38 C
Phnom Penh

រុស្ស៊ី​ទំនង​មិន​ញញើត​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មហាអំណាច​ចំនួន​ពីរ​ប្រឈមមុខ​គ្នា​ជា​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។ រុស្ស៊ី ដែល​ផុង​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រទេស​មហាអំណាច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​យ៉ាង​ខ្លាំង។

ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ បាន​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​ដើម្បី​កម្ទេច​កងទ័ព​អ៊ុយក្រែន និង​កងទ័ព​ប្រទេស​ណា​ដែល​ចូល​ដល់​ដែនដី​នៃ​តំបន់​ស្វយ័ត​របស់​ខ្លួន។ តំបន់​ស្វយ័ត​នេះ​មាន​ខេត្ត Kherson និង Zaporizhzhia នៅ​ភាគ​ខាងត្បូង។ ចំណែក​តំបន់ Luhansk និង Donetsk Zaporizhzhia នៅ​ឯ​ភាគ​ខាងកើត គឺ​តំបន់​ទាំង ៤ នេះ ត្រូវ​បាន​កងទ័ព​រុស្ស៊ី វាយ​កាន់កាប់​ប្រហែល ១៥% នៃ​ទឹកដី​របស់​អ៊ុយក្រែន ហើយ​សម្រេច​ដាក់​ក្នុង​ឧបសម្ពន្ធ​របស់​ខ្លួន។

ការ​បោះឆ្នោត​ប្រជាមតិ​របស់​រុស្ស៊ី បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​សភា​រុស្ស៊ី អាច​នឹង​អនុម័ត​ការ​បញ្ចូល​ឧបសម្ពន្ធ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នៅ​ពេល​តំបន់​ទាំង ៤ នេះ ត្រូវ​បាន​សភា​អនុម័ត​ហើយ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ចុះ​ក្រឹត្យ​ឱ្យ​ក្លាយ​ជា​ដែនដី​របស់​រុស្ស៊ី។

រុស្ស៊ី បាន​គំរាម​ក្នុង​ការ​ប្រើ​អាវុធ​ធុន​ធ្ងន់ ដោយ​រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ។ ការ​ដែល​រុស្ស៊ី​បង្ហាញ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ នាំ​ឲ្យ​ប្រទេស​ជាច្រើន​ថ្កោលទោស និង​ភ័យខ្លាច​ជា​ខ្លាំង។ ប្រទេស​ដែល​ប្រឆាំង​ខ្លាំង​ជាងគេ​ចំពោះ​ការ​គំរាម​របស់​រុស្ស៊ី គឺ​អាមេរិក ដែល​ជា​ប្រទេស​ធំ​ទី​២ មាន​គ្រាប់​នុយក្លេអ៊ែរ​ជាង ៥៥៥០​គ្រាប់ បន្ទាប់​ពី​រុស្ស៊ី​មាន​ជាង ៦២០០​គ្រាប់។ ប្រទេស​ទាំង​ពីរ​នេះ​មាន​សន្ធិសញ្ញា​ជាមួយ​គ្នា​ស្ដីពី​ការ​ហាម​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។

តែ​អ្នកវិភាគ​ម្នាក់​មើល​ឃើញ​ថា ពុំ​មាន​ច្បាប់​ណា​អាច​ចាប់​បង្ខំ​ប្រទេស​ណា​មួយ​ត្រូវតែ​គោរព និង​អនុវត្ត​សន្ធិសញ្ញា​នេះ​បាន​ទាំងស្រុង​នោះ​ទេ ហើយ​សូម្បី​រុស្ស៊ី ក៏​មិន​អាច​ចាប់​បង្ខំ​អាមេរិក​បាន​ដែរ បើ​អាមេរិក​ត្រូវ​ប្រើ​អាវុធ​នេះ​ដើម្បី​អំណាច​យោធា​របស់​ខ្លួន។

អ្នកវិភាគ​ម្នាក់​មើល​ឃើញ​ថា បើ​ទោះជា​អង្គការ​សហប្រជាជាតិ​មាន​ច្បាប់​នេះ​ក៏ដោយ ក៏​មិន​អាច​ឃាត់ឃាំង​បាន​ដែរ។ ក្នុង​ស្ថានភាព​នេះ អ្នកវិភាគ​ម្នាក់​បាន​និយាយ​ថា មិន​មាន​សន្ធិសញ្ញា​ច្រើន​ទេ​ដែល​អាច​គ្រប់គ្រង ឬ​ដាក់​កម្រិត​លើ​ប្រទេស​រុស្ស៊ី ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន សម្រេច​ចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន។

លោក Sharon Ann Squassoni សាស្ត្រាចារ្យ​ស្រាវជ្រាវ​នៃ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ George Washington បាន​ប្រាប់​សារព័ត៌មាន CNA ថា៖ «មាន​តែ​វិធី​មួយ​គត់​ដែល​អាច​រារាំង​រុស្ស៊ី​ពី​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​បាន គឺ​មាន​តែ​បទដ្ឋាន​ហាមឃាត់​មិន​ប្រើប្រាស់​អាវុធ​នេះ​ចាប់តាំងពី​សហរដ្ឋ​អាមេរិក​បាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគី ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ»

តាម​អ្នកវិភាគ​រូប​នេះ ការ​ដែល​អាមេរិក​វាយប្រហារ​លើ​ប្រទេស​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដោយ​អាវុធ​ប្រភេទ​នេះ គឺជា​សញ្ញា​ដែល​រុស្ស៊ី​ចង់​ប្រើ​ដែរ។ អ្នកវិភាគ​រូប​នេះ​ថា មិន​មាន​សន្ធិសញ្ញា​ច្រើន​ទេ​ដែល​អាច​គ្រប់គ្រង ឬ​កំណត់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ហើយ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រធានាធិបតី ពូទីន។

លោក​បញ្ជាក់​ថា នេះ​ហើយ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ព្រោះ​លោក ពូទីន ជា​មេដឹកនាំ​ដែល​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ ដោយសារតែ​ពុំ​មាន​មេដឹកនាំ​វិមាន​ក្រឹមឡាំង​ណា​ម្នាក់​ហ៊ាន​ជំទាស់​ជាមួយ​បុរស​ខ្លាំង​នេះ​ទេ។

ក្នុង​ស្ថានភាព​តានតឹង សហរដ្ឋ​អាមេរិក​គំរាម​រុស្ស៊ី​យ៉ាង​ខ្លាំង​មិន​ឲ្យ​ក្រុង​មូស្គូ បង្ក​សង្គ្រាម​ប្រល័យ​លោក​នោះ​ទេ។ តែ​ទោះជា​បែប​នេះ​ក្ដី កាលពី​សប្តាហ៍​មុន លោក ពូទីន ដែល​បាន​បញ្ជា​ឱ្យ​កេណ្ឌ​ទ័ព​បម្រុង​ចំនួន ៣០​ម៉ឺន​នាក់​នោះ លោក​មិន​បាន​លាក់កំបាំង​ពី​ការ​គំរាមកំហែង​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​របស់​លោក​នោះ​ទេ។ បន្ថែម​ពី​នេះ​ទៀត លោក​បាន​និយាយ​ថា រុស្ស៊ី​នឹង «ប្រើ​គ្រប់​មធ្យោបាយ» ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន។

តែ​ក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ត​គំរាម​ប្រឆាំង​នឹង​រុស្ស៊ី។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS News កាលពី​ថ្ងៃទី​២៥ កញ្ញា លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​អះអាង​ថា អាមេរិក​បាន​ទាក់ទង​ជាមួយ​រុស្ស៊ី​ជា​លក្ខណៈ​ឯកជន។ នា​ឱកាស​នោះ លោក​ថា​អាមេរិក​បាន​ប្រាប់​ឱ្យ​រុស្ស៊ី​ឲ្យ​បញ្ឈប់​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​ព្រមាន​ថា ការ​ប្រើ​អាវុធ​ប្រភេទ​នេះ​អាច​នឹង​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អះអាង​ថា មន្ត្រី​អាមេរិក​ពិត​ជា​បាន​និយាយ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រុស្ស៊ី ដើម្បី​ប្រាប់​ដោយ​ចំៗ​អំពី​អ្វី​ដែល​អាមេរិក​ចង់​ឱ្យ​រុស្ស៊ី​ដឹង​ថា អាមេរិក​អាច​ឆ្លើយតប​នឹង​រុស្ស៊ី បើ​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​ក្រុង​មូស្គូ ផ្ទុះឡើង​នោះ។

ជាមួយ​គ្នា​នេះ លោក អង់តូនី ប្លីងកិន បាន​ប្រកាស​ថា នៅ​ក្នុង​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី អាមេរិក​បាន​ព្រមាន​កុំ​ឱ្យ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​បង្ក​មហន្តរាយ​សម្រាប់​ប្រទេស​អ្នក​បាញ់​ផ្ទាល់​ផង និង​មនុស្ស​ជាតិ​ជាច្រើន​ផ្សេង​ទៀត គឺ​ច្បាស់​ណាស់​រុស្ស៊ី​នឹង​អាច​ដឹង​អំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។

កាលពី​ថ្ងៃ​ពុធ ទី​២១ កញ្ញា ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​ព្រលយ​ថា រុស្ស៊ី​ត្រៀម​ប្រើ​គ្រប់​មធ្យោបាយ​រាប់​ទាំង​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ។

ជាមួយ​គ្នា​នេះ នៅ​លើ​វេទិកា​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​រុស្ស៊ី លោក ស៊ែរហ្គៃឡាវ្រូស បាន​បញ្ជាក់​ថា រុស្ស៊ី​មាន​សិទ្ធិ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ប្រទេស និង​ដែនដី​រណប​ថ្មី​ទាំង​៤ នេះ ព្រោះ​ជា​សិទ្ធិ​របស់​រុស្ស៊ី។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា លោក​មិន​គិត​ថា លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី កំពុងតែ​ព្រងើយ​កន្តើយ​នោះ​ទេ​ចំពោះ​បំណង​របស់​រុស្ស៊ី ក្នុង​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ។ លោក ហ្សេឡេនស្គី អះអាង​ថា ទីក្រុង​មូស្គូ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​មួយ​ក្នុង​ការ​ការពារ​ប្រទេស​របស់​ខ្លួន​នោះ។ លោក​ថា គេ​មិន​ត្រូវ​មើល​រំលង​នូវ​ភាព​អំនួត​របស់​រុស្ស៊ី​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស