ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលរៀបរាប់ពីឆាកជីវិតមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីទសវត្សឆ្នាំ១៩៦០ ក្នុងជីវិតកុមារភាពរស់នៅឃ្លាតឆ្ងាយពីឪពុកម្តាយមកផ្ញើខ្លួននឹងព្រះសង្ឃ ស្នាក់ក្នុងទីអារាម ដែលលើកតម្កើងខ្លួនឯងឲ្យលប់លើព្រះមហាក្សត្រ បានសម្ពោធចាក់បញ្ចាំងជាសាធារណៈទូទាំងប្រទេសហើយ។
ខ្សែភាពយន្តនេះនឹងមានចាក់នៅតាមបណ្ដាញផ្សព្វផ្សាយស្ថានីយទូរទស្សន៍ទាំងអស់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បន្ទាប់ពីប្រើពេលផលិតអស់រយៈពេលជិត ១ឆ្នាំ។
ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវបាននិពន្ធឡើងដោយលោក ហ៊ុន សែន ផ្ទាល់ មានប្រវែងជាង ៣០នាទី ដែលបានបង្ហាញពីឆាកជីវិតរបស់លោកកាលពីនៅកុមារភាពដែលរស់នៅឃ្លាតឆ្ងាយពីឪពុកម្តាយ និងភូមិស្រុក មកផ្ញើខ្លួននឹងព្រះសង្ឃ ស្នាក់ក្នុងទីអារាមក្នុងទីក្រុងភ្នំពេញ កាលពីអំឡុងទសវត្សឆ្នាំ១៩៦០។
ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅថ្ងៃពុធនេះទូទាំងប្រទេស តាមបណ្ដាញផ្សព្វផ្សាយស្ថានីយទូរទស្សន៍ទាំងអស់ បន្ទាប់ពីបានធ្វើពិធីសម្ពោធនៅឯទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងតារាសម្ដែងប្រុសស្រីជាច្រើនរូបផ្សេងទៀត។
ការផលិត និងចាក់ផ្សាយភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលលាតត្រដាងពីឆាកជីវិតរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន នេះ ត្រូវបានគេរិះគន់ថាជាការព្យាយាមលើកតម្កើងខ្លួនឯងតាមបែបរាជវង្ស។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ កញ្ញា នេះថា ការនិពន្ធភាពយន្តដែលគ្មានការវាយតម្លៃថាជាប្រវត្តិពិតរបស់លោក ហ៊ុន សែន មែនឬក៏អត់នេះ អាចជារបៀបប្រឹងប្រតិដ្ឋរឿងតាមរយៈភាពយន្តតម្រង់គោលដៅធំក្នុងជីវិតចុងក្រោយរបស់គាត់ ជាពិសេសការខំប្រឹងប្រែងលើកតម្កើងខ្លួនឯងឲ្យលប់លើព្រះមហាក្សត្រ នៅពេលដែលលោក ហ៊ុន សែន បានរំលោភព្រះរាជតួនាទីព្រះមហាក្សត្រទាំងស្រុងទៅហើយនោះ។
លោកបន្ថែមថា ការព្យាយាមផ្សព្វផ្សាយរំលេចពីសកម្មភាពខ្លួនឯងបែបនេះ គឺជាចេតនាបំភ័ន្តភ្នែកមហាជនឲ្យមើលឃើញលោក ហ៊ុន សែន តែម្នាក់អំពីការតស៊ូរបស់គាត់ ដើម្បីឲ្យពលរដ្ឋទទួលស្គាល់ខ្លួនដូចវីរបុរសជាតិមុនៗដែរ។
លោក គឹម សុខ លើកឡើងថា កាលណាប្រទេសមួយប្រកាន់យករបបរាជានិយម ប៉ុន្តែមិនលើកតម្កើងពីព្រះរាជតួនាទី ឬសកម្មភាពរបស់ព្រះមហាក្សត្រដូចប្រទេសថៃ ដែលគេធ្លាប់ធ្វើ ប៉ុន្តែបែរជាខំប្រឹងផ្សព្វផ្សាយ និងប្រតិដ្ឋរឿងលើកតម្កើងលោក ហ៊ុន សែន និងក្រុមគ្រួសារ «ហ៊ុន» ដូចសព្វថ្ងៃនេះ គឺមិនខុសអ្វីពីលោក ហ៊ុន សែន កំពុងជ្រែករាជ្យតាំងខ្លួនជាស្ដេចនោះឡើយ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា រឿងដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺមានការប្រឹងប្រែងប្រតិដ្ឋរឿងភាពយន្តសរសើរលោក ហ៊ុន សែន ផង ស្របពេលដែលរបៀបធ្វើពិធីការរបស់មន្ត្រីហែហមលោក ហ៊ុន សែន បានរៀបចំដូចគ្នាទៅនឹងពិធីការរបស់រាជវង្សដែរទៅហើយនោះ។
លោកបន្តថា ជាក់ស្តែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ៊ុន សែន បានអនុញ្ញាតឲ្យចៅស្រីពីរនាក់របស់គាត់អង្គុយក្បែរខ្លួន មុនមន្ត្រីរាជការជាន់ខ្ពស់នៃស្ថាប័នរដ្ឋនានាដែលបានទៅចូលរួមក្នុងមហាសន្និបាតនោះ ដែលការរៀបចំនេះ គឺមានតែនៅក្នុងពិធីការរបស់រាជវង្សតែប៉ុណ្ណោះ៕