29 C
Phnom Penh

ដី​បឹង​តាមោក​ជិត​១៦​ហិកតារ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឱ្យ​បុគ្គល​ពីរ​នាក់​ទៀត​គ្រប់គ្រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្ទៃដី​បឹង​តាមោក ប្រមាណ ១៦​ហិកតារ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឲ្យ​បុគ្គល ២​នាក់​ទៀត​គ្រប់គ្រង ខណៈ​ផ្ទៃដី​បឹង​តាមោក​ជាង ៦០% ត្រូវ​បាន​លោក ហ៊ុន សែន កាត់ និង​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន និង​សាច់ញាតិ​របស់​លោក រួម​ទាំង​ឧកញ៉ា​មួយ​ចំនួន និង​តារា​ចម្រៀង ដើម្បី​ធ្វើជា​កម្មសិទ្ធិ។

ឯកសារ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​នេះ ឲ្យ​ដឹង​ថា ដី​បឹង​តាមោក​ទំហំ ១៥,៦​ហិកតារ ក៏​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ ថៃ អ៊ុយ និង​ឈ្មោះ តាំង គីម។

កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ៣​ហិកតារ​ក្នុង​ខណ្ឌ​ព្រែកព្នៅ ប្រគល់​ទៅ​ឲ្យ​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ខណៈ​ដី​ជាច្រើន​ហិកតារ​ទៀត​ត្រូវ​បាន​លោក ហ៊ុន សែន កាត់ និង​ផ្ទេរ​ទៅ​ឱ្យ​បុគ្គល​ដែល​ជាប់​សែស្រឡាយ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ទាំង​កូនស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ភរិយា​សមាជិក​ព្រឹទ្ធសភា និង​ភរិយា​របស់​មេបញ្ជាការ​កងពលតូច​លេខ​៧០ ផង​ដែរ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ភ្លាមៗ​មិន​អាច​កំណត់​អត្តសញ្ញាណ​បុគ្គល​ទាំង​ពីរ គឺ​ឈ្មោះ ថៃ អ៊ុយ និង​ឈ្មោះ តាំង គីម បាន​នៅឡើយ​ទេ។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ​មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​យក​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

របាយការណ៍​មួយ​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​ជាង ២០០០​ហិកតារ (២០៩៤,៧១៦៥​ហិកតារ) ឬ​ស្មើ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​សាធារណៈ ដែល​សរុប​នៃ​ការ​កាត់​ទាំងអស់​មាន​ចំនួន ៤៣​ដង។ បើ​តាម​ផែនទី​នោះ ផ្ទៃ​បឹង​តាមោក ឬ​បឹង​ទំនប់​កប់ស្រូវ​ស្ទើរតែ​ទាំងស្រុង​ត្រូវ​បាន​កាត់​គ្រប់​ទីកន្លែង​នៃ​ផ្ទៃ​បឹង​ទៅ​ហើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស