38 C
Phnom Penh

កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប្រេងឆៅ​ដែល​គេ​លួច​ជិត​៣០​ម៉ឺន​បារ៉ែល​នៅ​ដើម​ខែ​តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា នៅ​ដើម​ខែ​តុលា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​ការ​ទូទាត់​លើ​ការ​លក់​ប្រេងឆៅ​ដែល​គេ​លួច​ជិត ៣០​ម៉ឺន​បារ៉ែល ឬ​ស្មើ​ជិត ៤៧​លាន​លីត្រ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ បន្ទាប់ពី​ប្រេង​នេះ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​រួចរាល់​កាលពី​ពេល​ថ្មីៗ​នេះ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ចុះផ្សាយ​ឲ្យ​ដឹង​ថា ប្រេងឆៅ​របស់​កម្ពុជា​ដែល​បាន​បាត់​ទៅ​ជិត ៣០​ម៉ឺន​បារ៉ែល​កាលពី​ពេល​មុន ហើយ​រក​ឃើញ​មក​វិញ​នោះ បាន​ផ្ទេរ​ចេញពី​កប៉ាល់ MT Strovolos ទៅ​កប៉ាល់​មួយ​ទៀត​រួចរាល់​ហើយ ប៉ុន្តែ​ការ​ទូទាត់​តម្លៃ​ប្រេង​មាន​រយៈពេល ៣០​ថ្ងៃ​ក្រោយពី​ការ​ផ្ទេរ​នេះ។ ចំណូល​ពី​ប្រេង​ទាំងនេះ កម្ពុជា​នឹង​ទទួល​បាន​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២២។

លោក ជៀប សួរ បញ្ជាក់​ថា ថ្លៃ​ប្រេង​ដែល​លក់​នេះ​មិនទាន់​កំណត់​ច្បាស់លាស់​នោះ​ទេ ដោយសារតែ​មិនទាន់​មាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​យក​មធ្យមភាគ​នៅ​ក្នុង​ខែ​កញ្ញា នេះ ប៉ុន្តែ​បើ​គិត​ជា​រួម ចំណូល​ពី​ការ​លក់​ប្រេង​នេះ កម្ពុជា​នឹង​ទទួល​បាន​តម្លៃ​មធ្យមភាគ​ខ្ពស់​នៃ​ប្រេង​ដែល​លក់​បាន ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​ទូទាត់​លើ​ការ​ចំណាយ​ផ្សេងៗ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​បញ្ហា​រួចរាល់​ហើយ​ចំពោះ​ប្រេងឆៅ​ចំនួន ២៩​ម៉ឺន ៥​ពាន់​បារ៉ែល ដែល​ត្រូវ​គេ​លួច​ទៅ​កាលពី​ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ប្រេងឆៅ​របស់​កម្ពុជា​ចំនួន ២៩​ម៉ឺន ៥​ពាន់​បារ៉ែល ត្រូវ​បាន​ក្រុមហ៊ុន MT Strolovos លួច​ដឹក​ចេញពី​ដែនទឹក​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ ហើយ​ការ​លួច​ដឹក​ប្រេង​របស់​កម្ពុជា​នេះ ភាគី​ក្រុមហ៊ុន​នាវា​ដឹក​ប្រេង​បាន​អះអាង​ថា ដោយសារតែ​ក្រុមហ៊ុន KrisEnergy ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​បូម​ប្រេង​ក្នុង​ប្លុក A របស់​កម្ពុជា មិន​បាន​បង់​ប្រាក់​មក​ឱ្យ​ខ្លួន​ក្រោយពី​ក្រុមហ៊ុន​នេះ​ប្រកាស​ក្ស័យ​ធន។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ធ្លាប់​បាន​អះអាង​កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​ការ​ចរចា​យ៉ាង​សកម្ម​ជាមួយ​ភាគី​ម្ចាស់​កប៉ាល់ MT Strovolos ដែល​បាន​ដឹក​ប្រេង​កម្ពុជា​យក​ទៅ និង​ម្ចាស់បំណុល​ធំ​របស់​ក្រុមហ៊ុន KrisEnergy រហូត​ឈាន​ដល់​ការ​ចរចា​ចុះ​កិច្ចព្រមព្រៀង​បែងចែក​ផលប្រយោជន៍​ពី​ការ​លក់​ប្រេងឆៅ​ទាំង ២៩​ម៉ឺន ៥​ពាន់​បារ៉ែល​នៅ​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្នុង​នោះ​កម្ពុជា​នឹង​ទទួល​បាន​ចំណែក ៧០% នៃ​ប្រេងឆៅ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ កញ្ញា ថា លោក​ពិត​ជា​ចូលរួម​ត្រេកអ និង​ស្វាគមន៍​នូវ​ចំនួន​ប្រេងឆៅ​ជិត ៣០​ម៉ឺន​បារ៉ែល​ដែល​មាន​ទំហំ​សាច់ប្រាក់​ខ្ទង់ ២០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ត្រឡប់​ចូល​មក​ជា​ទ្រព្យសម្បត្តិ​ជាតិ​វិញ​នៅ​ពេលនេះ។

លោក ហ៊ុន កុសល លើកឡើង​ថា លោក​គ្មាន​ជំនឿ​លើ​ការ​បកស្រាយ​របស់​អាជ្ញាធរ​កម្ពុជា​ទេ ព្រោះ​ថា​ការ​បកស្រាយ​របស់​ពួកគេ​កន្លងមក​មិន​បាន​បង្ហាញ​ពី​តម្លាភាព​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ក្រៅតែ​ពី​ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​នាវិក​ផ្ទុក​ប្រេង MT Strovolos ដែល​លួច​ដឹក​ប្រេង​ចេញ​ពី​កម្ពុជា​នា​ពេល​កន្លងមក។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ចេញ ឬ​ចូល​របស់​កប៉ាល់​ខ្នាត​អន្តរជាតិ​នីមួយៗ​សុទ្ធតែ​មាន​លេខ​សម្គាល់​សិទ្ធិ​ចូល​ចត និង​មាន​ច្បាប់​គ្របគ្រង​ត្រឹមត្រូវ មិនមែន​ចូល​ចត​ដោយ​អនាធិបតេយ្យ​នោះ​ទេ។ ផ្ទុយទៅវិញ សូម្បីតែ​កប៉ាល់​មួយ​គ្រឿង​ក៏​សមត្ថកិច្ច​កម្ពុជា​គ្មាន​សមត្ថភាព​គ្រប់គ្រង​បាន គឺជា​រឿង​ដែល​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ថា ជា​ការ​លួច​របស់​ក្រុមហ៊ុន MT Strovolos ទាល់តែសោះ។

លោក ហ៊ុន កុសល គូស​បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​ថា លុយ​ខ្ទង់ ២០​លាន​ដុល្លារ​ដែល​បាន​មកពី​ការ​លក់​ប្រេង​នេះ នឹង​ធ្លាក់​ចូល​ក្នុង​កញ្ចប់​ថវិកា​ជាតិ​ទេ ព្រោះ​ថា​ចាប់តាំងពី​ការ​បាត់​ប្រេង​រហូត​ដល់​រក​ប្រេង​ឃើញ​ត្រឡប់​មកវិញ និង​ការ​លក់​ប្រេង​នេះ សុទ្ធតែ​ជា​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ប៉ុន្តែ​គ្មាន​ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​ឯករាជ្យ​ណា​មួយ​នោះ​ឡើយ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ ក្រុមហ៊ុន គ្រីស អែនណឺជី ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​ពី​ការ​ក្ស័យ​ធន​របស់​ខ្លួន​ដោយសារ​ជាប់​បំណុល និង​ថា​ប្រេង​ដែល​បូម​បាន​នៅ​ប្លុក​អេ (A) នេះ​មាន​ចំនួន​តិចតួច មិន​គ្រប់គ្រាន់​ដូច​ការ​រំពឹង​ទុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស