32.5 C
Phnom Penh

អគ្គស្នងការ​រង​ណែនាំ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​រក្សា​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​គោរព​សិទ្ធិ​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជិត ៣០០​នាក់ រក្សា​ឲ្យ​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​ចំនួន ២៥៧​នាក់​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ភាព​ស្អាតស្អំ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ស្មើភាព ដើម្បី​ថែរក្សា និង​លើក​កម្ពស់​ជា​ប្រចាំ​នូវ​ជំនឿ​របស់​ពលរដ្ឋ​មក​លើ​កម្លាំង​នគរបាល​ជាតិ ក្នុង​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក ឆាយ គឹមខឿន លើកឡើង​ថា មន្ត្រី​នគរបាល​ទាំងអស់​ត្រូវតែ​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​កាន់តែ​រឹងមាំ​ថែម​ទៀត​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ ក្នុង​គោលដៅ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​ខុស​ច្បាប់ សកម្មភាព​លួច ឆក់ ប្លន់ ជាពិសេស​អំពើ​ប្លន់​ប្រដាប់​អាវុធ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប និង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ។

អគ្គស្នងការ​រង​នគរបាល​ជាតិ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ អង្គភាព​នានា​ត្រូវតែ​ប្រើប្រាស់​គ្រប់​មធ្យោបាយ បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​អំពើ​ប្លន់​ប្រដាប់​អាវុធ ឃាតកម្ម អំពើ​ហិង្សា​នានា​ដែល​បង្ក​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​សាធារណៈ ទោះ​ក្រោម​រូបភាព​ណា​ក៏ដោយ ត្រូវ​ខិតខំ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ជន​ប្រព្រឹត្តិ ដើម្បី​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា ការ​ណែនាំ​របស់​លោក ឆាយ គឹមខឿន គឺជា​រឿង​ត្រឹមត្រូវ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ប្រកាន់ខ្ជាប់​ជានិច្ច ប៉ុន្តែ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​តែងតែ​ខុស​ពី​ទ្រឹស្ដី​ទាំងស្រុង ដូចជា​ការ​រើសអើង​ប្រជាពលរដ្ឋ​ដោយសារ​និន្នាការ​នយោបាយ រើសអើង​សកម្មជន​សង្គម និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ជាដើម​នា​ពេល​កន្លងមក។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ក្រសួង​ត្រូវ​តែ​មាន​ពិន័យ​នៅ​ពេល​ដែល​រក​ឃើញ​មន្ត្រី​ណា​ម្នាក់​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង ដើម្បី​ធ្វើជា​គំរូ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ដទៃ។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ចៀសវាង​នូវ​ការ​ឃុបឃិត​គ្នា​នៅ​ពេល​ល្មើស​ច្បាប់​ផង​ដែរ ដែល​ជា​ហេតុ​នាំ​ឱ្យ​រីក​រាលដាល​នូវ​ទង្វើ​ទាំងនេះ​ចូល​ទៅ​ក្នុង​សង្គម​ជាតិ​កាន់តែ​ខ្លាំង​រហូត​ក្លាយ​ទៅ​ជា​អំពើពុករលួយ​ដែល​មិន​អាច​ព្យាបាល​បាន។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​ច្រើន ព្រោះ​ថា​ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​កន្លងមក បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​ប៉ុណ្ណោះ ហើយ​មូលហេតុ​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ការ​ជឿ​ទុកចិត្ត​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ​ជាមិនខាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ឧក្រិដ្ឋជន​ល្មើស​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​មិន​ត្រូវ​បាន​យក​ទៅ​កាត់ទោស​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ពួកគេ​បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ក្នុង​ជួរ​មន្ត្រី​រាជការ​ជាន់ខ្ពស់​ទៅវិញ ក្នុង​នោះ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ដែល​ល្បី​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ជាង​នេះ​ទៀត នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ដែល​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​ផង​ដែរ ដោយឡែក​លោក ឈូក បណ្ឌិត ដែល​ធ្លាប់​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​រះ​ទៅ​លើ​កម្មករ ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​មន្ត្រី​ថ្នាក់​លេខ​៣ មក​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២២ នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស