26 C
Phnom Penh

លោក កឹម សុខា អះអាង​ថា​បាន​ពិភាក្សា​ការងារ​ជាច្រើន​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាច្រើន​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា ខ្លួន​លោក​ផ្ទាល់ និង​ក្រុម​គ្រួសារ ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Carmen Moreno បាន​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ដល់​គេហដ្ឋាន​របស់​លោក​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ នា​ឱកាស​បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ដែរ​ថា ការ​ផ្តល់​តម្លៃ​ពី​សហគមន៍​អន្តរជាតិ ដូចជា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាដើម មក​លើ​លោក កឹម សុខា ដែល​តែងតែ​មក​ពិភាក្សា​ការងារ​ជាមួយ​លោក​ញឹកញាប់​បែប​នេះ បាន​បង្ហាញ​នូវ​ជំហរ​របស់​ប្រទេស​ទាំងនោះ​ថា ការ​ដឹកនាំ​នយោបាយ​តាម​បែប​អហិង្សា​របស់​លោក កឹម សុខា គឺជា​នយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ​នេះ។

លោក ហ៊ុន កុសល លើកឡើង​ថា ការ​ផ្តល់​នាម​ដល់​លោក កឹម សុខា ថា​ជា «មហាត្មះ​គន្ធី កម្ពុជា» ដោយ​គណៈប្រតិភូ​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​បង្ហាញ​ពី​គោល​ជំហរ​របស់​មហាអំណាច​លោក​សេរី​មួយ​នេះ​ចំពោះ​ការ​ដឹកនាំ​នយោបាយ​ដោយ​អហិង្សា​ប្រកប​ដោយ​មនសិការ​ជាតិ​របស់​លោក កឹម សុខា ទៅ​កាន់​ពិភពលោក​ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ «ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា» ប៉ុន្តែ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​ហើយ​ដែល​តុលាការ​កម្ពុជា​បាន​អូស​បន្លាយ​សំណុំរឿង​របស់​លោក​រហូត​ដល់​សវនាការ​លើក​ទី​៥៧ ហើយ​នឹង​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​ដោយ​គ្មាន​ពេល​កំណត់​ថា​នឹង​បញ្ចប់។

សំណុំរឿង​នេះ ត្រូវ​គេ​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ជាជាង​ការ​អនុវត្ត​ច្បាប់។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស