បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជំរុញឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិអ្នកដែលលោកចាត់ទុកថា «ជឿតាមការញុះញង់របស់មន្ត្រីគណបក្សប្រឆាំងមួយចំនួនមិនចង់សងប្រាក់ត្រឡប់ទៅធនាគារវិញ»។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត ៤ពាន់នាក់នាព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ុន សែន អះអាងថា បេក្ខជនមេឃុំ-ចៅសង្កាត់មកពីគណបក្សប្រឆាំងមួយចំនួន បានដើរខ្សឹបប្រាប់ពលរដ្ឋថា នៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោតជាប់ជាមេឃុំ ឬចៅសង្កាត់ គឺមិនតម្រូវឲ្យពលរដ្ឋដែលជំពាក់បំណុលធនាគារសងប្រាក់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។
លោកបន្តថា ការដើរខ្សឹបណែនាំរបស់ពួកគេ ធ្វើឡើងតាមការញុះញង់របស់មេខ្លោងដែលលោក ហ៊ុន សែន ហៅថាក្រុមឧទ្ទាមក្រៅច្បាប់នៅខាងក្រៅប្រទេស។
បុរសខ្លាំងរូបនេះអះអាងថា លោកជំរុញឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិចំពោះអ្នកដែលអ្នកដើរខ្សឹបទៅពលរដ្ឋកុំឲ្យសងប្រាក់ត្រឡប់មកធនាគារ ប្រសិនបើមិនប្រញាប់រកលុយសង ខណៈពួកគេក៏បានទៅខ្ចីប្រាក់ពីធនាគារដើម្បីទិញសម្ភារៈ ឬយកប្រើប្រាស់អ្វីផ្សេងៗ ប៉ុន្តែបែរជាមានចេតនាអាក្រក់មិនព្រមសងប្រាក់ទៅម្ចាស់បំណុលទៅវិញ។
បុរសខ្លាំងរូបនេះអះអាងថា កន្លងមក រូបលោកខំទទូចសុំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់យោគយល់ ដោយធ្វើការរៀបចំឥណទានឡើងវិញចំពោះកូនបំណុលដែលជំពាក់ធនាគារ ហើយអនុវត្តបានត្រឹមត្រូវតាមកិច្ចសន្យាខ្ចីប្រាក់។ លោក ហ៊ុន សែន អះអាងថា មូលហេតុដែលស្នើសុំបែបនេះ ដោយសារកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩។
បើតាមរបាយការណ៍សិក្សាមួយដែលគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) រកឃើញថា ពលរដ្ឋខ្មែរជាង ១សែន ៦ម៉ឺន ៧ពាន់នាក់ (១៦៧០០០នាក់) កំពុងលក់ដីដើម្បីបង់សងបំណុលធនាគារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅបញ្ជាក់ថា ការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយ “ខ្ពស់ខ្លាំង” និង “មិនអាចទទួលយកបាន” ក្នុងនោះការលក់ដីដោយសារបំណុលចំនួនជាង ៣ម៉ឺននាក់ (៣៣៥៨០នាក់) ឬស្មើនឹង ១៣% ក្នុងមួយឆ្នាំ។
បើតាមអង្គការលីកាដូ ឱ្យដឹងថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩ មក អង្គការសិទ្ធិមនុស្សកម្ពុជាមួយចំនួនបានចេញរបាយការណ៍ជាច្រើន ដោយបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនលើសលប់ ដែលកំពុងកើតមាននៅកម្ពុជា។
ចំពោះវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ វិញ បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដូច្នេះ ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាជនងាយរងគ្រោះ រដ្ឋាភិបាលបានបង្គាប់ឲ្យធនាគារជាតិបង្កើតគោលការណ៍បន្ធូរបន្ថយបំណុលដោយណែនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យផ្លាស់ប្ដូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រាក់កម្ចី ដូចជាការលើកលែងថ្លៃសេវា ឬលើកលែងការផាកពិន័យ ជាដើម។
តែយ៉ាងណា គោលការណ៍បន្ធូរបន្ថយនេះហាក់មិនមានប្រសិទ្ធភាព ឬមិនសម្រេចបានលទ្ធផលដូចដែលចង់បានឡើយ។
បើតាមអង្គការសិទ្ធិមនុស្ស Human Rights Watch រកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានគាំទ្រអនុវត្តសារាចររបស់ធនាគារជាតិ មានមួយចំនួនតែប៉ុណ្ណោះ ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដំណើរការបន្ធូរបន្ថយបំណុលបរាជ័យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះទៀតមិនបានគោរព និងអនុវត្តតាមសារាចរធនាគារជាតិទេ។ ជាក់ស្ដែង គេក៏ពុំឃើញមានការបង្កើតភ្នាក់ងារថ្មី ឬការចាត់តាំងស្ថាប័នដែលមានស្រាប់ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តគោលការណ៍រៀបចំប្រាក់កម្ចីឡើងវិញ (restructuring loan) នោះទេ ខណៈការផ្អាកចំពោះការប្រមូលបំណុលអំឡុងពេលនោះ វាគ្រាន់តែជាការលួងលោមកូនបំណុលតែប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការធានាជីវភាព និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាក្រីក្រឡើយ៕