28 C
Phnom Penh

លោក ទៀ បាញ់ ថា​កម្ពុជា​នឹង​បំពាក់​គ្រាប់​មីស៊ីល​ក្រោយ​មូលដ្ឋាន​ទ័ព​រាម​ធ្វើ​ទំនើបកម្ម​រួចរាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា កម្ពុជា​នឹង​បំពាក់​គ្រាប់​មីស៊ីល​ក្រោយ​ពេល​ដែល​មូលដ្ឋាន​សមុទ្រ​រាម​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​រួចរាល់។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នេះ​ជា​សញ្ញា​បង្ហាញ​កាន់តែ​ច្បាស់​ថា មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កងទ័ព​ចិន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ទទួល​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន​នៅ​តំបន់​ហ្វឹកហ្វឺន​ភ្នំ​ជុំរីករាយ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​កម្ពុជា​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​សមុទ្រ​រាម​រួច កម្ពុជា​នៅ​មាន​កិច្ចការ​ដ៏​ស្មុគស្មាញ​ជាច្រើន​ទៀត ដូចជា​បញ្ហា​ជួសជុល​រោង​ជាង បញ្ហា​កាន់កាប់ និង​ប្រើប្រាស់​នាវា​ទំនើបៗ​ដែល​នឹង​ត្រូវ​បាន​បំពាក់​នា​ពេល​ខាងមុខ​នេះ។

លោក ទៀ បាញ់ លើកឡើង​ថា ពាក់ព័ន្ធ​នឹង​អាវុធ​ទំនើបៗ​ទាំងនេះ​មិនមែន​ជា​រឿង​ដែល​ចេះ​តែ​អាច​មើល​នឹង​ភ្នែក ឬ​ចេះ​តែ​ប៉ាន់ស្មាន​បាន​ដោយ​ងាយៗ​នោះ​ទេ ព្រោះ​ថា​អ្វីៗ​គឺ​ត្រូវ​ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ហើយ​បញ្ហា​ទាំងនេះ គឺ​ត្រូវ​ជំរុញ​ឱ្យុ​កម្ពុជា​ចេះ​ប្រើ​អាវុធ​ជំនួយ​ទាំងនោះ​ឱ្យ​បាន​ស្ទាត់​ជំនាញ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ជំនួស​សម្ភារៈ​យោធា​ពី​មហាអំណាច​កុម្មុយនីស្ត​ចិន​ជា​បន្តបន្ទាប់ ក្រោយពី​មាន​ការ​សង្ស័យ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន​បោះ​ទីតាំង​យោធា​របស់​ខ្លួន​នៅ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រគល់​សម្ភារៈ​យោធា​មួយ​ចំនួន​ធំ ដូចជា​រថយន្ត ជាដើម ដែល​ជា​ជំនួយ​ឥត​សំណង​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ស្ថិត​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំរីករាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ កញ្ញា នេះ​ថា ការ​លើកឡើង​របស់​លោក ទៀ បាញ់ គឺជា​ការ​បង្ហាញ​សញ្ញា​កាន់តែ​ច្បាស់​មួយ​កម្រិត​ទៀត ដែល​ពួកគាត់​ស្ទើរតែ​ពិបាក​ប្រកែក​ខ្លាំង​ណាស់​ថា មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម មិន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កងទ័ព​ចិន។

លោក គឹម សុខ អះអាង​ថា ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ គ្មាន​លទ្ធភាព​ឯណា​ទៅ​ធ្វើ​ទំនើបកម្ម​ប្រដាប់​អាវុធ​ដូច​ការ​អះអាង​របស់​លោក ទៀ បាញ់ នោះ​ទេ។ លោក​បន្ត​ថា ទំនើបកម្ម​ប្រដាប់​អាវុធ​នៅ​កម្ពុជា​នេះ គ្មាន​ប្រទេស​ណា​ផ្តល់​ជំនួយ​ក្រៅពី​ចិន​នោះ​ទេ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​របស់​លោក ទៀ បាញ់ នៅ​ពេលនេះ គឺជា​ការ​បន្ថែម​ព័ត៌មាន​ដែល​ស្ទើរតែ​អស់​ភាព​ស្រពេចស្រពិល​អំពី​ការ​សង្ស័យ​នានា​នៃ​ទំនាក់ទំនង​កងទ័ព​របស់​លោក ហ៊ុន សែន និង​ចិន​ទៅ​ហើយ ខណៈ​ការ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​តាំងពី​ពេល​ចាប់ផ្ដើម មិន​ត្រឹមតែ​ទទួល​បាន​ជំនួយ​គ្រប់​យ៉ាង​ពី​ចិន ហើយ​បដិសេធ​កិច្ចសហការ​ជាមួយ​អាមេរិក និង​អូស្ត្រាលី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បំផ្លាញ​ចោល​នូវ​សមិទ្ធផល​មិត្តភាព​កងទ័ព​របស់​ប្រទេស​ទាំងនោះ​ថែម​ទៀត។

កន្លងមក បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​លែង​ឲ្យ​មាន​ការ​ចូល​ទៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កន្លងទៅ​អាមេរិក​តែង​បារម្ភ​ថា​អាច​ជា​ទីតាំង​ឈរ​ជើង​របស់​ទាហាន​ចិន។ លោក​ថា ការ​ធ្វើ​ទស្សនកិច្ច​ខុស​ពី «ការ​ចុះ​ធ្វើ​អធិការកិច្ច» ឬ «ឆែកឆេរ»។ លោក​ថា កំពង់ផែ​រាម​មិនមែន​ជា​កន្លែង​ចោរ​លួច ឬ​ចោរ​ប្លន់​ទេ។

កាលពី​ខែ​វិច្ឆិកា កន្លងទៅ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូប គឺ​នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ដែល​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្ដមនាវី ទៀ វិញ ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ដោយសារ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​គម្រោង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ខ្លួន​កំពុង​បង្កក​ទ្រព្យសម្បត្តិ និង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​ជាមួយ​ពួកគេ​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ក្នុង​គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​អព្យាក្រឹត​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការ​គោរព​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ជាក់ច្បាស់​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​គេ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​ទីនោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស