29.3 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា ថា​កម្ពុជា​គួរ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ដើម្បី​ឱ្យ​អន្តរជាតិ​មាន​ទំនុក​ចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ ដើម្បី​ដោះស្រាយ​បញ្ហា​សកល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​រឿង​សំខាន់ ប៉ុន្តែ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា​ខ្លួនឯង​រឹតតែ​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នៃ​មហាសន្និបាត​មាន​ទំនុកចិត្ត​មក​លើ​កម្ពុជា។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កញ្ញា នេះ​ថា ពិតមែន​ថា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នេះ ផ្ដោត​ទៅ​លើ​ការ​រួម​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ផ្នែក​សុខភាព​ជា​សកល និង​ការ​ប្រែប្រួល​អាកាសធាតុ ជាដើម គឺជា​រឿង​សំខាន់ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ត្រូវ​ទុក​ឱ្យ​បញ្ហា​របស់​ខ្លួន​ក្លាយ​ជា​ឧបសគ្គ​កាន់តែ​រីក​ធំ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​នោះ​ដែរ។

លោក​បន្ថែម​ថា ដើម្បី​ឱ្យ​ពិភពលោក​ទទួលស្គាល់​កម្ពុជា​ពេញ​មុខ​ពេញ​មាត់​ក្នុង​ការ​រួម​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ផ្នែក​សុខភាព​ជា​សកល ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​សេដ្ឋកិច្ច​បៃតង ជាដើម កម្ពុជា​ចាំបាច់​ត្រូវតែ​កែប្រែ​មុខមាត់​របស់​ខ្លួន​ឱ្យ​ល្អ​លើ​ឆាក​អន្តរជាតិ​ជា​មុន​សិន។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា កម្ពុជា​នៅតែ​ជាប់​គាំង​វិបត្តិ​នយោបាយ វិបត្តិ​សិទ្ធិមនុស្ស និង​វិបត្តិ​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅឡើយ ទោះ​កម្ពុជា​ខំ​បញ្ចុះបញ្ចូល ឬ​និយាយ​ទៅ​កាន់​ពិភពលោក​ក្នុង​ន័យ​លើក​តម្កើង​ខ្លួនឯង ជាពិសេស​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ ខាងមុខ​នេះ​យ៉ាងណាក៏ដោយ ក៏​មិន​អាច​ឱ្យ​ប្រទេស​ទាំងនោះ​មាន​ទំនុកចិត្ត​រួម​សហការ​ជាមួយ​ខ្លួន​បាន​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​គួរ​ប្រើ​ឱកាស​នេះ​បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​អំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឈាន​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​នេះ ជាពិសេស​ត្រូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​ករណី​លោក កឹម សុខា ដែល​ពិភពលោក​កំពុង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​ជូន​លោក ដើម្បី​អាច​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ។

នៅ​ថ្ងៃទី​២០ ខែ​កញ្ញា នេះ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង​ញីវយ៉ក លើ​ទឹកដី​អាមេរិក នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា ក្រៅពី​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​គុយបា និង​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ផង​ដែរ។

អំឡុង​ពេល​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស និង​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស