32.9 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​២៩​ឆ្នាំ​មក​នេះ​លោក ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ​និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ប៉ះពាល់​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ហៅ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ប្ដេជ្ញា​គោរព​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ថា​ជា​ភាសា​នៃ​ខ្យល់។ ពួកគេ​និយាយ​ថា រយៈពេល ២៩​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ចំពោះ​ជាតិ​ដោយ​អនុវត្ត​បំពាន​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ច្រើន​ណាស់។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​ដាច់ខាត​ត្រូវ​គោរព​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា គិត​ចាប់​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​ជាតិ​មាន​រយៈពេល ២៩​ឆ្នាំ។ លោក​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។

លោក ហ៊ុន សែន ក៏​បាន​លើកឡើង​ពី​ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ លើកឡើង​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កើត​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ គឺ​កើត​ពី​ការ​បោះឆ្នោត​យុត្តិធម៌​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) ក្រោម​ខ្លឹមសារ​ស្មារតី និង​យន្តការ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (PPA) ២៣ តុលា ឆ្នាំ​១៩៩១។

លោក​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ដើម​នេះ​មាន​ខ្លឹមសារ​ល្អ​ណាស់ ស្រប​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ការ​បម្រើ​បុព្វហេតុ​ជាតិ​ខ្មែរ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចែង​យ៉ាង​ត្រឹមត្រូវ​អំពី​សិទ្ធិ​ជា​ម្ចាស់​ប្រទេស​របស់​ពលរដ្ឋ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ដែល​ពេញចិត្ត​នឹង​រដ្ឋធម្មនុញ្ញ​ដើម​នេះ​ឡើយ។

លោក​បន្ត​ថា លោក ហ៊ុន សែន បាន​ព្យាយាម​បំផ្លាញ​រដ្ឋធម្មនុញ្ញ​ជាបន្តបន្ទាប់​តាមរយៈ​ការ​កែ ១០​ដង​ទៅ​ហើយ ដែល​ភាគច្រើន​ធ្វើ​ឲ្យ​កាន់តែ​ងាក​ឆ្ងាយ​ពី​ខ្លឹមសារ​ដើម ក្នុង​គោលដៅ​បម្រើ​ប្រយោជន៍​អំណាច​គ្រួសារ «ហ៊ុន»។ ជា​ឧទាហរណ៍ ការ​កែ​លើក​ទី​១០ នេះ គឺ​គ្រាន់តែ​បើកផ្លូវ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ ដូច្នេះ ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​និយាយ​អំពី​ភាព​ដាច់ខាត​នៃ​ការ​ការពារ​រដ្ឋធម្មនុញ្ញ ការ​គោរព​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ គ្រាន់តែ​ជា​ភាសា​នៃ​ខ្យល់ ថ្លែង​ទៅ​តាម​អារម្មណ៍​របស់​គាត់​ដែល​និយាយ​តាម​នឹក​ឃើញ គ្មាន​មូលដ្ឋាន​នីតិរដ្ឋ និង​ជាតិ​ច្បាស់លាស់​តែប៉ុណ្ណោះ។

លោក គឹម សុខ បន្ត​ថា លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ​រាប់​មិន​អស់ និង​រហូត​ដល់​គំរាម​រំលាយ​រាជបល្ល័ង្គ ប៉ុន្តែ​បែរ​ជា​អះអាង​ពី​ការ​ការពារ​របប​រាជា​និយម។ ដែល​នេះ​គេ​ហៅ​ថា មេដឹកនាំ​ដែល​មាន​សតិ​មិន​ប្រក្រតី។ ក្នុង​រយៈពេល ២៩​ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ចំពោះ​ជាតិ អនុវត្ត​បំពាន​ច្រើន​ណាស់​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដូចជា៖

  • ការ​ធ្វើ​រដ្ឋប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ប្លន់​យក​អំណាច​ដឹកនាំ​រដ្ឋាភិបាល​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​១ ស្រប​ច្បាប់។
  • ធ្វើ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​ប្លន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​លួច​បន្លំ ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​កម្ទេច​គូប្រជែង​ដោយ​អំពើ​ខុស​ច្បាប់ និង​ការ​បញ្ជា​តុលាការ រួម​មាន​ការ​បំផ្លាញ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា​របស់​សម្ដេច សឺន សាន គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ចុងក្រោយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧។
  • ការ​គំរាម​ផ្ទុះ​សង្គ្រាម​ពេល​លោក ហ៊ុន សែន ចាញ់​ឆ្នោត
  • ការ​បិទ​ប្រព័ន្ធ​ព័ត៌មាន​សេរី
  • ការ​បិទ​ការ​ជួប​ប្រជុំ
  • ការ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ដាក់​គុក​ទាំង​យប់​កាលពី​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​បន្ត​បិទ​សិទ្ធិ​នយោបាយ​របស់​គាត់​ទាំង​គាត់​គ្មាន​កំហុស។

លោក​បន្ត​ថា ការ​ហាម​សិទ្ធិ​អ្នក​នយោបាយ​ជា​គូប្រជែង​ចំនួន ១១៨​នាក់ ហើយ​លេង​ល្បែង​វែក​ផ្លូវ​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​តាម​ច្រក​ផ្លូវ​ដ៏​តូច​ចង្អៀត​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន រួម​ទាំង​ការ​កែ​ច្បាប់​បោះឆ្នោត ច្បាប់​គណបក្ស​នយោបាយ​ដែល​មាន​ខ្លឹមសារ​ដំឡើង​អាជ្ញា ខ្ទប់​ដង្ហើម​នយោបាយ​របស់​គូប្រជែង និង​ការ​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ជាដើម។

អ្នក​ឃ្លាំមើល​រូប​នេះ​និយាយ​ថា ទង្វើ​របស់​លោក ហ៊ុន សែន ទាំងអស់​នេះ​សុទ្ធតែ​ជា​ល្បិចកល​គំរាមកំហែង​ធ្ងន់ធ្ងរ​ប្រាសចាក​ទាំងស្រុង​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដែល​ចែង​អំពី​ការ​ប្រកួតប្រជែង​ដោយ​សេរី និង​គ្មាន​ការ​ភ័យខ្លាច ខណៈ​មាន​មាត្រា​ច្រើន​ណាស់​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​លោក ហ៊ុន សែន មិន​បាន​អនុវត្ត​សោះ ដូចជា​ការ​ធ្វើ​សមាជ​ជាតិ ព្រោះ​គាត់​ខ្លាច​ប្រឈម​នឹង​ប្រជាពលរដ្ឋ និង​មិន​ហ៊ាន​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ការពារ​ជាតិ ព្រោះ​ខ្លាច​ព្រះមហាក្សត្រ​ដែល​ត្រូវ​ធ្វើ​ជា​ប្រធាន​មាន​ឥទ្ធិពល​លើ​ផ្លូវ​ចិត្ត​មេៗ​កងទ័ព។

លោក​បញ្ជាក់​ថា វា​ពិត​ជា​អស់​សំណើច​ខ្លាំង​ណាស់​ដែល​លោក ហ៊ុន សែន និយាយ​ពី​ការ​ប្ដេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​របប​សង្គម​ក្រោម​ការ​ដឹកនាំ​របស់​គាត់ មាន​លក្ខណៈ​ឯក​បក្ស ១០០% ហើយ​បង្កើត​បក្ខពួក​និយម ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​កាន់តែ​អាក្រក់ បំផ្លាញ​ធនធាន​ធម្មជាតិ ធ្វើ​ឲ្យ​ពលរដ្ឋ​ទន់ខ្សោយ ប្រទេស​ជាតិ​ក្រីក្រ​ហិនហោច ហើយ​ពលរដ្ឋ​ហូរ​ទឹកភ្នែក​មិន​លុះ​ថ្ងៃ មាន​ដល់​ហូរ​ឈាម ធ្លាក់​ខ្លួន​ពិការ និង​បាត់បង់​ជីវិត​ច្រើន​នាក់​ផង។

លោក​ថា ទាំងអស់​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​ការ​តម្រូវ​ឲ្យ​អង្គការ​រដ្ឋ ត្រូវតែ​ដោះស្រាយ​សំណូមពរ​របស់​ពលរដ្ឋ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បែរ​ជា​ដឹកនាំ​ការងារ​ប្រទេស​ឲ្យ​តម្លៃ​ត្រឹមតែ​អនុក្រឹត្យ និង​សេចក្ដី​ជូនដំណឹង​កាត់​ដី​ឲ្យ​កូនៗ​ខ្លួន សាច់ញាតិ​ខ្លួន និង​ឲ្យ​ពួក​ឈ្មួញ​ទុច្ចរិត ថែមទាំង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ថែម​ទៀត។ នេះ​ហៅ​ថា​បំពាន​រដ្ឋធម្មនុញ្ញ និង​ក្បត់​ប្រជាពលរដ្ឋ​ច្បាស់​ណាស់។

ចំណែក​ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុក​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល ថា​ជា​រឿង​ត្រឹមត្រូវ ខណៈ​ការ​អនុវត្ត​កន្លងមក លោក​សង្កេត​ឃើញ​ថា មិន​បាន​ឆ្លើយតប​ទៅ​តាម​លក្ខខណ្ឌ​ផ្សេងៗ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។ ជាក់ស្ដែង លោក​ថា​សិទ្ធិ​ជួបជុំ ប្រមូលផ្ដុំ​ដោយ​អហិង្សា​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន រាំង​ខ្ទប់ ជាដើម។

ករណី​នេះ លោក​ស្នើ​លោក​ឲ្យ​លោក ហ៊ុន សែន ធ្វើការ​ណែនាំ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល។

គិត​ចាប់តាំងពី​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ១០​លើក​រួច​មក​ហើយ ខណៈ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ក៏​ត្រូវ​យក​មក​ធ្វើ​វិសោធនកម្ម​ជាមួយ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស