28 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​ឱ្យ​ជួយ​សម្រួល​ជនជាតិ​វៀតណាម​អាច​រស់នៅ​កម្ពុជា​គឺ​រំលោភ​អធិបតេយ្យ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើការ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​អធិបតេយ្យ​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​មន្ត្រី​រាជការ​ខ្មែរ​ភាគច្រើន​តែង​ព្រួយបារម្ភ​ពី​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដែល​ត្រូវ​បរទេស​ជិតខាង​រំលោភ​បំពាន​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​ដែល​វៀតណាម​កំពុង​បង្ហូរ​ជនជាតិ​របស់​ខ្លួន​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក​បន្ថែម​ថា ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​រដ្ឋាភិបាល​ខ្មែរ​ដឹកនាំ​ដោយ​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប យល់ព្រម​តាម​សំណើ​នាយករដ្ឋមន្ត្រី​វៀតណាម ទទួលយក​ជនជាតិ​របស់​គេ​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន។

លោក​ព្រមាន​ថា មហិច្ឆតា​របស់​វៀតណាម​ក្នុង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា ទោះ​រូបភាព ឬ​វិធីសាស្ត្រ​ណា​ក៏ដោយ គឺ​មិន​អាច​អនុវត្ត​ទៅ​បាន​ទេ ប្រសិនបើ​កម្ពុជា​មាន​រដ្ឋាភិបាល​ជា​របស់​ជាតិ​ខ្មែរ​ពិតប្រាកដ ប៉ុន្តែ​ផ្ទុយទៅវិញ កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ បាន​បើក​ឱកាស​ឱ្យ​វៀតណាម​ឈ្លានពាន​កម្ពុជា​គ្រប់​បែប​យ៉ាង​ជាង ៤​ទសវត្ស​មក​ហើយ។

លោក​បន្ត​ថា ឱកាស​ដែល​លោក ហ៊ុន សែន ចាប់ផ្តើម​បើក​ឱ្យ​វៀតណាម គឺ​រាប់​ចាប់តាំងពី​ការ​ចេញ​សារាចរ​ខុស​ច្បាប់​ឱ្យ​ជនជាតិ​វៀតណាម​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា និង​ការ​បង្កើត​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​២០០៥ ដើម្បី​ធានា​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា ដែល​គាត់​បាន​លួច​ចុះហត្ថលេខា​ជាមួយ​វៀតណាម​នា​ពេល​កន្លងមក។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ដើម្បី​លុបបំបាត់​នយោបាយ​ប្រជាសាស្ត្រ​តាមរយៈ​ការ​បង្ហូរ​ជនជាតិ​វៀតណាម​ដោយ​ខុស​ច្បាប់​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា ក្នុង​បំណង​បន្សាប​ជាតិ​សាសន៍​ខ្មែរ​សព្វថ្ងៃ​នេះ កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អ​ក្រៅពី​លុបចោល​រាល់​សន្ធិសញ្ញា​ដែល​អស់​សុពលភាព​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ​ទេ នោះ​ទើប​កម្ពុជា​អាច​រក​ឃើញ​នូវ​ពន្លឺ​ឯករាជ្យ ហើយ​អាច​ធានា​អធិបតេយ្យភាព​ជាតិ និង​ចៀស​ផុត​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ពី​បរទេស​ជិតខាង​បាន​ត​ទៅ​ថ្ងៃ​អនាគត។

ចំណែក​សកម្មជន​សង្គម លោក ធែល ធីលែន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ប្រុងប្រយ័ត្ន​ពី​ការ​បង្ហូរ​ជនជាតិ​វៀតណាម​ចូល​មក​កម្ពុជា​ទេ ជាតិ​សាសន៍​ខ្មែរ​នឹង​រង​នូវ​ហានិភ័យ​ធ្ងន់ធ្ងរ​បំផុត ខណៈ​រដ្ឋាភិបាល​វៀតណាម​នឹង​មិន​បញ្ឈប់​ផែនការ​បង្ហូរ​ជនជាតិ​របស់​គេ​ដោយ​ខុស​ច្បាប់​ឱ្យ​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​អាណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន មិន​បាន​បដិសេធ​ទៅ​នឹង​សំណើ​នេះ​ទេ។

ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ចុង​ខែ​សីហា ឆ្នាំ​២០២២ ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស