចេញ​មុខ​គាំទ្រ​លោក ពូទីន ចំពោះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​នោះ​ទេ គឺ​ខុសពី​ជំនួប​កាលពី​ដើម​ខែ​កុម្ភៈ កន្លងទៅ។

តាម​មើល​ទៅ លោក ពូទីន ពិត​ជា​យល់​ពី​សំណួរ​ចាក់ស្រេះ និង​កង្វល់​របស់​លោក ស៊ី ដែល​បង្ហាញ​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ជោគវាសនា​របស់​លោក ពូទីន និង​ឥទ្ធិពល​របស់​រុស្ស៊ី នៅ​លើ​ពិភពលោក​ទៅ​ថ្ងៃ​ខាងមុខ បើ​រុស្ស៊ី​នៅ​បន្ត​ចាញ់​ប្រៀប​ពួក​បស្ចិម​ប្រទេស​ករណី​សង្គ្រាម​អ៊ុយក្រែន។

ប្រធានាធិបតី​រុស្ស៊ី ដែល​កំពុង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន នៅ​បន្ត​រិះគន់​ក្រុម​បស្ចិម​ប្រទេស​ដែល​ប៉ុនប៉ង​បង្កើត​ពិភពលោក​ប៉ូល​តែ​មួយ។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក ស៊ី លោក ពូទីន បាន​បង្ហាញ​សាជាថ្មី​ពី​ជំហរ​របស់​រុស្ស៊ី ក្នុង​ការ​គាំទ្រ​ចិន ក្នុង​សំណុំរឿង​តៃវ៉ាន់ ដែល​កំពុង​ក្លាយ​ជា​ដើមចម​នៃ​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​អាមេរិក និង​ចិន នៅ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ដែល​ធ្វើ​ដំណើរ​ទៅ​តៃវ៉ាន់​កាលពី​ថ្ងៃទី​២ ខែ​សីហា។

ក្នុង​ការ​អនុវត្ត​គោលការណ៍​ចិន​តែ​មួយ ដែល​មាន​ន័យ​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន លោក ពូទីន និយាយ​ថា រុស្ស៊ី​ថ្កោលទោស​សកម្មភាព​ញុះញង់​របស់​អាមេរិក។ និយាយ​មិន​លាក់លៀម​ជាមួយ​ប្រធានាធិបតី​ចិន លោក ពូទីន សង្ឃឹម​ថា​ជំនួប​ទ្វេភាគី​លើក​នេះ នឹង​ជួយ​ជំរុញ​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន-រុស្ស៊ី។

ចំពោះ​លោក ស៊ី បាន​ប្រាប់​លោក ពូទីន ថា ចិន​ត្រៀម​ធ្វើការ​ជាមួយ​រុស្ស៊ី ដើម្បី​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ទាក់ទង​នឹង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ពីរ។ ចិន​សន្យា​ផង​ដែរ​ថា នឹង​ធ្វើការ​ឱ្យ​ស៊ីជម្រៅ​ក្នុង​ផ្នែក​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​វិស័យ​ផ្សេង​ទៀត។ តែ​លោក ស៊ី មិន​បាន​និយាយ​មួយ​ម៉ាត់​ឡើយ​អំពី​ជំនួយ​យោធា​ក្នុង​ការ​ជួយ​រុស្ស៊ី ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

ដំណាក់កាល​ចុងក្រោយ​នេះ រុស្ស៊ី​ស្ថិត​ក្នុង​ស្ថានភាព​បាត់បង់​លំនឹង​នៃ​សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន គឺ​ភ័យខ្លាច​អាមេរិក​បញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​អ៊ុយក្រែន។

សង្គ្រាម​ដែល​មហាអំណាច​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ទឹកដី​របស់​គេ គឺ​មាន​ជិត ២១០​ថ្ងៃ​មក​ហើយ។ អាវុធ​គ្រាប់រំសេវ​របស់​រុស្ស៊ី​ដែល​បញ្ចេញ​ធ្វើ​សង្គ្រាម គឺ​អស់​ជិត ៦០% ទៅ​ហើយ។

បើ​តាម​ប្រភព​ចារកម្ម​របស់​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា រុស្ស៊ី​នៅ​សល់​អាវុធ​ដើម្បី​ធ្វើ​សង្គ្រាម​បន្ត​ទៀត​នោះ គឺ​អាវុធ​ប្រភេទ​ទើប​ផលិត​ចុងក្រោយ​ប៉ុណ្ណោះ ដូចជា​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង មីស៊ីល​រត់​ចម្ងាយ​ឆ្ងាយ​បំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ។ ដូច្នេះ​ហើយ​បាន​ជា​រុស្ស៊ី​ស្វះ​ស្វែងរក​ការ​ទិញ​អាវុធ​ពី​ប្រទេស​មួយ​ចំនួន ដើម្បី​យក​ធ្វើ​សង្គ្រាម​បន្ត​ទៀត​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

បើ​តាម​សារព័ត៌មាន Newsweek គឺ​រុស្ស៊ី​ទទួល​បាន​ហើយ​នូវ​ការ​ប្រើប្រាស់​យន្តហោះ​ដ្រូន​ពី​ប្រទេស​អ៊ីរ៉ង់។ រុស្ស៊ី​ទិញ​យន្តហោះ​ដ្រូន​ពី​អ៊ីរ៉ង់​នេះ គឺ​រាប់​រយ​គ្រឿង​ឯណោះ។ បន្ថែម​លើ​នេះ រុស្ស៊ី​កំពុងតែ​ស្នើ​ទិញ​គ្រាប់​រ៉ុក្កែត និង​គ្រាប់កាំភ្លើង​ធំ​រាប់​ម៉ឺន​គ្រាប់​ពី​កូរ៉េ​ខាងជើង។

ការ​បាត់បង់​សព្វាវុធ​របស់​ប្រទេស​មហាអំណាច​នៅ​ក្នុង​សង្គ្រាម​រយៈពេល​ជិត ២១០​ថ្ងៃ​មក​នេះ គឺ​ច្រើន​លើសលប់​បំផុត ប៉ុន្តែ​ការ​ដែល​ធ្វើ​ឱ្យ​មហាអំណាច​មួយ​ធ្វើ​សង្គ្រាម​មិន​បាន​ជោគជ័យ​នៅ​លើ​ទឹកដី​នៅ​ជាប់​ទឹកដី​របស់​ខ្លួន គឺ​ដោយសារតែ​អ៊ុយក្រែន​ទទួល​បាន​អាវុធ​ធុន​ធ្ងន់​ពី​ពួក​បស្ចិម​ប្រទេស។ ប្រទេស​ដែល​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​ច្រើន​ជាងគេ​បំផុត គឺ​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស