33 C
Phnom Penh

លោក ហ៊ុន សែន អួត​ថា​នយោបាយ​ឈ្នះ​ឈ្នះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​គំរាម​ធ្វើ​សង្គ្រាម​នៅ​ពេល​ខ្លួន​ចាញ់​ឆ្នោត លោក ហ៊ុន សែន អួតអាង​ថា ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា និង​ទទួល​បាន​សន្តិភាព​ពេញលេញ គឺ​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ខណៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​ត្រឹមតែ​ត្រួសត្រាយ​ផ្លូវ​ស្វែងរក​សន្តិភាព​តែប៉ុណ្ណោះ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ បាន​ចេញ​លិខិត​មួយ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ថា ក្រោយ​ដួល​រលំ​របប​ខ្មៅ​ងងឹត​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​កម្ពុជា​បាន​ខំប្រឹង​កសាង​ប្រទេស​ជាតិ​ពី​ផេះផង់​នៃ​សង្គ្រាម និង​វិនាសកម្ម​ក្នុង​ថ្លុកឈាម​ផង និង​ទប់ស្កាត់​ការ​វិល​មកវិញ​នៃ​របប​ពិឃាត ប៉ុល ពត ផង​ដែរ។

លោក ហ៊ុន សែន លើកឡើង​ថា ក្រោម​ម្លប់​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​របស់​បក្ស​កាន់​អំណាច កម្ពុជា​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​ទី​មោទនៈ បន្ទាប់ពី​កម្ពុជា​បាន​ឆ្លងកាត់​នូវ​មេរៀន​ដ៏​ជូរចត់ ដែល​នាំ​ឱ្យ​កម្ពុជា​យល់​ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព និង​ស្ថិរភាព​ដែល​កំពុង​ជ្រោមជ្រែង និង​ការពារ​ដោយ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ។

អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​ថែរក្សា និង​លើក​កម្ពស់​នូវ​តម្លៃ​នៃ​សន្តិភាព​ដែល​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដើម្បី​សុខដុមនីយកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា ដើម្បី​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ លុះត្រាតែ​គ្រប់​ភាគី​ផ្ទៃក្នុង​ជាតិ​អាច​ទទួល​បាន​នូវ​យុត្តិធម៌​ដូច​គ្នា ប៉ុន្តែ​សន្តិភាព​ដែល​ប្រកាស​តែ​ម្នាក់​ឯង​ពី​ខាង​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ គឺជា​សន្តិភាព​លើ​គំនរ​នៃ​ការ​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។ ជាក់ស្តែង ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រឹតត្បិត​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សព្វថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស​ទទួល​រង​នូវ​ភាព​អយុត្តិធម៌។

លោក មាជ សុវណ្ណារ៉ា ពន្យល់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​គ្រប់ៗ​គ្នា ព្រោះ​តែ​អាជ្ញាធរ​នៃ​រដ្ឋអំណាច​សព្វថ្ងៃ​នេះ​បាន​ប្រើ​អំណាច​ដែល​ខ្លួន​មាន ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ស្លូតត្រង់​គ្រប់​ទីកន្លែង​នៅ​ពេល​ដែល​ពួកគេ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​ច្បាប់ ដូច្នេះ​បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង សន្តិភាព​សព្វថ្ងៃ​នេះ​គឺ​ស្ថិត​នៅ​តែ​លើ​មាត់​អ្នក​មាន​អំណាច​ប៉ុណ្ណោះ មិនមែន​ជា​សន្តិភាព​ដែល​ជា​សុភមង្គល​ពិត​របស់​ពលរដ្ឋ​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា​នៅតែ​មាន​ជម្លោះ​ផ្ទៃក្នុង​ជាតិ​ដូច​សព្វថ្ងៃ​នេះ គឺ​នៅតែ​មិន​អាច​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ​នោះ​ឡើយ ព្រោះ​ថា​អ្នក​មាន​អំណាច​នៅតែ​រំលោភ​ច្បាប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ លើ​ក្រុម​អ្នក​នយោបាយ​ដែល​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ មាន​តម្លៃ​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ព្រោះ​សន្ធិសញ្ញា​នេះ គឺជា​កិច្ចសន្យា​អន្តរជាតិ​មួយ​ដែល​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​បរទេស​ដែល​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិនបើ​កម្ពុជា​មិន​បើក​ដៃ​ឱ្យ​គេ​ឈ្លានពាន​ទេ​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ជា​លក្ខណៈ​អន្តរជាតិ​កាលពី​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដើម្បី​បញ្ឈប់​សកម្មភាព​មហាអំណាច​កុម្មុយនីស្ត​ដែល​មាន​បំណង​វាតទី​នៅ​សម័យ​នោះ​ទេ ទោះ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រំដោះ​ជាតិ កសាង​សន្តិភាព​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ ព្រោះ​កម្ពុជា​នៅ​ពេល​នោះ មិនមែន​ត្រឹមតែ​មាន​ជម្លោះ​ផ្ទៃក្នុង​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ការ​លូក​ដៃ​ពី​មហាអំណាច​កុម្មុយនីស្ត​ជិតខាង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស