31.4 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អួត​ពី​កងកម្លាំង​នគរបាល​ជាតិ​ជួយ​ទប់ស្កាត់​ការ​វិលត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ កងកម្លាំង​នគរបាល​ជាតិ​បាន​សម្រេច​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​ការ​ជួយ​រដ្ឋាភិបាល ជាពិសេស​ការ​ជួយ​ទប់ស្កាត់​ការ​វិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​ក្នុង​ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ នៃ​ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​៥ ឧសភា ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ឧសភា នេះ​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​វិញ ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ​បន្ទាប់ពី​ប្រទេស​ជាតិ​ត្រូវ​បាន​សង្គ្រោះ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​លើកឡើង​ថា កងកម្លាំង​នគរបាល​ជាតិ​បាន​ចូលរួម​ជួយ​រដ្ឋាភិបាល​យ៉ាង​ច្រើន​នា​ពេល​កន្លង​មក រួម​មាន ការ​ការពារ​សន្តិសុខ​ជាតិ ស្ថិរភាព​ផ្ទៃក្នុង សុវត្ថិភាព​សង្គម រហូត​មក​ដល់​ដំណាក់កាល​សន្តិភាព​សព្វថ្ងៃ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ ឧសភា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ពេលនេះ គឺជា​ចេតនា​មួយ​ដែល​គាត់​ចង់​បញ្ជាក់​ថា អ្នក​ដែល​តវ៉ា​នឹង​បក្ស​កាន់​អំណាច គឺ​សុទ្ធតែ​មាន​បំណង​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិលត្រឡប់​មកវិញ​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្មែរ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់។

លោក​ថា ការ​លើកឡើង​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​អំពី​ការ​បង្រួបបង្រួម​ជាតិ ស្រប​ពេល​ដែល​កងកម្លាំង​នគរបាល​ជាតិ​កន្លង​មក ត្រូវ​បាន​ប្រើប្រាស់​ក្រោម​ល្បិចកល​នយោបាយ​របស់​បក្ស​កាន់​អំណាច​រហូត​មក។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា កងកម្លាំង​នគរបាល​ជាតិ​សព្វថ្ងៃ​នេះ មិន​អាច​រក្សា​អព្យាក្រឹត្យ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ទេ ដោយសារតែ​ប្រព័ន្ធ​រដ្ឋបាល​ជាតិ​ទាំងមូល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ។

កងកម្លាំង​នគរបាល​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​១៩៤៥។ កងកម្លាំង​នគរបាល​ជាតិ មាន​តួនាទី​រក្សា​សណ្ដាប់ធ្នាប់​នៃ​សកម្មភាព​បាតុកម្ម កូដកម្ម និង​បញ្ចៀស​រាល់​សកម្មភាព​ភេរវកម្ម រួម​ទាំង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស