32.9 C
Phnom Penh

ទូត​អាមេរិក​ថ្លែងការណ៍​អំពី​ករណី​ក្ដី​ចុងក្រោយ​និង​ការ​តម្កល់​សាលក្រម​លើ​លោក ខៀវ សំផន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នៅ​កម្ពុជា (ECCC) នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​បាន​សម្រេច​តម្កល់​សាលក្រម និង​ទោស​ជាប់​ពន្ធនាគារ​ជា​លើក​ទី​២ នៃ​អតីត​ប្រធាន​រដ្ឋ​ខ្មែរក្រហម​ឈ្មោះ ខៀវ សំផន ពី​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​និង​បទ​រំលោភ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា ក្នុង​ពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​បិទ​បញ្ចប់​ករណី​ចុងក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ដំណើរការ​ក្តី​ដែល​អូស​បន្លាយ​អស់​ជាង ១៧​ឆ្នាំ​មក​នេះ ECCC បាន​បន្សល់​ទុក​ជា​កេរដំណែល​មួយ​ដែល​បង្ហាញ​ច្បាស់លាស់​នូវ​បទឧក្រិដ្ឋ​ដ៏​អាក្រក់​បំផុត​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប និង​ការ​រួម​វិភាគទាន​ចំពោះ​ការ​ស្វែងរក​ការពិត ការ​ផ្សះផ្សា​គ្នា និង​យុត្តិធម៌​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ដោយ​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ និង​ដៃគូ​ដទៃ​ទៀត និង​អ្នក​ពាក់ព័ន្ធ​នានា​ខាង​កម្ពុជា សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​វិនិយោគ​សំខាន់ៗ​ផ្នែក​ការងារ​ទូត និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​បង្កើត និង​សកម្មភាព​នៃ​តុលាការ​កាត់ក្តី​ខ្មែរក្រហម។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Patrick Murphy បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា លោក​មាន​មោទកភាព​ចំពោះ​ការ​វិនិយោគ​ទាំងឡាយ ហើយ​សូម​អរគុណ​ចំពោះ​ការ​រួម​ចំណែក​នៅ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​របស់​អ្នក​ការទូត​របស់​អាមេរិក សមាជិក​សភា​សហរដ្ឋ​អាមេរិក និង​អ្នកជំនាញ​ផ្នែក​ច្បាប់ ផ្នែក​សិក្សា​ស្រាវជ្រាវ សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អាមេរិក ដោយ​រួម​ទាំង​ការ​ជួយ​ក្នុង​ការ​បង្ហាញ​នូវ​ទំហំ​នៃ​បទឧក្រិដ្ឋ​របស់​របប​ខ្មែរក្រហម និង​អំពើ​យង់ឃ្នង​នៃ​របប​នេះ។

លោក​បន្ត​ថា កម្មវិធី​ផ្តល់​ជំនួយ​បរទេស​របស់​អាមេរិក នឹង​បន្ត​ជួយ​ដល់​ជនរងគ្រោះ និង​អ្នក​រួច​ជីវិត​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ។ លោក​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា បន្ត​រក្សា​ការ​ទទួល​ខុសត្រូវ​របស់​គេ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ការពារ​កេរដំណែល​នៃ​តុលាការ​នេះ ពិសេស​ដោយ​អភិរក្ស និង​បង្ហាញ​ដល់​សាធារណជន​នូវ​ឯកសារ និង​ព័ត៌មាន​ដ៏​ច្រើន​ស្ដីពី​ការពិត​ដែល ECCC បាន​ចងក្រង និង​ផលិត។

លោក Patrick Murphy បន្ត​ថា មនុស្ស​ជំនាន់​ក្រោយ​ត្រូវ​ការ​មើល​ឯកសារ​ដែល​សហរដ្ឋ​អាមេរិក​បាន​រក្សា​ទុក​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ និង​សិក្សា ដើម្បី​ឲ្យ​មាន​ការ​ចងចាំ​ជានិច្ច​នូវ​ជនរងគ្រោះ​ដោយ​បទឧក្រិដ្ឋ​ដ៏​អាក្រក់​ទាំងនេះ មិន​ភ្លេច​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ខិតខំ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បទឧក្រិដ្ឋ​ទាំងនេះ​កើតឡើង​ជាថ្មី​នៅ​កម្ពុជា ក៏ដូចជា​នៅ​គ្រប់​កន្លែង​ក្នុង​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស